ជាតិ
សេដ្ឋកិច្ច
បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​បានសម្រេច កម្ពុជា​នឹង​អាច​នាំចេញ​កើនឡើង​២០​ភាគរយ​
10, Jun 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​រំពឹង​ការ​រ​នាំចេញ នឹង​កើនឡើង​ប្រមាណ​២០​ភាគរយៈ​ក្នុង​មួយឆ្នាំ បន្ទាប់​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​ចិន​។ លើសពីនេះ កំណើន​វិនិយោគ​ពី​បរទេស​ក៏ត្រូវ​រំពឹង នឹង​កើនឡើង​ខ្លាំង​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​។​


​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង លោក យ៉ាង ចឹ​ង​វ៉ី (Yang Zhengwei) អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម បាន​ចូលរួម​កិច្ចចរចា​ជុំ​ទី​បី កាលពី​ថ្ងៃទី​៩ មិថុនា​នេះ ដោយ​ផ្ដោត​សំខាន់​លើ​ការបើក​ច្រក​ទីផ្សារ​ផ្នែក​ទំនិញ សេវាកម្ម និង​វិនិយោគ​។ 
 
​កិច្ចចរចា​ជុំ​ទី​បី​នេះ ភាគី​ទាំងពី​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​បច្ចេកទេស និង​ផ្នែក​នីតិកម្ម ដែល​នឹង​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា និង​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​កាន់តែ​កើនឡើង​ថែមទៀត​។ ក្រុមការងារ​ប​ច្ចេ​ទេស​កម្ពុជា​-​ចិន ទាំង​១០​ក្រុម បាន​ស្នើសុំ​អនុសាសន៍​លើ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស ច្បាប់ និង​គោលនយោបាយ​ពី​ប្រធាន​ក្រុម​អ្នកចរចា​ពី​ប្រទេស​ទាំងពីរ​។ 
 
​ជាមួយគ្នា​ដែរ ភាគី​ទាំងពីរ បាន​ដោះស្រាយ​បញ្ហា​នៃ​កិច្ចព្រមព្រៀង (Agreement Text) ហើយ​ក៏បាន​ឯកភាពគ្នា​លើ​គោលការណ៍​បើក​ចក្រ​ទីផ្សារ​(Market Access) ផ្នែក​ទំនិញ​និង​សេវាកម្ម​ផងដែរ​។ ទន្ទឹមនឹងនេះ ក្រុមការងារ នឹង​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​រៀងខ្លួន ផ្ដល់​ការយល់ព្រម​លើ​កិច្ចព្រមព្រៀង​និង​សំណើ​បើក​ច្រក​ទីផ្សារ ព្រមទាំង​ចំណុច​ផ្សេងទៀត ដើម្បី​បញ្ចប់​ការចរចា​និង​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅ​ចុងឆ្នាំ​២០២០​នេះ​។ 
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន សរុប​នឹង​កើនឡើង​ចំនួន ៨,២ ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន​ចំនួន ២៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី​មាន​ចំនួន ៦,៥ ពាន់​លាន​ដុល្លារ កើនឡើង ១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ត្រឹមតែ ៥,៦ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការ​ថ្លែង​របស់ លោក យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ កសិកម្ម និង​ជនបទ ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុ​ជាទី​៦ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩៕ 
 
អត្ថបទទាក់ទង
 

Tag:
 សេដ្ឋកិច្ច​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com