អន្តរជាតិ
សកម្មជន​ថៃ​សម្ដែង​ការព្រួយបារម្ភ​អំពី​ទំនប់​វា​រី​អគ្គិសនី​ឡាវ​លើ​ទន្លេមេគង្គ​ដែល​ទើបតែ​ស្នើ​ថ្មី​
11, Jun 2020 , 7:59 pm        
រូបភាព
សាឡាងដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គនៅខាងក្រៅទីក្រុងភ្នំពេញប្រទេសកម្ពុជានៅថ្ងៃអង្គារទី ២៨ ខែមករាឆ្នាំ ២០២០ ។ (AP Photo/Heng Sinith)
សាឡាងដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គនៅខាងក្រៅទីក្រុងភ្នំពេញប្រទេសកម្ពុជានៅថ្ងៃអង្គារទី ២៨ ខែមករាឆ្នាំ ២០២០ ។ (AP Photo/Heng Sinith)
ដោយ: VOA
​ខេត្ត​ក្រា​ប៊ី ប្រទេស​ថៃ ៖ សកម្មជន​និង​អង្គការ​មួយចំនួន​ក្នុងប្រទេស​ថៃ​សម្ដែង​ការព្រួយបារម្ភ ក្រោយពី​ការប្រកាស​កាលពី​ខែ​មុន​ថា គណៈកម្មការ​ទន្លេមេគង្គ​នឹង​ចាប់ផ្ដើម​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​របស់ខ្លួន​លើ​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ ដែលជា​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​លើ​ទន្លេមេគង្គ​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ​។​

 
​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​ទី ៦ នៅក្នុង​ប្រទេស​ឡាវ ដែល​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​ជាង​ពីរពាន់​លាន​ដុល្លារ និង​ត្រូវ​ស្ថិតនៅ​ពីលើ​ខ្សែទឹក​ទំនប់​វា​រី​អគ្គិសនី​សៃ​យ៉ា​ប៊ូ​រី​។ ទំនប់ វា​រី​អគ្គិសនី​សៃ​យ៉ា​ប៊ូ​រី​បានចាប់ផ្ដើម​ប្រតិបត្តិការ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។​
 
​ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ជាធម្មតា​មាន​រយៈពេល ៦ ខែ ដែល​ក្នុងអំឡុង​ពេលនោះ សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ដទៃទៀត ដែល​រួមមាន​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម អាច​ត្រួតពិនិត្យ​គម្រោង​នេះ​និង​វាយតម្លៃ​ផលប៉ះពាល់​ទៅលើ​ប្រទេស​របស់ខ្លួន​។​
 
​ខណៈដែល​សមាជិក​ដទៃ​ទៀត​អាច​ស្នើ​ឲ្យ​កែប្រែ​លើ​ចំណុច​ណាមួយ​បាន ដំណើរការ​ប្រឹក្សា​យោបល់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​មិនអាច​បញ្ឈប់​គម្រោង​ណាមួយ​បានទេ ដែល​នេះ​មានន័យថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​នឹង​ត្រូវតែ​ដំណើរការ​ទៅមុខ​។​
 
​អង្គការ Save the Mekong ដែលជា​សម្ព័ន្ធ​នៃ​អង្គការ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២ ខែ មិថុនា ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គស​នី​ដែល​ស្នើឡើង​នេះ​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន មិនចាំបាច់ និង​មាន​ហានិភ័យ ហើយ​គួរតែ​លុបចោល​។​
 
​អង្គការ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ឥឡូវនេះ​គឺជា​ពេលដែល​ត្រូវ​លុបចោល​ទំនប់​វា​រី​អគ្គស​នី​នានា​នៅលើ​ដង​ទន្លេមេគង្គ​ជា​អចិន្ត្រៃយ៍ និង​ត្រូវ​ផ្ដល់​អាទិភាព​ទៅលើ​ជម្រើស​ថាមពល​ដែលមាន​ចីរភាព​និង​សមធម៌ និង​មាគ៌ា​ដែល​គោរព​សិទ្ធិ​របស់​សហគមន៍​»​។​
 
​ដូច​ទំនប់​វា​រី​អគ្គិសនី​សៃ​យ៉ា​បូរី​ដែរ អគ្គិសនី​ដែល​ទទួលបាន​ពី​គម្រោង​សា​ណា​ខាំ​នឹងត្រូវ​នាំចេញ​ជា​ចម្បង​ទៅកាន់​ប្រទេស​ថៃ ដែល​អ្នកតាមដាន​ស្ថានការណ៍​ជាច្រើន​និយាយថា ប្រទេស​ថៃ​មាន​អគ្គិសនី​ប្រើប្រាស់​ច្រើន​លើសលប់​រួចទៅហើយ​។​
 
​លោក Ormbun Thipsuna អ្នកនាំពាក្យ​របស់​បណ្ដា​ញ​ប្រជាជន​ថៃ​ក្នុង​ខេត្ត​ចំនួន​៨​នៅជាប់​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា​៖ «​ឯកសារ​នានា​បង្ហាញថា រោងចក្រ​អគ្គិសនី​នានា​នៅក្នុង​តំបន់​នេះ​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​រួចទៅហើយ ហើយ​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​នឹង​មានតែ​បង្កើត​បញ្ហា​បន្ថែមទៀត​តែប៉ុណ្ណោះ​ដល់​ប្រជាជន​ដែល​រស់នៅ​និង​ធ្វើការ​នៅតាម​ដង​ទន្លេ​នេះ​»​។​
 
​អង្គការ​នេះ​បានគ្រោង​ជួប​ជាមួយនឹង​ក្រុមមន្ត្រី​រដ្ឋាភិបាល​ថៃ​កាល​ខែមីនា ដើម្បី​ពិភាក្សា​អំពី​ផលប៉ះពាល់​ខ្លាំងក្លា​នានា​នៃ​ទំនប់​វា​រី​អគ្គិសនី​សៃ​យ៉ា​បូរី ដែល​ទើបតែ​ប្រតិបត្តិការ​ថ្មី និង​អំពី​ក្ដីបារម្ភ​លើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​ដែល​ទើបតែ​ស្នើ​ថ្មី​នេះ​។ ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារតែ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​អាង​ស្ដុក​ទឹកទន្លេ​មេគង្គ​ក្រោម​មាន​កម្រិត​ទឹក​ទាប​ដែល​មិន​ធ្លាប់មាន​ពីមុនមក​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ជួប​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៤០ ឆ្នាំ​មកនេះ​កាលពីដើមឆ្នាំ ២០២០​។ គ្រោះរាំងស្ងួត​នោះបាន​ប៉ះពាល់​ដល់​កសិករ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​អាងទឹក​ទន្លេមេគង្គ​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​។​


អ្នកភូមិធ្វើដំណើរតាមដងទន្លេមេគង្គក្បែរណុងខៃប្រទេសថៃ។ ទឹកទន្លេកាន់តែថ្លាចាប់តាំងពីទំនប់សាយ៉ាប៊ូរីចាប់ផ្តើមផលិតថាមពលវារីអគ្គិសនី។ (Steve Sandford / VOA)
 
​ក្រុម​អ្នក​រិះគន់​និយាយថា ទំនប់​វា​រី​អគ្គស​នី​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​តែប៉ុណ្ណោះ​។​
 
​លោក Paiporn Deetes នៃ​អង្គការ​អភិរក្ស International Rivers បាន​ថ្លែងថា​៖ «​បើតាម​អ្នកភូមិ​ក្នុង​ខេត្ត Loei ដែល​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ថៃ នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​ដែល​ស្នើ​ថ្មី​នេះ ការជំរុញ​ទៅមុខ​នូវ​គម្រោង​នេះ​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន និង​សង្គម​នៅ​ជុំវិញ​ទន្លេមេគង្គ​ទៅលើ​សហគមន៍​នៅ​ខ្សែទឹក​ខាងក្រោម​»​។​
 
​លោក Deetes បាន​និយាយ​បន្ថែមថា​៖ «​ការផ្ដល់​ទិន្នន័យ ដែល​រហូតមក​ដល់ពេលនេះ​ប្រជាជន​តែងតែ​ទទួលបាន​តាមរយៈ​បណ្ដាញ​របស់​រដ្ឋាភិបាល មិនបាន​ផ្ដល់ដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ហើយក៏​មិនបាន​លើកឡើង​ពី​ផលប៉ះពាល់​ដល់​ប្រទេស​ដទៃទៀត​ដែរ​»​។​
 
​លោក Deetes បានលើកឡើង​យ៉ាង​ដូច្នេះ ដោយនិយាយ​សំដៅ​ទៅលើ​ព័ត៌មាន​អំពី​បរិស្ថាន​មាន​កម្រិត ដែល​ផ្ដល់​ដល់​បណ្ដា​ប្រទេស​ដែល​ប្រតិបត្តិ​ទំនប់​វា​រី​អគ្គិសនី ជាពិសេស​នៅ​អាងទឹក​ទន្លេមេគង្គ​ខាងលើ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​។​
 
​លោក​បានលើកឡើង​ទៀតថា​៖ «​សំខាន់បំផុត​នោះ ការផ្ដល់​ព័ត៌មាន​ដល់​សាធារណ​ជននេះ​មិនបាន​លើកឡើង​ពី​ផលប៉ះពាល់​ទៅលើ​សហគមន៍​ដែល​ស្ថិតនៅ​ខ្សែទឹក​ទន្លេមេគង្គ​ខាងក្រោម និង​ប្រព័ន្ធ​អេកូឡូស៊ី​នោះទេ​»​។​
 
​អង្គការ​ជាច្រើន​ដែលជា​សមាជិក​អង្គការ Save the Mekong កំពុង​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​មួយរយៈ ដែល​ស្រដៀង​ទៅនឹង​ការសម្រេច​របស់​ប្រទេស​កម្ពុជា​កាលពី​ខែមីនា​ដែរ ដែល​ហាមឃាត់​មិន​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​នៅតាម​ដង​ទន្លេមេគង្គ​រយៈពេល ១០ ឆ្នាំ​។​
 
​ថ្វីត្បិតតែ​ប្រទេស​ចិន​មិនមែនជា​សមាជិក​គណៈកម្មកា​រ​ទន្លេមេគង្គ​ក៏ដោយ ក៏​ប្រទេស​នេះ​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​យ៉ាងខ្លាំង​ក្លា តាមរយៈ​ការវិនិយោគ​និង​ការផ្ដល់​ប្រាក់កម្ចី​។​
 
​គណៈកម្មការ​ទន្លេមេគង្គ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្នើ​ឲ្យ​មាន​តម្លាភាព​ប្រសើរ​ជាង​មុន បន្ទាប់ពី​ការចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ខែមេសា ដោយ​និយាយថា ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​នៅ​ខ្សែទឹក​ខាងលើ​ទន្លេមេគង្គ​បាន​ទប់ទឹក​មិន​ឲ្យ​ហូរ ដែល​ធ្វើ​ឲ្យ​កម្រិត​នៅក្នុង​អាង​ស្តុក​ទឹកទន្លេ​មេគង្គ​នៅ​ខ្សែទឹក​ខាងក្រោម មាន​កម្រិត​ទាប​។​
 
​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន Eyes on Earth ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​អំពី​ទឹក បានដាក់​បញ្ចូល​គ្នា​នូវ​រូបភាព​ពី​ផ្កាយរណប​ប្រចាំថ្ងៃ​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៩ ដោយមាន​រួមបញ្ចូល​នូវ​ទិន្នន័យ​កម្ពស់​ទឹកទន្លេ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ដល់​ការសន្និដ្ឋាន​របស់​ពួកគេ​ដែលថា ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​នៅ​ខ្សែទឹក​ខាងលើ​ទន្លេមេគង្គ​ទាំង ១១ បាន​ទប់ទឹក​ដើម្បី​យកទៅ​ចាក់​បំពេញ​ក្នុង​អាង​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​រយៈពេល​វែង​។​
 
​លោក An Pich Hatda នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ បាន​ថ្លែងថា​៖ «​តម្រូវការ​សម្រាប់​ប្រទេស​ទាំងអស់​ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេមេគង្គ​ក្នុងការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ យុត្តិធម៌​សង្គម និង​ចីរភាព​បរិស្ថាន គឺជា​រឿង​ដ៏​សំខាន់បំផុត​។ ការចែករំលែក​ទិន្នន័យ​ប្រកបដោយ​តម្លាភាព​អំពី​របៀប​ដែល​ទឹក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នានា​ដំណើរការ នឹង​ជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​និង​ចៀសវាង​ការយល់​ខុស​ផ្សេងៗ​»​។​
 
​កាលបរិច្ឆេទ​ក្នុងការ​ចាប់ផ្ដើម​ប្រឹក្សា​យោបល់​អំពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​នឹងត្រូវ​ប្រកាស បន្ទាប់ពី​ដំណើរការ​ប្រឹក្សា​យោបល់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​កាលពីមុន​ចប់​រួចរាល់ ដែល​ត្រូវ​វាយតម្លៃ​ទៅលើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​លួង​ប្រា​បា​ង្គ ដែលជា​ទំនប់​មួយទៀត​នៅក្នុង​ប្រទេស​ឡាវ​។ ការប្រឹក្សា​យោបល់​អំពី​ទំនប់​វា​រី​អគ្គិសនី​លួង​ប្រា​បា​ង្គ​នេះ នឹង​ត្រូវធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ខាងមុខនេះ​។​
 
​ក្រុមហ៊ុន Datang Sanakham Energy គឺជា​ក្រុមហ៊ុន​ចុះកិច្ចសន្យា​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​នេះ​។ ក្រុមហ៊ុន​នេះ​គឺជា​សាខា​របស់​ក្រុមហ៊ុន Datang International Power Generation Co. របស់​រដ្ឋាភិបាល​ចិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com