ពីនេះ ពីនោះ
ពិត ឬ​មិន​ពិត​? គេ​ថា កូន​ខ្មែរ​សុទ្ធ ចាយ​ខ្ជះខ្ជាយ​ជាង​កូន​ខ្មែរ​កាត់​ចិន​(​កូនចៅ​ចិន​)?
09, Jun 2020 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង ចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ហាង​ផឹក​កាហ្វេ​ដូចពេលមុន​វិញ​ហើយ​។ ប៉ុន្តែ ក្លើ​ទាំងពីរ​នៅ​មិនសូវ​ហ៊ាន​អង្គុយ​នៅ​តុ​ដែលមាន​មនុស្ស​ច្រើន​នៅឡើយ​ទេ​។ មិត្តភក្តិ​ទាំងពីរ​នៅ​ប្រកាន់​គោលការណ៍​គម្លាត​សុវត្ថិភាព​។ មិត្ត​ទាំងពីរ​ជជែក​គ្នា​ពី​ប្រធានបទ​មួយ​ដែល​ត្រូវបាន​គេ​លើកឡើងថា តើ​កូន​ខ្មែរ​សុទ្ធ​ចាយវាយ​ខ្ជះខ្ជាយ ជាង​កូនកាត់​ចិន​មែន​ឬទេ​។

 

​សំណាង​៖ អា សុធីរ​! គេ​ថា​ហ្នឹង​ត្រឹមត្រូវ​ឬទេ​? 
 
​សុធីរ​៖ អញ​ម៉េច​នឹង​ដឹងថា វា​ត្រូវ​ឬ​អត់​។ អញ​លឺ​តែ​គេ​ថា​អ៊ីចឹង​តាំងពី​យូរ​មកហើយ​។ ចាស់ៗ​ខ្មែរ​នាំគ្នា​និយាយ​តៗ​មក​អ៊ីចឹង​ដែរ​។ 
 
​សំណាង​៖ បើ​ចាស់ៗ​នាំគ្នា​សង្កេតឃើញ​អ៊ីចឹង មានន័យថា រឿងនេះ​វា​អាច​កើតឡើង​អ៊ីចឹង​មែនហើយ​។ មែន​អត់ អា សុធី​?   
 
​សុធីរ​៖ អញ​ប្រាប់​អ្ហែង​ហើយ​ថា អញ​មិនដឹង​ទេ​។ តែបើ​អ្ហែង​សួរ​ដដែលៗ​អ៊ីចឹង អញ​អាច​ធ្វើជា​សាក្សី​ឲ្យ​អ្ហែង​បាន​ខ្លះ ព្រោះ​អញ​ស្គាល់​សង្គម​ខ្មែរ​ខ្លះ​ដែរ​។ អញ​បញ្ជាក់​អ្ហែង​ម្តង​ទៀតថា នេះ​គឺ គ្រាន់តែ​ជា​គំនិត​អញ​ប៉ុណ្ណោះ ហើយ​អញ​មិន​និយាយ​ករណី​ទូទៅ​ទេ​វើ​យ​។ កុំ​ចោទថា អញ​មើលងាយ​កូន​ខ្មែរ​ណា៎​!​។ ជារួម កូន​ខ្មែរ​សុទ្ធ​ខ្លះ មិនសូវ​ចេះ​រកស៊ី ហើយ​ច្រើនតែ​ចាយវាយ​ខ្ជះខ្ជាយ​អ៊ីចឹង​មែន ពោលគឺ​ពួកគេ​មិនសូវ​មានគំនិត​សន្សំសំចៃ​ឡើយ​។ ពួកគេ​រកបាន​១០០​ដុល្លារ ចាយ​ទៅវិញ ១៥០​ដុល្លារ ខុសពី​កូន​ខ្មែរ​កាត់​ចិន​ដែល​រកបាន​១០០​ដុល្លារ ចាយ​ទៅវិញ​តែ​២០​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​សំណាង​៖ តាមពិត អ្ហែង​ដឹង​ច្រើន​ជុំវិញ​រឿងនេះ​…  
 
​សុធី​៖ កុំ​កាត់​សម្តី​អញ​! អញ​ប្រាប់​អ្ហែង​ទៀតថា អញ​ធ្លាប់​លឺ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា កាលពី​អតីតកាល ក្នុងពេល​ស្រុក​ចិន​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជន​ជាតិចិន​មួយចំនួន​បាន​រត់​ចេញពី​ស្រុកកំណើត​របស់ខ្លួន​ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ស្រុក​ខ្មែរ​ដោយ​ជិះ​កប៉ាល់ ហើយ​ពេលនោះ ពួកគេ​ពិសា​តែ​ក្តាមប្រៃ និង​ពង​ទា​ប៉ុណ្ណោះ​។ ដោយសារតែ​ប្រវត្តិ​នេះហើយ ទើប​គេ​សង្កេតឃើញថា កូនចៅ​ចិន ឬ​កូន​ខ្មែរ​កាត់​ចិន​នៅ​កម្ពុជា ភាគច្រើន សន្សំសំចៃ​ជាង​កូន​ខ្មែរ​សុទ្ធ​មួយចំនួន​។ 
 
សំណាង​៖ ចុះ​ឥឡូវនេះ កូន​ខ្មែរ​នៅតែ​បន្ត​ចាយ​ខ្ជះខ្ជាយ​ទៀត ឬ​យ៉ាងណា​? 
 
​សុធីរ​៖ មែនទែនទៅ គេ​សង្កេតឃើញថា កូន​ខ្មែរ​សុទ្ធ​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ ចាប់ផ្តើម​ចេះ​សន្សំសំចៃ​ហើយ លែង​ចាយវាយ​ខ្ជះខ្ជាយ​ទៀតហើយ លែង​ដើរ​ផឹកស៊ី​រាល់ថ្ងៃ​ទៀតហើយ​។ ពួកគេ​ចេះ​ចងការ​ពី​ធនាគារ​ទិញ​ផ្ទះ ទិញ​សម្ភារ​ប្រើប្រាស់​។​ល​។ ពួកគេ​ផ្លាស់ប្តូរ​ការគិត​ច្រើន​ហើយ អា សំណាង​!​។ 
 
​សំណាង​៖ ចុះ​កូនចៅ​ចិន​នៅ​ខ្មែរ​វិញ ពួកគេ​នៅ​សន្សំសំចៃ​ដដែល ឬក៏​ផ្ទុយទៅវិញ ពួកគេ​ចាប់ផ្តើម​ចាយ​ខ្ជះខ្ជាយ​ម្តងវិញ​? 
 
​សុធីរ​៖ តាម​ការសង្កេត​របស់​អញ កូនចៅ​ចិន​នៅ​ខ្មែរ នៅតែ​ចាយវាយ​មាន​របៀប​ដដែល មានន័យថា ពួកគេ​នៅតែ​ចាយវាយ​សន្សំសំចៃ​ដដែល​។ លើសពីនេះទៅទៀត ពួកគេ​(​កូនចៅ​ចិន​)​ឈានចូល​ដំណាក់កាល​ថ្មី​មួយទៀត គឺ​ការបោះ​ទុនវិនិយោគ​។ សរុប​ឲ្យ​ខ្លី​មកវិញ កូនចៅ​ចិន​នៅ​ខ្មែរ ចេញពី​គំនិត​សន្សំសំចៃ មក​បង្កើត​គំនិត​វិនិយោគ រីឯ កូ​ច​ខ្មែរ​សុទ្ធសាធ​មួយចំនួន ទើប​ចេញពី​គំនិត​ចាយ​ខ្ជះខ្ជាយ មក​បង្កើត​គំនិត​សន្សំសំចៃ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏មានដែរ​កូន​ខ្មែរ​សុទ្ធ តែ​ឆ្លាត ពូកែ​រកស៊ី ពូកែ​ធ្វើ​ការងារ​រដ្ឋ​។​ល​។ អញ​សុំ​បញ្ជាក់​អ្ហែង​ម្តង​ទៀតថា នេះ គឺ​គ្រាន់តែ​ជាម​តិ និង​គំនិត​អញ បូក​នឹង​ព័ត៌មាន​ពី​ចាស់ៗ​ខ្លះ​តែប៉ុណ្ណោះ​។ អ្វីដែល​អញ​និយាយ មិនមែន​ចេញមក​ពី​ទិន្នន័យ​ស្រាវជ្រាវ​ទេ​វើ​យ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com