ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរស្រុកប្រាសាទបាគងផ្តើមប្រតិបត្តិការសង្គ្រោះត្រីក្នុងកសិន្ធុ ក្រោយករណីងាប់ជាបន្តបន្ទាប់ អាជ្ញាធរកំពុងបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
× សៀមរាប៖ រដ្ឋបាលស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដឹកជញ្ជូនទឹកជាច្រើនឡាន(សង្គ្រោះអគ្គិភ័យ) ទៅដាក់នៅកសិន្ធុប្រាសាទបាគងដែលរីងទឹកជិតអស់ និងបានធ្វើឲ្យត្រីធំៗមួយចំនួនបានងាប់ជាបន្តបន្តាប់នោះ។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានឲ្យដឹងថា អ្វីដែលអាជ្ញាធរអាចធ្វើបាននាពេលនេះ ធ្វើយ៉ាងណាឲ្យកសិន្ធុប្រាសាទបាគង មានទឹកគ្រប់គ្រាន់សម្រាប់សុវត្ថិភាពត្រីជាមុនសិន។
លោកបន្ថែមដូច្នេះ៖« យើងប្រើប្រាស់កម្លាំងរថយន្តអគ្គិភ័យរបស់ស្នងការខេត្ត, ប៉េអឹមស្រុក អធិការស្រុក ក៏ដូចជាអាជ្ញាធរអប្សរា ធ្វើម៉េចយកទឹកមកដាក់ស្រះនេះសិន។ អាជ្ញាធរអប្សរាបានបុកអណ្តូងបន្ថែមទៀត ធ្វើយ៉ាងម៉េចឲ្យស្រះមានទឹកបណ្តោះអាសន្នសិន ហើយក្រុមការងារ នឹងជីកស្រះមួយផ្នែក នៅទីនេះឲ្យជ្រៅ ហើយយើងដាក់ពើកឡើងវិញត្រជាក់ ដើម្បីអាចផ្ទេរត្រីឲ្យចូលកន្លែងដែលមានសុវត្ថិភាព»។
ទោះយ៉ាងណាក៏ដោយ លោក សូរ ប្លាតុង នៅមិនទាន់ដឹងថាពីបរិមាណទឹកដែលត្រូវយកបន្ថែមនៅក្នុងកសិន្ធុប្រាសាទបាគងនេះនៅឡើយ។ ក៏ប៉ុន្តែដោយសារ ត្រីនៅទីនេះ ជាប្រភេទត្រីធំៗ ដែលមានទម្ងន់ពី១៥-៣០គីឡូក្រាម អាជ្ញាធរទំនងត្រូវការប្រើប្រាស់ទឹកច្រើន និងអាចធ្វើការងារ ពីរថ្ងៃនោះ។ លោក សូរ ប្លាតុង មានសុទិដ្ឋិនិយមថា នឹងអាចសង្គ្រោះជីវិតត្រីដែលនៅសេសសល់ ក្នុងកសិន្ធុប្រាសាទបាគងនេះបាន៕
សូមអញ្ជើញទស្សនា កិច្ចសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com