អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំផ្តាច់ការប៊ូរុនឌី Pierre Nkurunziza ​ស្លាប់ក្នុងវ័យ ៥៥ឆ្នាំដោយគាំងបេះដូង
09, Jun 2020 , 9:41 pm        
រូបភាព
ដោយ: ថ្មីៗ
មេដឹកនាំផ្តាច់ការប៊ូរុនឌី ប្រធានាធិបតី ព្យែ​រ គុរុ​ន​ស៊ី​សា(Pierre Nkurunziza) បានស្លាប់ដោយសារបញ្ហាគាំងបេះដូងក្នុងវ័យ ៥៥ ឆ្នាំ នៅថ្ងៃអង្គារទី ៩ ខែមិថុន​។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ប្រភពរដ្ឋាភិបាលប៊ូរុនឌី។



ប្រភពរដ្ឋាភិបាលប៊ូរុនឌី បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតី ព្យែ​រ គុរុ​ន​ស៊ី​សា​ បានស្លាប់នៅថ្ងៃអង្គារទី ៩មិថុនានេះដោយសារជំងឺគាំងបេះដូង។ «រដ្ឋាភិបាលសាធារណរដ្ឋប៊ូរុនឌីសូមប្រកាសដំណឹងដ៏ក្រៀមក្រំបំផុតមួយគឺ ការស្លាប់របស់ប្រធានាធិបតី ព្យែ​រ គុរុ​ន​ស៊ី​សា ក្រោយមានបញ្ហាគាំងបេះដូង»។ រដ្ឋាភិបាលរដ្ឋអាហ្វ្រិកនេះប្រកាសដូច្នេះ។ 

តាមពិតទៅ លោកគ្រងនឹងចុះចេញពីតំណែងនៅខែសីហាខាងមុខ បន្ទាប់ពីសម្ព័នមិត្ត​របស់ខ្លួនឈ្នះការបោះឆ្នោតកាលពីថ្ងៃ ២០ខែឧសភាកន្លងទៅ។ 

សូមទាញការចាប់អារម្មណ៍បន្តិចថា មេដឹកនាំអាហ្វ្រិករូបនេះឡើងកាន់តំណែងតាំងពីឆ្នាំ ២០១៥ និងស្ថិក្នុងគណបក្សកាន់អំណាចក្រុមប្រឹក្សាជាតិដើម្បីការពារប្រជាធិបតេយ្យ និងកម្លាំងដើម្បីការពារប្រជាធិបតេយ្យ (​NCDD-FDD) ហើយលោកត្រូវបានគេចាត់ទុកជាមេដឹកនាំផ្តាច់ការមូយរូបនៅអាហ្វ្រិក។ លោកមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងឆ្នាំ ២០១៥ ពេលដែលវិបត្តិនយោបាយ រួមជាមួយរដ្ឋប្រហារបរាជ័យមួយផ្ទុះឡើងដោយសារមហិច្ឆតាបន្តក្តោប​ក្តាប់អំណាចរបស់ខ្លួន។

អត្ថបទទាក់ទង


ក្នុងពេលនោះ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល លោក គុរុ​ន​ស៊ី​សា​ ត្រូវចុះចេញពីអំណាចក្រោយពេលដែលខ្លួន​គ្រប់គ្រងប្រទេសអស់​ពីរអាណត្តិហើយ។ យ៉ាងណាមិញ មេដឹកនាំរូបនេះជំទាសដោយឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ ២០១៥ រួមទាំងទាមទារឲ្យមានការកែរដ្ឋធម្មនុញ្ញផង។ ទាំងនេះហើយ ជាដើមហេតុបញ្ឆេះចលនាប្រជាជន និងការអន្តរាគមន៍ពីក្រុមយោធាដូចគ្នា។ បើតាមស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រជាជនប៊ូរុនឌីរាប់រយនាក់បានស្លាប់បាត់បង់ជីវិតក្នុងចលនាតវ៉ាអំឡុងពេលវិបត្តិនយោបាយនេះដែរ។ 

ប៉ុន្តែសំណាងមិនល្អ រដ្ឋប្រហារបរាជ័យ ហើយមេដឹកនាំរូបនេះមានលទ្ធភាព​ប្រមូលផ្តុំអំណាចវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាឲ្យខ្លួនអាចបន្តកាន់អំណាចពីរអាណត្តិទៅមុខទៀតផង  ក៏ដូចជាបង្កើនរយៈពេលក្នុងមួយអាណត្តិពីប្រាំឆ្នាំដល់ប្រាំពីរឆ្នាំដែរ ក្នុងការបោះឆ្នោតប្រជាមតិមួយកាលពីឆ្នាំ ២០១៨។ ក្នុងពេលនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ លោក គុរុនស៊ីសា បានសន្យាមិនបន្តឈរឈ្មោះជាថ្មីទៀតទេ នៅពេលដែលអាណត្តិនយោបាយរបស់លោកបញ្ចប់ក្នុងឆ្នាំ ២០២០។ 

ដូចការរំពឹងទុក មកដល់ឆ្នាំ ២០២០ លោកបានព្រមព្រៀងចាកចេញពីកៅអីរបស់ខ្លួន បន្ទាប់ពីត្រួសត្រាយផ្លូវសម្រាប់សម្ព័ន្ធមិត្តខ្លួនឧត្តមសេនីយ៍ Évariste Ndayishimiye ឈានទៅឈ្នះឆ្នោត និងកាន់តំណែងបន្តក្នុងការបោះឆ្នោតថ្ងៃ ២០ ឧសភាកន្លងទៅ។ Ndayishimiye ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងសន្តិសាធារណៈ ហើយលោកក៏ជាមនុស្សស្និទ្ធបំផុតរបស់ប្រធានាធិបតី គុរុនស៊ីសាដែរ។

តាមពិតទៅ ដើម្បីតបស្នងការព្រមពៀងចាកចេញពីតំណែងរបស់មេដឹកនាំរូបនេះ ដែលអាចជួយបញ្ចៀសការផ្ទុះឡើងនៃវិបត្តិនយោបាយជាថ្មីផងនោះ សភាប៊ូរុនឌីបានសម្រេចបោះឆ្នោតអនុម័តច្បាប់មួយកាលពី​ចុងខែមករាដើម្បីផ្តល់កញ្ចប់ថវិកាចូលនិវត្តប្រហែល​ ៥៣ ម៉ឺនដុល្លារ និងវីឡាប្រណិតមួយកន្លែងផង ហើយបរមងារ «មេដឹកនាំកំពូល»​ក៏ត្រូវបានគេស្នើឡើងដើម្បីផ្តល់ជូនលោកដូចគ្នា។នេះបើតាមការចុះផ្សាយ​របស់សារព័ត៌មានអង់គ្លេស BBC៕ 



© រក្សាសិទ្ធិដោយ thmeythmey.com