COVID-19
អន្តរជាតិ
កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ឆ្លង COVID-19 ក្រោយ​ប្រតិបត្តិការ​ទប់ទល់​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន
10, Jun 2020 , 9:51 am        
រូបភាព
​សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់ បាន​ឆ្លង​ជំងឺ COVID-19 ក្រោយ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទប់ទល់​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ នេះ​បើតាម​ការបញ្ជាក់​របស់​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​នៅ​ថ្ងៃទី​៩ ខែមិថុនា​។ ប៉ុន្តែ​គេ​មិនដឹង​ពី​ចំនួន​ជាក់ស្ដែង និង​ស្ថានភាព​ជំងឺ​ឡើយ ដោយ​មន្ត្រី​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​បញ្ជាក់ថា ព័ត៌មាន​នេះ​មិនអាច​បញ្ចេញ​ឡើយ​ក្រោម​ហេតុផល​សន្តិសុខ​។​

 
​ក្រោយ​ត្រឡប់​ចូល​បន្ទាយ​វិញ កម្លាំង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់​ដែល​ចូលរួម​បង្ក្រាប​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ COVID-19 ។ លទ្ធផល​ធ្វើតេស្ត​បង្ហាញថា សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់ បាន​ឆ្លង​ជំងឺ COVID-19 ។ អ្នកនាំពាក្យ​កង​ឆ្មាំ​ការពារជាតិ វរសេនីយ៍ Brooke Davis និយាយ​បែបនេះ​នៅ​ថ្ងៃទី​៩ ខែមិថុនា​។​
 
​ប៉ុន្តែ​អ្នកស្រី Davis មិនបាន​បញ្ចេញ​តួលេខ​អ្នកមាន​លទ្ធផល​វិជ្ជមាន​ឡើយ ដោយ​លើក​ហេតុផល​ថា ជា​ផ្នែក​នៃ​សន្តិសុខ​ប្រតិបត្តិការ​។ អ្នកនាំពាក្យ​រូបនេះ បន្តថា អ្នក​ឆ្លង​ទាំងអស់ ស្ថិតក្នុង​ចំណោម​កម្លាំង​ឆ្មាំ​ការពារជាតិ​ទាំង​១៧០០​នាក់​ដែល​ត្រូវបាន​ពង្រាយ​ក្នុង​រដ្ឋធានី​ដើម្បី​ទប់​ទល់នឹង​បាតុកម្ម​ប្រឆាំង​ការរើសអើង​ពូជសាសន៍ និង​ពណ៌​សម្បុរ​ក្រោយ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​នៅ​ទីក្រុង Minneapolis ។​
 
​ក្រោយ​ហេតុការណ៍​នេះ បាតុកម្ម ក៏បាន​រាលដាល​ខ្លាំង​នៅ​អាមេរិក ហើយ​នៅ​វ៉ាស៊ីនតោន​ផងដែរ​។ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន ក៏បាន​កេណ្ឌ​ឆ្មាំ​ការពារជាតិ​ដែលជា​ទាហាន​បម្រុង​ឲ្យ​ចូល​ជួយ​ទ្រ​ស្ថានការណ៍ ហើយ​បន្ទាប់ពី​មក​រដ្ឋាភិបាល​សហព័ន្ធ​ក៏បាន​ពង្រាយ​អង្គភាព​មួយ​នេះ​បន្ថែមទៀត​នៅ​ថ្ងៃទី​១ ខែមិថុនា ដើម្បី​ទប់ស្កាត់​ការ​លួច​ឆក់​នៅតាម​ហាង​ពី​ក្រុម​ឆ្លៀតឱកាស​។​
 
​បើតាម​អ្នកស្រី Davis កម្លាំង​ឆ្មាំ​ការពារជាតិ​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត​ទាំង​មុន ទាំងក្រោយ​ធ្វើ​ប្រតិបត្តិការ​។ លើសពីនោះ អ្នកនាំពាក្យ​រូបនេះ​ក៏​អះអាងថា សមាជិក​កម្លាំង​ការពារជាតិ​នេះ ក៏បាន​អនុវត្ត​វិធាន​គម្លាត​សុវត្ថិភាព និង​បាន​ពាក់​ឧបករណ៍​ការពារ​ដូចជា​ម៉ាស់​ប្លា​ស្ទិ​កបាំងមុខ​ផងដែរ​។ យ៉ាងណាមិញ គេ​ក៏​ឃើញ​មាន​មន្ត្រី​អនុវត្ត​ច្បាប់ និង​ឆ្មាំ​ការពារជាតិ​ខ្លះ​មិនបាន​ពាក់​ម៉ាស់​ក្នុងពេល​ប្រឈមមុខ​ជាមួយ​បាតុករ​ដែល​ខ្លះ​ពាក់​ម៉ាស់ និង​ខ្លះទៀត​អត់​ពាក់​នោះ​។​
 
COVID-19 បានសម្លាប់​ជីវិត​ប្រជាជន​អាមេរិក​ចំនួន​ជាង​១១​ម៉ឺន​នាក់​មកហើយ​។ អាមេរិក​ក៏​ឈរ​លេខ​រៀង​ទីមួយ​នៃ​តារាង​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ គឺ​ជាង​ពីរលាន​ករណី​ក្នុងចំណោម​ករណី​ឆ្លង​ទូទាំង​ពិភពលោក​ជាង​៧​លាន​ករណី​៕
 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com