COVID-19
ជាតិ
កម្ពុជា បកស្រាយ​ថា យុវជន​វៀតណាម ដែល​ឆ្លង​កូ​វីដ​នោះ មិន​ធ្លាប់​នៅ​កម្ពុជា​ទេ​
11, Jun 2020 , 11:55 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (រូបពី AFP)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (រូបពី AFP)
​បន្ទាប់ពី​អ្នកនាំពាក្យ ចេញមក​បដិសេធ​ម្តង​ជា​ពីរដង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រួចមក ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ ដើម្បី​បដិសេធ​នឹង​សារព័ត៌មាន​របស់​វៀត​ណា​ម​ឈ្មោះ Luatvetnam ដែល​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា យុវជន​ជនជាតិ​វៀតណាម​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ចេញពី​កម្ពុជា តាម​ច្រក Thuong Phuon ទៅដល់​វៀតណាម​វិញ​។



​សេចក្តីថ្លែងការណ៍ ដែល​ចេញ​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ បកស្រាយ​បែបនេះ​ថា​៖«​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​កម្ពុជា និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ជាពិសេស​ខេត្តព្រៃវែង បាន​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏ប៉ុន្តែ​មិនមាន​បុគ្គល​ជនជាតិ​វៀតណាម​ខាងលើនេះ នៅ​កម្ពុជា ឬ​ចេញ​តាម​ច្រក​ដូច​បានលើកឡើង​ក្នុង​សារព័ត៌មាន​ខាងលើនេះ ចេញទៅ​វៀតណាម​នោះដែរ​»​។ 
 
​មុន​ចេញ​សេចក្តីថ្លែងការណ៍ អ្នកស្រី ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ធ្លាប់​បំភ្លឺ​ទៅកាន់​អ្នកកាសែត​ដូច្នេះ​ថា​៖«​នេះ​មិនមែនជា​លើកទីមួយ​ទេ ច្រើនលើក​ហើយ ដែល​វៀតណាម​ធ្វើបែបនេះ​។ នេះ​ជា​ជនជាតិ​វៀតណាម ដែល​រស់​នៅលើ​ទឹកដី​វៀតណាម មានផ្ទះ​សម្បែង​នៅ​វៀតណាម ហើយ​យើង​ស្រាវជ្រាវ​មិនមាន​បុគ្គល​នេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​»​។ 
 
​មិនមែន​តែ​សារព័ត៌មាន Luatvetnam ទេ សារព័ត៌មាន​ផ្សេងទៀត​របស់​វៀតណាម ដូចជា VN Express ជាដើម ក៏​ចុះផ្សាយ​ដែរ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០​។ បើតាម VN Express ពេលទៅដល់​វៀតណាម​វិញ យុវជន​នោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ឡែក​រយៈពេល​១៤​ថ្ងៃ និង​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។​
 
VN Express សរសេរថា ពេលធ្វើ​តេស្ត​លើកដំបូង យុវជន​នោះ មិនមាន​ជំងឺ​កូ​វីដ​-១៩​ឡើយ ប៉ុន្តែ​ពេលធ្វើ​តេស្ត​លើក​ពីរ ក៏​រកឃើញ​ជំងឺ​កូ​វីដ​-១៩​។ សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​វៀតណាម​។​
 
​កាលពី​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២០ សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ Viet Nam News ធ្លាប់​ផ្សាយ​ថា បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេល​ចេញពី​កម្ពុជា តែ​កាលនោះ កម្ពុជា បាន​បដិសេធ​ដូច​ពេលនេះ​ដែរ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងសុខាភិបាល​កម្ពុជា បំភ្លឺថា មកដល់ពេលនេះ មិនមាន​របាយការណ៍​ផ្លូវការ​ណាមួយ​ស្តីពី​ករណី​យុវជន​វៀតណាម​វ័យ​១៨​ឆ្នាំ​នោះ ត្រូវបាន​ផ្តល់​ដោយ​អាជ្ញាធរ​សុខាភិបាល​វៀតណាម តាម​ប្រព័ន្ធ​រាយការណ៍​ឲ្យ​គ្នា​ទៅវិញទៅមក (EOC) ក្នុង​បណ្តា​ប្រទេស​អាស៊ាន​នោះទេ​។  
 
EOC (Emergency Operations Centre) ជា​ប្រព័ន្ធ​ឬ​បណ្តាញ​មួយ ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ប្រើប្រាស់ ដើម្បី​ផ្តល់ព័ត៌មាន​ឬ​រាយការណ៍​ឲ្យ​គ្នា​ទៅវិញទៅមក​អំពី​ជំងឺឆ្លង​ថ្មីៗ ជាពិសេស​ជំងឺ​កូ​វីដ​-១៩ ដែល​ទើបនឹង​ផ្ទុះ​ចេញពី​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ ហើយ​ឈានដល់​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ វា បាន​ឆ្លងទៅ​មនុស្ស​ជាង​៧,៤​លាន​នាក់​ហើយ នៅលើ​ពិភពលោក​។ 
 
​ក្រសួងសុខាភិបាល​កម្ពុ​ជា អះអាង​ទៀតថា ការចុះផ្សាយ​របស់​វៀត​ណា​ម បង្ហាញថា យុវជន​វៀតណាម​រូបនោះ រស់នៅក្នុង​ឃុំ​ថុង​ហ្វុ​ក ស្រុក​ហ្វៀ​ន​ហុង​ងឺ ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម ដូច្នេះ​មិនមែន​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ឡើយ ហើយ​ការឆ្លង​នោះ គឺ​ឆ្លង​នៅ​ប្រទេស​វៀតណាម​តែម្តង​។ 
 
​ក្រសួងសុខាភិបាល​កម្ពុ​ជា បន្តថា គ្រប់​ព័ត៌មាន​ដែល​ក្រសួង​បានឃើញ ក្រុមការងារ​របស់​ក្រសួង តែង​ស្រាវជ្រាវ ដោយ​រុករក​យ៉ាង​ហ្មត់ចត់​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដដែល ក្រសួងសុខាភិបាល​កម្ពុ​ជា អំពាវនាវ​ឲ្យ​ភាគី​វៀតណាម គោរព​តាម​បទដ្ឋាន​បច្ចេកទេស​និង​គោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង មុន​នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ឬ​ចុះផ្សាយ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការប្រឹងប្រែង​របស់​កម្ពុ​ជា ក្នុងដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ យ៉ាងណា ក្រសួងសុខាភិបាល​កម្ពុ​ជា ប្រកាសថា នៅតែ​ប្រកាន់​ជំហរ​សហប្រតិបត្តិការ​ល្អ​ជាមួយ​វៀតណាម  ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​-​វៀតណាម បានសម្រេច​រួមគ្នា​បិទ​ច្រកចេញចូល​ទាំងបី គឺ​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស មិន​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​ប្រទេស​ទាំងពីរ​ឡើយ លើកលែងតែ​ការនាំ​ចូល​ទំនិញ​។ 
 
​មកដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២៦​នាក់ ជាសះស្បើយ​១២៥​នាក់ ហើយ​វៀតណាម មាន​អ្នក​ឆ្លង​៣៣២​នាក់ ជាសះស្បើយ​៣២០​នាក់​។ កម្ពុជា​និង​វៀតណាម មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ឡើយ​៕ 
   
 

Tag:
 កម្ពុជា​-​វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com