សង្គមជាតិ
អន្តរជាតិ
ហេតុអ្វី​ជប៉ុន​ប្រយ័ត្ន​ក្នុងការ​រិះគន់​ចិន​រឿង​ច្បាប់​សន្តិសុខ​ហុងកុង​?
08, Jun 2020 , 10:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅទីក្រុងប៉េកាំងនាពេលកន្លងមក។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅទីក្រុងប៉េកាំងនាពេលកន្លងមក។ រូបភាព Xinhua
​គម្រោង​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ធ្វើ​ឲ្យ​ចិន​រង​ការរិះគន់​យ៉ាងខ្លាំង​។ ប្រទេស​លោកខាងលិច​មួយ​ចំនួន​មាន​អាមេរិក កាណាដា អូស្ត្រាលី និង​អង់គ្លេស​ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ដើម្បី​រិះគន់​ចិន​។ ជប៉ុន​វិញ ក៏​មិន​ស្ងៀម​ដែរ ដោយបាន​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការ​វិ​វ​ត្តិ​នៅ​ហុងកុង ប៉ុន្តែ​មិន​ខ្លាំងក្លា​ដូច​មហាអំណាច​ផ្សេង​ឡើយ​។ គេ​មើលឃើញថា ក្រុង​តូ​ក្យូ​កំពុង​ព្យាយាម​ថ្នាក់ថ្នម​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​។​

 
​ស្របពេល​អាមេរិក អូស្ត្រាលី អង់គ្លេស និង​កាណាដា​ពួតដៃគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ចិន​ខ្លាំង​រឿង​ការបង្កើត​ច្បាប់​សន្តិសុខ​ដែល​អាច​ប៉ះពាល់​សិទ្ធិ​ស្វ័យភាព​ហុងកុង ជប៉ុន​ឯណោះ​វិញ ហាក់​មាន​ជំហរ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។ តាម​កាសែត​ជប៉ុន​ក្យូ​ដូ ជប៉ុន​បានសម្រេច​ចិត្ត​មិន​ចូលរួម​ជាមួយ​ប្រទេស​ទាំង​៤​នេះ​ដើម្បី​វាយប្រហារ​ចិន​ឡើយ​។​
 
​ដ្បិត​មិន​ចូលរួម​ជាមួយ​គេឯង​ក្តី ជប៉ុន​ក៏បាន​ចេញ​យោបល់​បង្ហាញ​ក្ដីបារម្ភ​ផងដែរ​តាំងពី​ពេល​សភា​ចិន​អនុម័ត​ដំណោះស្រាយ​មួយ​ដែល​បើកផ្លូវ​ឲ្យ​មានការ​តាក់តែង​ច្បាប់​សន្តិសុខ​ដែល​ហាមឃាត់​ការផ្ដាច់​ខ្លួន ការធ្វើ​វិទ្ធង្សនា និង​អំពើ​ភេរវកម្ម​។ កាលនោះ ទីក្រុង​តូ​ក្យូ ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ដើម្បី​ប្រាប់​ពី​ជំហរ​របស់ខ្លួន​ផងដែរ​។ 
 
​មកដល់​ថ្ងៃទី​៨ ខែមិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក៏​ចេញមុខ​ដោយផ្ទាល់ ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ស្ថានការណ៍​នៅ​ហុងកុង​។ លោក អា​បេ ប្រាប់​សមាជិកសភា​ជប៉ុន​ថា ទីក្រុង​តូ​ក្យូ តាមដាន​ដោយ​ក្ដីបារម្ភ ហើយ​ចង់ឃើញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» បន្ត​អនុវត្ត​នៅ​ហុងកុង​ដដែល ព្រោះ​ហុងកុង​ក៏​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ជប៉ុន និង​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។​
 
​អាចមាន​មូលហេតុ​ពីរ​ដែល​ជប៉ុន​មិន​ចូល​ដៃ​ជាមួយ​អាមេរិក​ដើម្បី​រិះគន់​ចិន​។ ទីមួយ ជប៉ុន​ចង់​រក្សា​ទំនាក់ទំនង​បច្ចុប្បន្ន​ដែលមាន​ភាពល្អប្រសើរ​គួរសម មិន​ឲ្យ​រអិល​ទៅរក​ភាព​យ៉ាប់យ៉ឺន​ដើម្បី​រក្សា​បរិយាកាស​ល្អ​ត្រៀម​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ តាម​គម្រោង លោក ស៊ី ត្រូវ​ទៅកាន់​តូ​ក្យូ​នៅ​ខែមេសា ប៉ុន្តែ​ជំងឺ COVID-19 បាន​រារាំង​ដំំ​ណើ​រ​ទស្សនកិច្ច​នេះ​។ ភាគី​ទាំងពីរ បន្ត​ទំនាក់ទំនង​គ្នា​ដើម្បី​កំណត់​កាលបរិច្ឆេទ​ថ្មី​។​
 
​ជប៉ុន ពិតជា​ចង់​ឲ្យ​លោក ស៊ី ទៅកាន់​តូ​ក្យូ​ឲ្យ​បាន​ឆាប់ ព្រោះ​ប្រធានាធិបតី​ចិន​អាក់​ខានទៅ​ជប៉ុន​១២​ឆ្នាំ​មកហើយ​។ លោក ហ៊ូ ជិន​តាវ ជា​ប្រមុខរដ្ឋ​ចិន​ចុងក្រោយ​ដែល​ធ្វើដំណើរ​ទៅកាន់​ជប៉ុន​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ​។ ដូចនេះ ទស្សនកិច្ច​លោក ស៊ី ពិតជា​សំខាន់​សម្រាប់​ជប៉ុន​ក្នុង​កាលៈទេសៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ជាច្រើន​នោះ​។​
 
​ទី​ពីរ ជប៉ុន​ចង់​ដើរ​ផ្លូវ​របស់ខ្លួន​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ក្នុង​តំបន់​ជាជាង​ចូលរួម​ជា​ប្រទេស​ឯទៀត​។ អ្នកនាំពាក្យ​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ជប៉ុន​បានបង្ហាញ​ជំហរ​របស់ខ្លួន​ដោយផ្ទាល់ និង​ឆាប់រហ័ស​ទៅកាន់​ចិន​នៅ​កម្រិត​ខ្ពស់ ហើយក៏​បានបង្ហាញ​ជំហរ​នេះ​ទៅកាន់​អន្តរជាតិ​ផងដែរ​។ ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ប្រទេស​ជាច្រើន​សរសើរ​ជំហរ​ឯករាជ្យ​របស់​ជ​ប៉ុន​។​
 
​តាមពិតទៅ ការណ៍​ដែល​ជប៉ុន​ចូលរួម​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ឯទៀត ក៏​ព្រោះតែ​ជប៉ុន​មិន​ចង់​ឲ្យ​ត្រូវបាន​មើលឃើញថា ខ្លួន​មាន​ប្រឆាំង​ចិន​ដូច​ដែលជា​ប្រទេស​ទាំងនោះ​ចេញមុខ​ប្រឆាំង​ដោយ​ឥត​លាក់លៀម​ដែរ​។ ក្រោយ​ការចេញ​សេចក្ដីថ្លែងការណ៍​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ព្រមាន​ទីក្រុង​តូ​ក្យូ​ឲ្យ​នៅ​ឆ្ងាយ​ពី​អាមេរិក និង​ប្រទេស​អឺរ៉ុប​នៅពេលដែល​ដោះស្រាយ​បញ្ហា​រសើប ហើយ​សង្ឃឹមថា ជប៉ុន​នឹង​បង្កើត​បរិយាកាស និង​លក្ខខណ្ឌ​ល្អ​ដើម្បី​ឲ្យ​ទស្សនកិច្ច​លោក ស៊ី លេច​ជា​រូបរាង​។​
 
​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ស៊ី នៅតែ​ជា​អ្វីដែល​ជប៉ុន​ចង់បាន​ឲ្យ​បាន​ឆាប់ ទោះជា​បញ្ហា​ខ្លះ​ក្ដី​។ ដ្បិត​មិន​ពេញចិត្ត​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ជប៉ុន​ក៏ត្រូវ​គិតគូរ​ពី​បញ្ហា​ធំ​ជាង​នេះ​៕ 
 
 

Tag:
 ចិន​
  ជប៉ុន​
  ស៊ី ជិន​ភីង​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com