ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! “​ភេសជ្ជៈ​កំប៉ុង​” អាច​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចំពោះ​សុខភាព​
10, Aug 2022 , 6:59 am        
រូបភាព
​ភេសជ្ជៈ​កំប៉ុង​កំពុង​ទទួលបាន​ការពេញនិយម​ជាខ្លាំង ទោះជា​យ៉ាងណា​ភេសជ្ជៈ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​។ ផលប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​សូ​ដា​ចំពោះ​រាងកាយ គឺ​ឆាប់រហ័ស និង​គួរឱ្យ​ព្រួយបារម្ភ​ណាស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ជាប្រចាំ ៖

 
១. ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផងដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​
 
២. ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​ភេសជ្ជៈ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យ​ព្រួយបារម្ភ​។ ចំពោះ​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​វិញ​ក៏​ដូចគ្នា​! មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជំនួស​ភេសជ្ជៈ​កំប៉ុង​ធម្មតា​ដោយសារ​គិតថា​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាក់ស្ដែង​តាមពិតទៅ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​មិនយូរ​មិនឆាប់​នៅតែ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ដដែល​ដោយ​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ភេសជ្ជៈ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បណ្ដាលឱ្យមាន​ភាព​ធ​ន់​នឹង​អាំង​ស៊ុយ​លីន​ដែលជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
៣. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​កាហ្វេ​អ៊ី​ន​ដែលមាន​ផ្ទុក​ក្នុង​ភេសជ្ជៈ​កំប៉ុង​ជា​ប្រភេទ​នៃ​សារធាតុ​បញ្ចុះ​ទឹកនោម​មួយ​ប្រភេទ​ដែល​អាច​បណ្ដាលឱ្យ​អ្នក​នោម​ញឹក​។ ជា​លទ្ធផល​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៤. ឱកាស​ក្នុងការ​មាន​ផ្ទៃពោះ​ធ្លាក់ចុះ​
 
​នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​សូ​ដា​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​អ័រម៉ូន​និង​ប្រព័ន្ធ​បន្ត​ពូជ​។​
 
៥. ឆាប់​ចាស់​ជាង​វ័យ​
 
​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​ភេសជ្ជៈ​កំប៉ុង​ច្រើនពេក​អាច​បង្កើនល្បឿន​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​តែង​ផ្សារភ្ជាប់​ជាមួយ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​តាមរយៈ​ដំណើរការ​មួយ​ហៅថា glycation បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កូ​ឡា​ជែ​ន​និង​ភាពបត់បែន​នៃ​ស្បែក​បណ្ដាលឱ្យ​ស្នាម​ជ្រីវជ្រួញ​លេចឡើង​ឆាប់រហ័ស រួមជាមួយ​បញ្ហា​ស្បែក​យារ​ធ្លាក់​ផងដែរ​។​
 
៦. ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​
 
​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ចំនួន ២ ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​គួរឱ្យ​ព្រួយបារម្ភ​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាបូ​ណាត​ក៏​ផ្សារភ្ជាប់​ជាមួយ​ការបង្កើត​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។​
 
៧. ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អោយដឹងថា​ការទទួល​ទាន​ភេសជ្ជៈ​ផ្អែម ឬ​ភេសជ្ជៈ​សូ​ដា​ហួសប្រមាណ ឬ​ជាប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​ជាតិ​ស្ករ​ច្រើនពេក​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ទៀត រួមបញ្ចូល​ទាំង​ជំងឺផ្លូវចិត្ត ជំងឺ​ទឹកនោមផ្អែម បញ្ហា​ខ្លាញ់​រុំ​ថ្លើម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ៗ​ជំនួស​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com