ជាតិ
រោងចក្រ​កាត់ដេរ និង​សណ្ឋាគារ​២៦​ព្យួរការងារ និង​ប៉ះពាល់​ដល់ក​ម្មករ​ជាង​៤០០០​នាក់ នៅ​ព្រះសីហនុ
11, Jun 2020 , 8:59 am        
រូបភាព
កម្មកររោងចក្រកំពុងសម្រាកក្រៅម៉ៅងធ្វើការ (រូបតំណាង៖ ប្រភពពីទំព័រសហជីពចលនាកម្មករ)
កម្មកររោងចក្រកំពុងសម្រាកក្រៅម៉ៅងធ្វើការ (រូបតំណាង៖ ប្រភពពីទំព័រសហជីពចលនាកម្មករ)
​ភ្នំពេញ​៖ រោង​ចក្រ​កាត់ដេរ​និង​សណ្ឋាគារ​ចំនួន​២៦ នៅ​ព្រះសីហនុ កំពុង​ព្យួរការងារ និង​រង​ផលប៉ះពាល់​ដល់ក​ម្មករ​ជាង​៤០០០​នាក់ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ឃ៉ូ​វ ខេមរ៉ា​។




​លោក ឃ៉ូ​វ ខេមរ៉ា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី៌ៗ​នៅ​ថ្ងៃទី​១០ មិថុនា​នេះ​ថា នៅ​អំឡុងពេល​រីក​រាលដាល​កូ​វីដ-​១៩ មាន​រោងចក្រ​កាត់ដេរ​៣៨​បាន​ព្យួរការងារ ប៉ុន្តែ​១៦​រោងចក្រ​បាន​ដំណើរការ​ឡើងវិញ​។ ចំណែក​វិស័យ​ទេសចរណ៍ គឺមាន​សណ្ឋាគារ​៤​បាន​ព្យួរ​ការងារ ក្នុងនោះ​២​កន្លែង​បានដាក់​ពាក្យ​ព្យួរ និង​២​កន្លែង​ទៀត បាន​ចរចា​ក្រៅ​ផ្លូវ​ជាមួយ​បុគ្គលិក ដោយ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​៥០​ភាគរយ​។ 
 
​ប្រធាន​មន្ទីរ​ការងារ​ព្រះសីហនុ​ថ្លែងថា​៖ «១៦​រោង​ចក្រ​ដែល​ព្យួរការងារ​ជុំ​ទី​១ បាន​ដំណើរការ​ឡើងវិញ​ហើយ នៅតែ​២២​រោងចក្រ ដែល​ដាក់ពាក្យ​ព្យួរការងារ​។ បើ​សរុប​កម្មករ​រង​ផលប៉ះពាល់​មាន​ជាង​៨០០០​នាក់ ។​ប៉ុន្តែ​ដោយសារ​ជុំ​ទី​១​បាន​ដំណើរការ​ឡើងវិញ នៅ​កម្មករ​ជាង​៤០០០​នាក់​ប៉ុណ្ណោះ ដែល​រង​ផលប៉ះពាល់ ដែល​គិត​ទាំង​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ព្យួរការងារ​៤​កន្លែង​ទៀត​»​។ 
 
​ទន្ទឹមនឹងនេះ លោក ឃ៉ូ​វ ខេមរ៉ា អះអាងថា កម្មករ​ប្រមាណ​៤០០០​នាក់​នេះ គឺមាន​មួយចំនួន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​ក្រសួង​ការងារ​ហើយ​។ 
 
​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​កាត់ដេរ​២១៧ ហើយ​សហគ្រាស​ធុន​តូច​និង​មធ្យម រួមទាំង​សិប្បកម្ម​ជាង​១១៤៩​មូលដ្ឋាន​។ រោងចក្រ​និង​សហគ្រាស​ជាង​១៣០០​នេះ មាន​កម្លាំង​ពលកម្ម​ប្រមាណ​២២០០០​នាក់​។ រីឯ វិស័យ​ទេសចរណ៍​មាន​៨៧៧​ទីតាំង​។ នេះ​បើតាម​របាយការណ៍​ខេត្ត​ព្រះសីហនុ​៕ 
 

Tag:
 រោងចក្រ​
  ការងារ​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com