ជាតិ
ថៃ ផ្ញើកំណត់ទូតមកកម្ពុជា ពាក់ព័ន្ធនឹងករណីបាត់ខ្លួន សកម្មជនថៃលោក Wanchalearm
09, Jun 2020 , 2:53 pm        
រូបភាព
ភ្នំពេញ៖ ថៃ បានផ្ញើកំណត់ទូតមួយ មកកម្ពុជា ពាក់ព័ន្ធនឹងករណីចាប់ជំរិតលោក Wanchalearm Satsaksit សកម្មជននយោបាយថៃម្នាក់ ដែលប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៤ មិថុនាកន្លងមក។


លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កំណត់ទូតពីស្ថានទូតថៃប្រចាំកម្ពុជា ដែលបានផ្ញើមកក្រសួងការបរទេសនេះ គឺគ្រាន់តែស្នើសុំឱ្យភាគីកម្ពុជា ពិនិត្យ និងផ្ទៀងផ្ទាត់មើលករណីចាប់ជំរិតសកម្មជនថៃនេះ ដើម្បីចង់ដឹងថា វាពិតជាមានករណីបែបនេះ ដូចជាការចុះផ្សាយដែរទេ? 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ៖«យើងក៏បានបញ្ជូនករណីនេះ ទៅខាងក្រសួងមហាផ្ទៃ ដែលជាស្ថាប័នពាក់ព័ន្ធឱ្យជួយពិនិត្យមើល ផ្ទៀងផ្ទាត់នៃកំណត់ទូតរបស់ថៃហើយ»។
 
ជុំវិញបញ្ហានេះលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងកំពុងពិនិត្យស្រាវជ្រាវករណីចាប់ខ្លួននេះ តាមរយៈការសាកសួរព័ត៌មានសាក្សីដែលបានឃើញហេតុការណ៍ ដើម្បីប្រមូលជាភស្តុតាង និងតម្រុយ ឈានទៅកំណត់គោលដៅ។
 
«យើងស្វាគមន៍រាល់ព័ត៌មានពិតទាំងអស់ ពាក់ព័ន្ធនឹងករណីចាប់ខ្លួន(លោក Wanchalearm )ម្នាក់ហ្នឹងដែរ។ បើសាក្សីបានឃើញ(ករណីចាប់ខ្លួនលោក Wanchalearm) យើងនឹងធ្វើការជាមួយសាក្សីទៀត សូមឱ្យសាក្សីបានឃើញប្រាប់ព័ត៌មានឱ្យច្បាស់មក ដើម្បីកំណត់ទិសដៅយើង»។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ ដែលបានអះអាងថា អាជ្ញាធរកម្ពុជា មិនបានចាប់ខ្លួនលោក Wanchalearm បញ្ជូនទៅថៃ ដូចការសង្ស័យទេ។
 
មុនមានករណីចាប់ខ្លួននេះ លោក Wanchalearm គឺជាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ពោលគឺលោករស់នៅកម្ពុជា ដោយគ្មានឯកសារច្បាប់ត្រឹមត្រូវ ចាប់តាំងពីឆ្នាំ២០១៧មក។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលកំពុងឱ្យសមត្ថកិច្ចស្រាវជ្រាវលើករណីនេះ បានបញ្ជាក់ដូច្នេះថា៖«នៅឆ្នាំ២០១៤ គាត់(លោក Wanchalearm) ចេញចូលកម្ពុជាច្រើនដង ជាធម្មតា រហូតដល់ឆ្នាំ២០១៥ គាត់បានមកដាក់សុំទិដ្ឋាការរយៈពេលវែងនៅកម្ពុជា រហូតដល់ឆ្នាំ២០១៧។ ហើយយើងក៏បានផ្ដល់ទិដ្ឋាការស្នាក់នៅឱ្យគាត់រហូតដល់ឆ្នាំ២០១៧ហ្នឹង ប៉ុន្តែចាប់តាំងពីឆ្នាំហ្នឹងមក សាមីខ្លួនមិនដែលឃើញទាក់ទងមកសុំទិដ្ឋាការអីទៀតទេ ហើយក៏មិនឃើញសាមីខ្លួនចេញចូលកម្ពុជាទៀតដែរ»។

ក្រុមប្រដាប់អាវុធមួយក្រុម បានចាប់ជំរិតលោក Wanchalearm នៅម៉ោងប្រហែល ៥ ៖ ៥៤ ល្ងាច ថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២០ នៅពេលដែលសកម្មជននយោបាយថៃរូបនេះ បានដើរនៅតាមផ្លូវ ដើម្បីទិញម្ហូបនៅពីមុខកន្លែងស្នាក់នៅខ្លួន។ ក្រុមចាប់ជំរិតនោះ បានចាប់លោក Wanchalearm បញ្ចូលក្នុងឡានខ្មៅមួយគ្រឿង។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទទួលបានព័ត៌មាននេះ។

អត្ថបទទាក់ទង

 
អង្គការឃ្លាំមើលសិទ្ធិមនុស្ស កំពុងបារម្ភពីសុវត្ថិភាពរបស់សកម្មជននយោបាយថៃ លោក Wanchalearm Satsaksit ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលបានតាមដានករណីនេះ បានស្នើឱ្យកម្ពុជាស៊ើបអង្កេតលើករណីចាប់ជំរិតលោក Wanchalearm Satsaksit នេះ។

លោក Wanchalearm គឺជាសកម្មជននយោបាយថៃម្នាក់ ដែលតែងតែចេញមុខរិះគន់របបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។ លោក Wanchalearm ត្រូវបានគេស្គាល់ថា ជាសកម្មជននយោបាយក្រុមអាវក្រហម ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា។ លោក Wanchalearm បានរត់គេចខ្លួនមកសម្ងំរស់នៅកម្ពុជា កាលពីឆ្នាំ២០១៤ ក្រោយពីយោធាថៃ តាមចាប់ខ្លួន។ ដោយឡែកអាជ្ញាធរថៃ ក៏ធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៨ថា ពួកគេនឹងតាមចាប់ខ្លួនលោក Wanchalearm ត្រឡប់យកទៅប្រទេសថៃវិញផងដែរ៕
 
 

Tag:
 នយោបាយ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com