កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិកលុបការហាមកីឡាករលុតជង្គង់ពេលគោរពភ្លេងជាតិវិញ ក្រោយការស្លាប់របស់ George Floyd ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិអាមេរិក អំឡុងពេលគោរពភ្លេងជាតិមុនការប្រកួតឆ្នាំ២០១៦
× សហព័ន្ធកីឡាបាល់ទាត់អាមេរិក (USSF) នៅថ្ងៃទី១០ មិថុនា បានសម្រេចលុបចោលការហាមប្រាមមិនឲ្យកីឡាករ កីឡាការិនីលុតជង្គង់អំឡុងពេលគោរពភ្លេងជាតិ។ ការដកបម្រាមនេះ បន្ទាប់ពីមើលឃើញថា វាផ្ទុយនឹងចលនា Black Lives Matter ដែលជាចលនាគាំទ្រឲ្យមានការផ្តល់ការគិតគូលើ «បញ្ហារស់នៅរបស់ជនជាតិស្បែកខ្មៅ» ក្រោយការស្លាប់របស់ George Floyd។
បម្រាមមិនឲ្យលុតជង្គង់នេះ ត្រូវបានអនុម័តនៅឆ្នាំ ២០១៧ បន្ទាប់ពីសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិក Megan Rapinoe បានលុតជង្គង់អំឡុងពេលគោរពភ្លេងជាតិមុនការប្រកួតនៅឆ្នាំ ២០១៦។ ការលុតជង្គង់របស់ Rapinoe ជាការបង្ហាញការយកចិត្តទុកដាក់ចំពោះភាពអយុត្តិធម៌ជុំវិញការរើសអើងពូជសាសន៍ ខណៈសកម្មភាពនេះ ក៏មានការចូលរួមសាមគ្គីពីសំណាក់កីឡាករបាល់ឱប Colin Kaepernick របស់ក្រុម Quarterback NFL ផងដែរ។
USSF បានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញការដកបម្រាមនេះវិញថា៖ «យើងសូមអភ័យទោសដល់កីឡាកររបស់យើងជាពិសេសកីឡាករស្បែកខ្មៅ បុគ្គលិក អ្នកគាំទ្រ និងអ្នកទាំងអស់គ្នាដែលគាំទ្រការលុបបំបាត់ការរើសអើងជាតិសាសន៍។ កីឡា ជាវេទិកាមួយដ៏មានឥទ្ធិពលសម្រាប់ភាពល្អ ហើយទទួលស្គាល់ថា យើងមិនទាន់បានប្រើប្រាស់វេទិកានេះប្រកបដោយប្រសិទ្ធភាពដូចដែលយើងគួរតែមាននៅឡើយនោះទេ។ យើងអាចធ្វើបានកាន់តែច្រើនលើបញ្ហាទាំងនេះ ហើយយើងនឹងធ្វើឲ្យបាន»។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាមេរិកមួយនេះបន្ថែមថា នេះជាការឆ្ពោះទៅមុខ ដោយអាស្រ័យលើកីឡាករ កីឡាការិនីក្នុងការកំណត់ថាតើពួកគេចង់ប្រើវេទិការបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍ និងភាពមិនស្មើគ្នានេះឬទេ។
បញ្ហាចម្រូងចម្រាសអំពីការរើសអើង បានវិលត្រឡប់មករកភាពតានតឹងវិញបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្រោមស្នាដៃប៉ូលិសស្បែកសនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក។ អ្នកតវ៉ាជាច្រើនបានផ្ទុះឡើង និងបន្តរីករាលដាលជុំវិញពិភពលោកជាពិសេសនៅទឹកដីអាមេរិកតែម្តង។
ជុំវិញការដាក់បម្រាមមិនឲ្យលុតជង្គង់ខាងលើនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំធ្លាប់ជាអ្នកផ្តល់សំឡេងគាំទ្រខ្លាំងបំផុតដោយអះអាងថា ទង្វើរបស់កីឡាករ កីឡាការិនីបែបនេះ គឺមិនគោរពប្រទេស និងទង់ជាតិរបស់ខ្លួងឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com