សង្គមអន្តរជាតិ
អន្តរជាតិ
តុលាការ កំណត់ឲ្យប៉ូលិសសម្លាប់ Floyd តម្កល់ប្រាក់នៅក្រៅឃុំយ៉ាងតិច ១លានដុល្លារ អតីតប៉ូលិស លោក Derek Chauvin។ រូបភាព៖ AFP
× តុលាការអាមេរិក នៅថ្ងៃទី៨ ខែមិថុនា បានកំណត់ឲ្យលោក Derek Chauvin អតីតប៉ូលិសក្នុងទីក្រុង Minneapolis ដាក់ប្រាក់តម្កល់នៅក្រៅឃុំបណ្តោះអាសន្នចំនួន១លានដុល្លារ ដើម្បីរង់ចាំការកាត់ទោស។ ប៉ូលិសរូបនេះ ត្រូវបានចោទពីបទឃាតកម្មកម្រិតពីរ ជុំវិញករណីស្លាប់របស់លោក George Floyd ដែលបង្កឲ្យមានបាតុកម្មហិង្សាពេញអាមេរិក។
ក្នុងសវនាការនៅតុលាការស្រុក Hennepin ក្នុងថ្ងៃទី៨ ខែមិថុនា លោកចៅក្រម Jeannice Reding បានកំណត់ឲ្យលោក Derek Chauvin អតីតមន្ត្រីប៉ូលិសដែលសង្កត់ក George Floyd តម្កល់ប្រាក់ជាច្រើន ដើម្បីស្ថិតនៅក្រៅឃុំ និងរង់ចាំការកាត់ទោស។
ការតម្កល់ប្រាក់នេះ លោក George Floyd អាចធ្វើឡើងតាមវិធីពីរយ៉ាង។ បើតាមលោកចៅក្រម លោក Chauvin អាចប្រាក់តម្កល់ចំនួន ១លានដុល្លារ ដោយមានភ្ជាប់លក្ខខណ្ឌ និង១,២៥លានដុល្លារ ដោយមិនភ្ជាប់លក្ខខណ្ឌ។ លក្ខខណ្ឌនេះ ទាមទារឲ្យអតីតប៉ូលិស មិនកាន់កាំភ្លើង ហាមធ្វើការនៅក្នុងកងសន្តិសុខ ឬកងការពារផ្សេងៗ ហាមចាកចេញពីទីក្រុង Minneapolis និងហាមទាក់ទងជាមួយក្រុមគ្រួសាររបស់លោក Floyd ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សវនាការបន្ទាប់ ត្រូវបានលោក Reding កំណត់នៅថ្ងៃទី២៩ ខែមិថុនា ដើម្បីជំនុំជម្រះក្តីលើរឿង George Floyd ម្តងទៀត។ នាពេលកន្លងមក លោក Chauvin ត្រូវបានគេចោទពីបទឃាតកម្មកម្រិតពីរ ចំណែកអតីតប៉ូលិស ៣នាក់ទៀត ដែលមានពាក់ព័ន្ធជាមួយករណីនេះដែរ ត្រូវគេចោទពីបទ ផ្តល់ជំនួយ និងលើកទឹកចិត្តឲ្យប្រព្រឹត្តបទឃាតកម្មកម្រិតពីរ។
សូមបញ្ជាក់ថា បន្ទាប់ពីករណីស្លាប់របស់លោក Floyd បាតុកម្មទ្រង់ទ្រាយធំ បានកើតឡើងជាច្រើនកន្លែងនៅក្នុងទឹកដីអាមេរិក ហើយបញ្ហាការស្លាប់នេះ ក៏បានបង្កឲ្យប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ធ្វើបាតុកម្មនៅទីនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com