ពីនេះ ពីនោះ
ពាក្យ «​បណ្ឌិត​» និង «​បណ្ឌិត្យ​»
09, Jun 2020 , 7:29 am        
រូបភាព
​ជន​អ្នកមាន​ប្រាជ្ញា​, អ្នក​មានចំណេះ​ជ្រៅជ្រះ​, អ្នក​ឈ្លាសវៃ គឺ​គេ​ហៅថា​«​បណ្ឌិត​»​។ ចំណែក​ពាក្យ​«​បណ្ឌិត្យ​»​វិញ​មិន​សំដៅលើ​មនុស្ស​ដែលមាន​ចំណេះដឹង​ទេ តែ​សំដៅ​លើស​ភាវៈនៃបណ្ឌិត ,​សភាព​,​ស្ថាន​,​ទី ឬ​តំណែង​នៃ​បណ្ឌិត​ជាដើម​។

 
​បើ​និយាយ​ពី​បុគ្គល​ណា​ម្នាក់ ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ឬក៏​បាន​រៀន​ដល់​ថ្នាក់បណ្ឌិត គឺ​យើង​សរសេរថា «​បណ្ឌិត​»​។ ឧទាហរណ៍​ថា​៖«​បងប្រុស​ខ្ញុំ គឺជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​»​។​
 
​ចំណែក​ពាក្យ​«​បណ្ឌិត្យ​»​វិញ គឺ​មិន​សំដៅ​ទៅលើ​មនុស្ស ដែលមាន​ចំណេះដឹង នោះទេ​។ បើ​យោងតាម វចនានុក្រម​សម្តេច ជួន ណាត ដដែល «​បណ្ឌិត្យ​» គឺជា​ភាវៈនៃបណ្ឌិត​, សភាព​, ស្ថាន​, ទី​, តំណែង​នៃ​បណ្ឌិត ដូចជា​បណ្ឌិត្យសភា​,​ពុទ្ធសាសនបណ្ឌិត្យ​ជាដើម​។​
 
​ពាក្យ​«​ពុទ្ធសាសនបណ្ឌិត្យ​» ក្នុង​ទីនេះ មិន​សំដៅលើ​អ្នកប្រាជ្ញ ឬ​អ្នកមានចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា ឡើយ​។ តែ​ពាក្យ «​ពុទ្ធសាសនបណ្ឌិត្យ​» គឺអាច​សំដៅ​ទៅលើ កន្លែង ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកប្រាជ្ញ ឬ​ក្បួនច្បាប់​នានា ដែល​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​។ ឧទាហរណ៍​ថា​៖«​ខ្ញុំ បាន​ចំណាយពេល​ជាង​មួយខែ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ទ្រឹស្តី​កម្ម​-​ផល នៅក្នុង​ពុទ្ធសាសនបណ្ឌិត្យ​»៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com