សហព័ន្ធកីឡាបាល់ទាត់កម្ពុជារកចំណូលបានជាង៩,១លានដុល្លារនៅឆ្នាំ២០១៩ ដោយចំណូលទាំងនេះទទួលបានពីប្រភពចំណូលធំៗចំនួន១១។ ក្រោយទូទាត់ចំណាយចំណូល សហព័ន្ធនេះ នៅសល់ថវិកាជាង១,៦លានដុល្លារ សម្រាប់ប្រើប្រាស់បន្តនៅឆ្នាំ២០២០។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលអានដោយលោក អ៊ុក សិទ្ធិជាតិ ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់រកចំណូលបានចំនួន៩,១១៦,៤៩៥.១៥ដុល្លារ។ ចំណូលទាំងនេះទទួលពីថវិកានៅសល់ឆ្នាំ២០១៨ចំនួន៨០៧,៩៥៨.០៧ដុល្លារ, ថវិកាលើកការជំពាក់ពីឆ្នាំ២០១៨ចំនួន៨៤៩,១០០ដុល្លារ, ថិវកាមិនទាន់ទទួលបានក្នុងឆ្នាំ២០១៩ចំនួន១២០,០០០ដុល្លារ។
ចំណែកចំណូលពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)មានចំនួន៣,៥៦៦,៣០៧.១១ដុល្លារ, សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី១,១៤១,០៨៦ដុល្លារ, ថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា២៣០,៣៤៧.២៩ដុល្លារ, សហព័ន្ធកីឡាបាល់ទាត់អាស៊ាន១៧៨,២២០ដុល្លារ, សហព័ន្ធកីឡាបាល់ទាត់ជប៉ុន២៤,៩៥០ដុល្លារ, ចំណូលពីសប្បុរសជន១៣,០០០ដុល្លារ, ចំណូលពីការឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន១,១៥៩,៧១៣.៣៣ដុល្លារ និងចំណូលក្រៅផែនការ១,០២៥,៨១៣,៣៥ដុល្លារ។
នៅក្នុងឆ្នាំ២០១៩នេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចំណាយថវិកាអស់ចំនួន៧,៤២៣,៤៧១.១២ដុល្លារ។ ថវិកាទាំងនេះត្រូវបានចំណាយលើគម្រោងធំៗចំនួន១២រួមមានការអភិវឌ្ឍក្លិប/រចនាសម្ព័ន្ធសមាគមបាល់ទាត់រាជធានីខេត្ត, រៀបចំការប្រកួតថ្នាក់ជាតិ(៦០១,៣០៩.៨២ដុល្លារ), ការអភិវឌ្ឍបាល់ទាត់ថ្នាលនិងយុវជន(៦៨៩,៥៥២.៨២ដុល្លារ), អភិវឌ្ឍន៍គ្រូបង្ហាត់(៤៧,៨៥៣.៥១ដុល្លារ) និងអភិវឌ្ឍន៍អាជ្ញាកណ្តាល(៩៥,៥៧៨.០១ដុល្លារ)។
ដោយឡែកចំណាយលើការអភិវឌ្ឍក្រុមជម្រើសជាតិឈុតធំនិងយុវជន(៦២៥,៣៥២.៦២ដុល្លារ), ការអភិវឌ្ឍន៍បាល់ទាត់នារី(២៩៣,៦៣៨.៤៨ដុល្លារ), អភិវឌ្ឍន៍បាល់ទាត់ក្នុងសាល(៤៥,៤៩៧.៤០ដុល្លារ), រៀបចំការប្រកួតលក្ខណៈអន្តរជាតិ(១,៥០៦,៧២៥.៨៣ដុល្លារ), ការកសាងហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់(២,០២៣,៥៥០.៧២ដុល្លារ), ចំណាយលើរដ្ឋបាលនិងប្រាក់បៀវត្សរ៍(១,៤៩៤,៤១១.៩១ដុល្លារ) និងការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ។
ក្រោយទូទាត់ចំណាយចំណូលក្នុងឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសល់ថវិកាចំនួន១,៦៩៣,០២៤.០៣ដុល្លារ សម្រាប់ប្រើប្រាស់បន្តនៅឆ្នាំ២០២០។ ចំនួននេះមានការកើនឡើងជាង១០ម៉ឹនដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន១,៥៣៧,០៥៨.០៧ដុល្លា។ នៅឆ្នាំ២០១៧ សហព័ន្ធនៅសល់ថវិកាចំនួន១,៤៧៧,៣២៧.៨៤ដុល្លារ៕