រឿងកូវីដ-១៩បានរសាត់ឆ្ងាយពីអារម្មណ៍របស់ក្លើ សុធីរ និងសំណាង បន្តិចម្តងៗហើយ។ នៅពេលនេះ មិត្តភក្តិទាំងពីរបានលើកយកប្រធានបទសង្គមផ្សេងៗមកជជែកវិញម្តង។ នៅថ្ងៃនេះ ផលិតផលកសិកម្មគ្មានទីផ្សារ គឺជារឿងស្នូលនៅក្នុងការពិភាក្សារបស់ សុធីរ និងសំណាង។
សំណាង៖ អា សុធីរ! អ្នកជំនួញកសិកម្ម និងកសិករដាំបានផល តែគ្មានទីផ្សារ។ កសិករខ្លះ ដាំហើយ យំមិនចេញតែម្តង ព្រោះអត់អ្នកទិញ។ រដ្ឋាភិបាលគ្មានជួយអីបានទេ។ មិនដូចស្រុកគេទេ!។ល។ ពិបាកណាស់លោកព្រះ! តើគេបន្ទោសរដ្ឋាភិបាលត្រឹមត្រូវអត់ អា សុធីរ?
សុធីរ៖ អើ! គេបន្ទោសហ្នឹងមានខុសណា៎ ព្រោះ រដ្ឋាភិបាល គឺជាម៉ែ ជាឪ។ ជាធម្មតា ជាម៉ែ ជាឪ ត្រូវជួយកសិករ ឬអ្នកជំនួញកសិកម្មដែលជាកូន ជាចៅ។ បើតាមអញដឹង កន្លងមក រដ្ឋាភិបាលបានជួយរកទីផ្សារខ្លះដែរ តែវាមិនគ្រប់គ្រាន់សម្រាប់អ្នកជំនួញក្នុងវិស័យកសិកម្មទាំងអស់គ្នាទេ។ គេអាចបន្ទោសរដ្ឋាភិបាលបានពេញទំហឹង ប្រសិនបើផលិតផលគ្មានទីផ្សារ។ ប៉ុន្តែ ពេលខ្លះ អ្នកដាំខ្លួនឯងគួរតោងយល់ និងគិតដែរ មុននឹងបោះទុនវិនិយោគក្នុងវិស័យកសិកម្មនេះ។
សំណាង៖ ចុម អាសុធីរ! អ្ហែងចង់បន្ទោសកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្មទៅវិញមែនទេ?
សុធីរ៖ ទេ! អញមិនចង់បន្ទោសកសិករ ឬអ្នកវិនិយោគក្នុងវិស័យកសិកម្មទេ។ ដូចអញបាននិយាយខាងលើហើយតើថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវមួយផ្នែកលើបញ្ហាខ្វះទីផ្សារកសិផលហ្នឹង។ ប៉ុន្តែកសិករ និងអ្នកវិនិយោគក្នុងវិស័យនេះ គួរធ្វើកិច្ចការមួយចំនួនដោយខ្លួនឯងមុននឹងបោះទុនវិនិយោគក្នុងវិស័យកសិកម្មនេះ។
សំណាង៖ ធ្វើកិច្ចការអីទៅ អា សុធីរ! អ្ហែងនិយាយឲ្យច្បាស់បន្តិចមកអ្ហា!
សុធី៖ ជាយោបល់អញទេណា៎! ហើយកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្មកុំខឹងនឹងអញឲ្យសោះណា៎!
សំណាង៖ លោកព្រះ! និយាយមក!
សុធីរ៖ មែនទែនទៅ ពេលខ្វះទីផ្សារកសិផល រដ្ឋាភិបាលគួរតែត្រូវបានគេស្តីបន្ទោសហើយ។ គេស្តីបន្ទោសហ្នឹង មិនខុសទេ។ តែកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្មនេះ ក៏មានកំហុសខ្លះដែរ។ តើមានកំហុសអ្វីខ្លះ? កំហុសរបស់ពួកគេ មានដូចជា៖ ដាំដំណាំដូចៗគ្នា និងដាំតាមគ្នាក្នុងពេលតែមួយ, ដាំគ្មានបច្ចេកទេសបទដ្ឋានត្រឹមត្រូវ, ដាំតាមចិត្តចង់មិនបានសិក្សាទីផ្សារត្រឹមត្រូវ។ល។ ហើយកំហុសមួយទៀតរបស់កសិករ ឬអ្នកវិនិយោគក្នុងវិស័យកសិកម្មនេះ គឺ អ្នកខ្លះ បោះទុនវិនិយោគក្នុងវិស័យនេះ ដោយភ្លេចគិតថា វាជាការវិនិយោគទំហំធំ រយៈពេលយូរ ពិបាករក ឬគ្រប់គ្រងធនធានមនុស្ស។ល។ វិនិយោគក្នុងវិស័យកសិកម្មនេះ មិនមែនដូចជា ធ្វើជំនួញពាណិជ្ជកម្ម ទិញចូលភ្លាម លក់ចេញវិញភ្លាមនោះទេ។
សំណាង៖ អ៊ីចឹង មានន័យថា កសិករក្តី ឬអ្នកវិនិយោគក្នុងវិស័យកសិកម្មត្រូវចេះគិតដោយខ្លួនឯងដែរ?
សុធីរ៖ ពួកគេអាចពឹងលើរដ្ឋាភិបាលបានមួយផ្នែកដែរ ដូចជា ការរកទីផ្សារ។ ប៉ុន្តែ ពួកគេខ្លួនឯង មុននឹងបោះទុនវិនិយោគ គួរសិក្សាទីផ្សារ ឬត្រូវចេះពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកកសិកម្មខ្លះផង។ កុំចេះតែធ្វើតាមគេតាមឯង ដោយគ្មានការពិចារណានោះ។ នៅក្នុងប្រទេសជឿនលឿន អ្នករកស៊ី ឬអ្នកជំនួញ មុននឹងបោះទុន ពួកគេតែងតែសិក្សារទីផ្សារជាមុនសិន។ ដូច្នេះ កសិករ ឬអ្នកជំនួញក្នុងវិស័យកសិកម្មនៅកម្ពុជា គួរសិក្សាទីផ្សារជាមុនសិនដើម្បីចៀសវាង ការចាល់ទំនិញផលិតផលកសិកម្ម ដូចជា ការចាល់លក់មិនចេញផ្លែស្វាយនៅឆ្នាំនេះជាដើម។ ជាថ្មីម្តងទៀត គេពិតជាអាចស្តីបន្ទោសរដ្ឋាភិបាលបានហើយ ប៉ុន្តែពេលខ្លះ អ្នកជំនួញខ្លួនឯង គួរគិតដោយខ្លួនឯងផងបាទ។ កុំរកស៊ីបាន ស្ងាត់ឲ្យឈឹង ពេលរកស៊ីខាត ស្រែកឲ្យគេឯងជួយ!៕