កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ បើ​បាល់ទាត់​ឈ្នះ​មេដាយមាស គឺ​«​ឈ្នះ​៥០​ភាគរយ​»​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​
09, Jun 2020 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយសន្និបាតបូកសរុបការងារឆ្នាំ២០១៩ របស់ FFC
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយសន្និបាតបូកសរុបការងារឆ្នាំ២០១៩ របស់ FFC
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត​ក្លិប​បាល់ទាត់​ពិសេស​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​យល់ថា បាល់ទាត់​ជា​ប្រភេទ​កីឡា​មួយ ដែល​អាច​ទាក់ទាញ​ប្រជាប្រិយ​ខ្លាំងជាងគេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ទាំងមូល បើ​កីឡា​នេះ​ឈ្នះ​មេដាយមាស​។

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា បើ​កីឡាបាល់ទាត់​ឈ្នះ​មេដាយមាស​ប្រៀប​ដូច​ឈ្នះ​អ្វីៗ​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ ការលើកឡើង​បែបនេះ​ដ្បិត​លោក​យល់ថា បាល់ទាត់​ជា​ប្រភេទ​កីឡា​ប្រជាប្រិយភាព ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​ពី​ទស្សនិកជន ឬ​អ្នកគាំទ្រ​។  
 
«​បាល់ទាត់​ជា​ប្រភេទ​កីឡា​មួយ ដែល​អូសទាញ​ប្រជាប្រិយភាព និង​អូសទាញ​៥០​ភាគរយ​នៃ​បច្ចេកទេស​ទាំងមូល​ក្នុង​ស៊ី​ហ្គេម បានន័យថា​បើ​បាល់ទាត់​ឈ្នះ អ្វីៗ​ក៏​ឈ្នះ​ដែរ​»​។ លោក វ៉ា​ត់ ចំរើន ថ្លែង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០​។ 
 
​អគ្គលេខាធិការ NOCC រូបនេះ​បាន​បន្ថែមថា ភាពជោគជ័យ​របស់​កីឡាបាល់ទាត់​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កាន់តែ​មានតម្លៃ​សម្រាប់​ប្រទេស​ជា​ម្ចាស់ផ្ទះ​។ ជាក់ស្តែង​វៀតណាម ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ពេល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០០៣​។ ការទទួលបាន​ការចាប់​អារម្មណ៍​របស់​វៀតណាម​បន្ទាប់ពី​ក្រុមបាល់ទាត់​បុរស​នៃ​ប្រទេស​នេះ ដណ្តើមបាន​មេដាយប្រាក់ និង​ក្រុមបាល់ទាត់​នារី​ដណ្តើមបាន​មេដាយមាស​។​
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ផង​នោះ បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​បង្កើត​ក្លិប​បាល់ទាត់​ស្នូល សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ តាមរយៈ​គម្រោង​នេះ លោក រំពឹងថា កីឡាបាល់ទាត់​នឹង​ទទួលបាន​ជោគជ័យ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​។ 
 
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានប្រកាស​ក្នុង​សន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៩ និង​ដាក់​ផែនការ​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​ថា សហព័ន្ធ​គ្រោង​នឹង​បង្កើត​ក្លិប​បាល់ទាត់​ពិ​សេសមួយ​ដើម្បី​បណ្តុះបណ្តាល​ក្រុម​កីឡាករ​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក​បាន​បញ្ជក់​ថា កីឡាករ​ក្នុង​ក្លិប ដែល​គ្រោង​បង្កើត​នេះ គឺ​ចម្រាញ់​ចេញពី​តាម​ក្លិប ដែលជា​សមាជិក​របស់​សហព័ន្ធ​។  
 
«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​គម្រោង និង​ផែនការ​មួយ គឺ​ការត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​ពេល​ឥឡូវ​ទៅ​សម្រាប់​លេង​នៅ​ឆ្នាំ​២០២៣(​ស៊ី​ហ្គេម​លើក​ទី​៣២) គឺ​ការបង្កើត​ក្លិប​បាល់ទាត់​ស្នូល​មួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សៅ សុខា ដែល​បាន​បន្ថែមថា ក្រោយ​ក្លិប​នេះ​ត្រូវបាន​បង្កើតឡើង នឹងដាក់​ឲ្យ​លេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ជំនួស​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​គ្រោងទុក​ប៉ុណ្ណោះ ហើយ​ការបង្កើត​ក្លិប​ជាក់ស្តែង​អាច​ដំណើរការ​ទៅបាន គឺ​អាស្រ័យ​លើ​ការឯកភាព​ពី​ក្លិប​នីមួយៗ​។ 
 
​យ៉ាងណាក្តី លោក វ៉ា​ត់ ចំរើន ចាត់ទុក​គម្រោង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គឺជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​សហព័ន្ធ​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ​ធនធាន ដើម្បី​ឈានទៅ​សម្រេច​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​៕ 

Tag:
 បាល់ទាត់​
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com