ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​សង្ឃឹមថា ការនាំ​ស្វាយ​ទៅ​ចិន នឹង​ផ្តល់​ចំណូល​កាន់តែច្រើន​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​លំបាក​នឹង​កូ​វីដ​
09, Jun 2020 , 11:00 pm        
រូបភាព
រូបពីសមាគមស្វាយខេត្តកំពង់ស្ពឺ
រូបពីសមាគមស្វាយខេត្តកំពង់ស្ពឺ
នៅ​ថ្ងៃទី​៩ ខែមិថុនា ២០២០​នេះ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ចិន​។



សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​តាមរយៈ​ការនាំ​ផ្លែស្វាយ​ចេញទៅ​ប្រទេស​ចិន នឹង​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ [​ខ្មែរ​] ជាពិសេស​នៅក្នុង​ដំណាក់កាល ដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩»​។ 

​ទន្ទឹមនឹងនេះ សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាកសិករ និង​ពាណិជ្ជករ ពង្រឹង​បច្ចេកទេស​ដាំ​ដុះ ឲ្យ​មាន​គុណភាព​កាន់តែ​ខ្ពស់ និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ពុជា អាចមាន​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ ឲ្យ​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​។ សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា អ្វីដែល​សំខាន់បំផុត ក្នុង​ការនាំ​ផ្លែស្វាយ​កម្ពុជា ទៅកាន់​ចិន គឺ​ត្រូវមាន​អនាម័យ​។ 

ប្រមុខ​រដ្ឋាភិបាល បាន​សរសើរ​ចំពោះ​ការខិតខំ​របស់​ក្រសួងកសិកម្ម ក្នុង​ការបើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អរគុណ​ឯកអគ្គរដ្ឋទូត​ចិន និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ ដែល​បាន​ចូលរួម​ជំរុញ​ការងារ​នេះ រហូត​ឈានដល់​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។ 

មេដឹកនាំ​កម្ពុជា សរសេរ​ដូច្នេះ​ថា​៖«​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាកសិករ ម្ចាស់​ចម្ការ  និង​ពាណិជ្ជករ ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​ស្វាយ ដែល​កំពុងមាន​ក្តីកង្វល់​ព្រោះ​មាន​ចម្ការ​ជាច្រើន​ដែលមាន​ស្វាយ​ទុំ​ជ្រុះ​ចោល​ហើយ​តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងច្រើន​»​។ 
 
ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រ​ង​ព្រ​ង​ជាមួយ​ភាគី​ចិន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​៥០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជា​រៀងរាល់ឆ្នាំ​៕

Tag:
 ហ៊ុន សែន​
  កម្ពុជា​-​ចិន​
  ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com