ជាតិ
សេដ្ឋកិច្ច
គម្រោង​វិនិយោគ ១៩៤ ដែលមាន​ទឹកប្រាក់​សរុប​៣០​ពាន់​លាន​ដុល្លារ កំពុងដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​
10, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​វិនិយោគ​ចំនួន​១៩៤ កំពុងដំណើរការ​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ គម្រោង​ទាំងនេះ មាន​ទំហំ​ទឹកប្រាក់​សរុប ៣០,០៩១,០៦១,៩២៤ ដុល្លា​អាមេរិក​។ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​» កាលពី​ថ្ងៃទី​៩ មិថុនា នាទី​ស្តីការគណរដ្ឋមន្ត្រី​។​



​បើតាម​របាយការណ៍រ​បស់​អភិបាលខេត្ត គម្រោង​វិនិយោគ​ទាំង​១៩៤​នោះ មាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចំនួន​១២ ក្រុមហ៊ុន​/​គម្រោង ដោយមាន​ទុនវិនិយោគ​សរុប  ១.០៦៦.៥០០.០០០ ដុល្លារ​អាមេរិក ។ រីឯ​គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ក្រុមហ៊ុន​ចំនួន​៥ កំពុងអភិវឌ្ឍន៍​លើ​ផ្ទៃដី ១១.៧២៨ ហិកតា មាន​ទុនវិនិយោគ ១១២.៥៤៨.៩២៤ ដុល្លារ​។​
 
​ដោយឡែក​គម្រោង​វិនិយោគ​ដី​ជួល​រយៈពេល​វែង មាន​ក្រុមហ៊ុន​ចំនួន​៣ អភិវឌ្ឍន៍​លើ​ផ្ទៃដី ៧,០៥១.៩៧ ហិកតា ទុនវិនិយោគ​សរុប ៧,៦៩៣,០៣៤,៤៤០ ដុល្លារ​។​គម្រោង​វិនិយោគ​កោះ​ឆ្នេរ មាន​ក្រុមហ៊ុន​២០ អភិវឌ្ឍន៍​លើ​ផ្ទៃដី ១១,៦៣៧ ហិកតា ទុនវិនិយោគ​សរុប ៣,៩០០,៥៧០,២៥១​ដុល្លារ​។ គម្រោង​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​សណ្ឋាគារ មាន​(​ចំនួន​៦០ ក្រុមហ៊ុន​/​គម្រោង​) ទុនវិនិយោគ​សរុប ១០,៧៤៥,៦០១,៨៤៩ ដុល្លារ​។ គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម មាន​(​ចំនួន​១១ ក្រុមហ៊ុន​/​គម្រោង​) ទុនវិនិយោគ​សរុប  ២១៣,៩៥៣,៥៤០ ដុល្លារ​។  គម្រោង​វិនិយោគ​លើ​វិស័យ​កម្មន្តសាល មាន​(​ចំនួន​០៦ ក្រុមហ៊ុន​/​គម្រោង​)​ទុនវិនិយោគ​សរុប ៥៩,០៦៣,៦៧៤ ដុល្លារ​។ គម្រោង​វិនិយោគ​លើ​វិស័យ​ការច្នៃ​ម្ហូ​រអា​ហារ ផលិត​ភេសជ្ជៈ និង​ថ្នាំជក់ មាន​(​ចំនួន​០៩ ក្រុមហ៊ុន​/​គម្រោង​)​ទុនវិនិយោគ​សរុប ៣៣៤,៧២៩,៧៤០ ដុល្លារ និង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​(​ចំនួន​១០ ក្រុមហ៊ុន​) អភិវឌ្ឍន៍​លើ​ផ្ទៃដី ២,៥៨៦.២៦​ហិកតា ទុនវិនិយោគ​សរុប ១,៤៨១,៣៥៨,៨០២ ដុល្លារ ។​
 
​របាយការណ៍​អភិបាលខេត្ត​ព្រះសីហនុ​ដដែល បាន​បន្ថែមថា រដ្ឋាភិបាល និង​អាជ្ញាធរ ក៏​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ១,៣៥៥​គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប ១៣,១០៧,២០៩.១៦​ម៉ែត្រការ៉េ ដោយមាន​ទុនវិនិយោគ​សរុប ៧,០៩៩,៤១៧,២២៧.៥០​ដុល្លារ​អា​មេ​រិ​ផងដែរ​។ គម្រោង​សាងសង់​ទាំងនេះ គឺ​រាប់​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ខែឧសភា ឆ្នាំ​២០២០ ។ ហើយ​បើ​រាប់​ចាប់ពី ឆ្នាំ​២០០៥ មក​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ សំណង់​អគារ​ខ្ពស់​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​កម្ពស់​ចាប់ពី​៥  ទៅ ៥៣​ជាន់ មាន​ចំនួន ៥២៩​គម្រោង​។
 
​រដ្ឋាភិបាល​ដែល​បានកំណត់​ចក្ខុវិស័យ អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ នៅត្រឹម​ឆ្នាំ​២០៣០ ឱ្យ​ក្លាយជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជាពិសេស​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ,​មជ្ឈមណ្ឌល​កំណើន​ជាតិ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ និង​ការធ្វើសមាហរណកម្ម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ៕
 

Tag:
 សេដ្ឋកិច្ច​
  ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com