ជាតិ
សង្គមជាតិ
៥​ខែ មាន​អ្នកស្លាប់​១៨​នាក់ ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ហើយ​ផ្ទះ​ជិត​៣,៧​ពាន់​ខ្នង ត្រូវ​ខូចខាត​
09, Jun 2020 , 9:29 am        
រូបភាព
ទិដ្ឋ​ភាព​ផ្ទះពលរដ្ឋ​នៅ​ឃុំ​ដូនពែង ស្រុក​អង្គរ​ជុំ ខេត្ត​សៀមរាបដែលរលំដោយសារ​ខ្យល់​កន្រ្តាក់​​កាលពីថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២០ រូបភាពពីក្រសួងធនធានទឹក និង​ឧតុនិយម​
ទិដ្ឋ​ភាព​ផ្ទះពលរដ្ឋ​នៅ​ឃុំ​ដូនពែង ស្រុក​អង្គរ​ជុំ ខេត្ត​សៀមរាបដែលរលំដោយសារ​ខ្យល់​កន្រ្តាក់​​កាលពីថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២០ រូបភាពពីក្រសួងធនធានទឹក និង​ឧតុនិយម​
ដោយ:
​ភ្នំពេញ​៖ រយៈពេល​៥​ខែ ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​ខ្យល់​កន្ត្រាក់ កើតឡើង​១១៥​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​អ្នករងរបួស​៣៦​នាក់​។  ចំណែក ករណី​រន្ទះបាញ់ កើតឡើង​៣៣​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៥​នាក់ អ្នករងរបួស​១១​នាក់ រួមទាំង​សត្វ​គោ និង​ក្របី​២១​ក្បាល ក៏ត្រូវ​ងាប់​ដែរ​។

 
​លោក ឃិន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្នុងចំណោម​មនុស្ស​ទាំង​៣​នាក់ ដែល​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់ ម្នាក់​នៅ​ខេត្តពោធិ៍សាត់ និង ២​នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​។ លោក បន្តថា លើសពីនេះ ក្រៅពី​មាន​ករណី​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់ ក៏​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​៣៦៩៤​ខ្នង ក្នុងនោះ​មានផ្ទះ​ដែល​រលំ​ដល់​ដី​មាន​៦១៧​ខ្នង សាលារៀន​ចំនួន​២២​ខ្នង និង​អគារ​រដ្ឋបាល​សាធារណៈ​២១​ខ្នង​។​
 
​បើតាម​លោក ឃិន សុខា ចំពោះ​ករណី​រន្ទះបាញ់​ដែល​កើត​ឡើងវិញ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៥​នាក់ស្លាប់ និង​របួស​១១​នាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ផ្ទះ​សម្បែង​រប​ស់​ពលរដ្ឋ​ឡើយ​។ ករណី​ស្លាប់​ដោយសារ​រន្ទះបាញ់ ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្តតាកែវ​, ព្រះសីហនុ​, ស្វាយរៀង​,​ព្រៃវែង​, កំពង់ធំ​, ពោធិ៍សាត់​, បាត់ដំបង​, សៀមរាប​, ឧ​ត្ត​រ​មានជ័យ និង ព្រះវិហារ​។ 
 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ បញ្ជាក់ថា ខេត្ត​ដែល​ឧស្សាហ៍​មាន​ករណី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ច្រើន​កើតឡើង​នៅ​ខេត្តកំពត​, កណ្តាល​, តាកែវ​, ស្វាយរៀង​, កំពង់ស្ពឺ​, កំពង់ចាម​,​កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, សៀមរាប​, ព្រះវិហារ​,​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ 
 
​លោក ឃិន សុខា ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ជួយ​ដាស់តឿន​ដល់​ពលរដ្ឋ​ដែល​ងាយ​នឹងរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ឲ្យ​តាមដាន​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដើម្បី​ជៀសផុត​កុំ​ឲ្យ​មាន​ករណី​ទាំងនោះ​កើតឡើង​៕ 
 

Tag:
 អាកាសធាតុ​
  ខ្យល់​កន្ត្រាក់​
  រន្ទះបាញ់​
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com