អន្តរជាតិ
ទីម័រ ជំរុញឱ្យអ្នកវិនិយោគកម្ពុជា ទៅរកស៊ីនៅប្រទេសខ្លួន ដែលសម្បូរដោយធនធានធម្មជាតិ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ជួបសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ នាវិមានរដ្ឋសភា
× ភ្នំពេញ៖ ទីម័រ ជំរុញឱ្យអ្នកវិនិយោគកម្ពុជា ទៅបោះទុនរកស៊ីនៅប្រទេសខ្លួន ដែលសម្បូរទៅដោយធនធានធម្មជាតិ។ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានបញ្ជាក់ថា ទីម័រ សម្បូរធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស។ បើតាមលោក អើម៉ីនីហ្គីដូ បច្ចុប្បន្ននេះអ្នកវិនិយោគនៅទីម័រ ភាគច្រើនមកពីឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀត ប៉ុន្តែមិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះឡើយ។
ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖«ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត»។
បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរនេះ នៅមានចំនួនតិចតួចនៅឡើយ ដែលមានទំហំពី៣ម៉ឺន ទៅ៤ម៉ឺនដុល្លារប៉ុណ្ណោះ។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកលែងទិដ្ឋាការ លើលិខិតឆ្លងដែន ។ ចំណែកសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាទាក់ទងទៅនិងការពង្រីកវិស័យទេសចរណ៍ផងដែរ។
កាលពីពេលថ្មីៗ ទីម័រក៏បានស្នើសុំទិញអង្ករពីកម្ពុជា ដែលគិតជាងទំហំទឹកប្រាក់ជាង១០លានដុល្លារផងដែរ។ប្រទេស ទីម័រខាងកើត មិនធ្លាប់ទិញអង្ករពីកម្ពុជាទេ នាពេលកន្លងមក។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។សម្ដេច ក៏ជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែខ្លាំងក្លាថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និងធនធានមនុស្ស ដើម្បីផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ។
សូមបញ្ជាក់ថា ប្រទេសទីម័រ បានដាក់បេក្ខភាពជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ មក ។ថ្នាក់ដឹកនាំអាស៊ាន បានសម្រេចឲ្យក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ប្រជុំពិនិត្យបេក្ខភាពប្រទេសនេះ។
កន្លងមកកម្ពុជា បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេសគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និង អាស៊ាន នៅថ្ងៃអនាគត ទៀតផង។ នេះជាការបញ្ជាក់របស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា៕
Tag:
ពាណិជ្ជកម្ម
សេដ្ឋកិច្ច
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com