ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អាច​បង្ក​គ្រោះថ្នាក់​ទាំងនេះ​
09, Jun 2020 , 6:59 pm        
រូបភាព
​ដឹង​ទេ​ក្រៅពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ហើយ​នោះ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ផ្សេងទៀត​។ ថា​តើ​ផលប៉ះពាល់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ៖

 
១. អស់កម្លាំង​
 
​អ្នក​អាច​នឹងមាន​អារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​កោសិកា​មិន​ទទួលបាន​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​ទោះបី​វា​មាន​ច្រើន​ក្នុង​លំហូរ​ឈាម​ក៏ដោយ​។ ហើយ​ថាមពល​ដែល​រាងកាយ​ទទួលបាន​មកពី​ជាតិ​ផ្អែម គឺ​មិនមាន​រយៈពេល​យូរ​ឡើយ​។ ម្យ៉ាងវិញទៀត​នោះ គឺ​បេះដូង​ត្រូវ​ធ្វើការ​កាន់តែ​ខ្លាំ​អ​ជាង​មុន​ដើម្បី​សម្រួល​ចរន្តឈាម​ដែល​ខាប់​ពេញ​ដោយ​ជាតិ​ស្ករ​។ អ្នក​ក៏​អស់កម្លាំង​ព្រោះ​មិនអាច​គេង​បាន​ស្កប់​គ្រប់គ្រាន់​ដោយសារ​ឈឺ​នោម​ញឹក​និង​ស្រេកទឹក​ពេល​គេង​ដែលជា​រោគសញ្ញា​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
២. សុខភាព​ភ្នែក​ចុះខ្សោយ​មើល​លែង​សូវ​ច្បាស់​
 
​រ៉េ​ទីន​ភ្នែក​ជា​អ្វីដែល​ជួយ​ឱ្យ​អ្នក​មើលឃើញ​។ ហើយ​វា​ត្រូវការ​ឈាម​ដែលមាន​ផ្ទុក​សម្បូរ​ដោយ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ដើម្បី​អាច​រក្សា​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ ប៉ុន្តែ​ស​សៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅកាន់​រ៉េ​ទីន​អាច​ត្រូវ​ទទួលរង​ការបំផ្លាញ ឬ​ខូចខាត​ដោយសារ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ជា​លទ្ធផល​សុខភាព​ភ្នែក​ថយចុះ​មើលឃើញ​លែង​សូវ​ច្បាស់​។​
 
៣. ខ្សោយតម្រងនោម​
 
​មួយ​ក្នុងចំណោម​មុខងារ​ច្រើន​ផ្សេងទៀត​នៃ​តម្រងនោម គឺ​កម្ចាត់​កាកសំណល់​និង​ជាតិពុល​ពី​ក្នុង​ឈាម​។ ប្រសិនបើ​ឈាមមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើនពេក​សឹង​គ្រប់ពេល នោះ​តម្រងនោម​ត្រូវ​ទទួលបន្ទុក​ខ្លាំង​ជាង​ធម្មតា​។ ជា​លទ្ធផល​ហានិភ័យ​នៃ​បញ្ហា​ខ្សោយតម្រងនោម​នឹង​កើតមានឡើង​។​
 
៤. ខូច​ស​សៃ​ប្រសាទ​
 
​មួយ​ក្នុងចំណោម​បញ្ហា​គួរឱ្យ​បារម្ភ​ផ្សេងទៀត​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ គឺ​ស​សៃ​ប្រសាទ​ទទួលរង​ការខូចខាត​។ ដូច្នេះ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ក្រហាយ ឬ​ស្ពឹក​ឈឺ​ឆៀបៗ​ត្រង់​ប្រអប់ដៃ ដើមដៃ ជើង និង​ប្រអប់ជើង​ជាដើម​។​
 
៥. ជំងឺ​គាំងបេះដូង​និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​ជា​អ្វីមួយ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ស​សៃ​ឈាម​អាច​នឹងត្រូវ​បំផ្លាញ​ដោយសារ​ការឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ស្ករ​។ ជា​លទ្ធផល​វា​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឈាម​អុកស៊ីសែន​ទៅកាន់​តែ​សាច់ដុំ​បេះដូង​និង​ជាលិកា​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com