សង្គមអន្តរជាតិ
អន្តរជាតិ
ប្អូនប្រុស Floyd៖ តើជីវិតរបស់ជនជាតិស្បែកខ្មៅម្នាក់មានតម្លៃត្រឹមតែលុយ ២០ដុល្លារទេឬ? លោក Philonise Floyd ដែលត្រូវជាប្អូនប្រុសរបស់ George Floyd។ រូបភាព៖ AFP
× លោក Philonise Floyd ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ George Floyd បានបង្ហាញវត្តមានចំពោះមុខគណៈកម្មាធិការនីតិកម្មសភាអាមេរិក និងបានសំណូមពរឲ្យគណៈកម្មាធិការនៃសភាតំណាងរាស្ត្រ ជួយជំរុញឲ្យមានការកាត់បន្ថយភាពហិង្សារបស់ប៉ូលិសក្នុងការអនុវត្តច្បាប់ សំដៅដោះស្រាយបញ្ហារើសអើងក្នុងចំណោមជនជាតិអាមេរិកស្បែកខ្មៅ។ បុរសរូបនេះលើកជាសំណួរថា តើជីវិតប្អូនប្រុសរបស់ខ្លួន មានតម្លៃត្រឹមតែ២០ដុល្លារទេ?
ថ្លែងនៅចំពោះមុខគណៈកម្មាធិការនីតិកម្មនៃសភាតំណាងរាស្ត្រអាមេរិក លោក Philonise Floyd ដែលត្រូវជាប្អូនប្រុសបង្កើត George Floyd បានសំណូមពរយ៉ាងដូច្នេះថា៖ « ខ្ញុំនៅទីនេះដើម្បីស្នើឲ្យអ្នកជួយបញ្ឈប់វា (ការរើសអើងពូជសាសន៍)។ បញ្ឈប់ការឈឺចាប់។ បញ្ឈប់ពួកយើងពីភាពធុញទ្រាន់នៃការប្រកាន់ពូជសាសន៍»។
និយាយបណ្ដើរទប់ទឹកភ្នែកបណ្ដើរ លោក Philonise បានបន្តថា លោកមិនអាចបង្ហាញពីអារម្មណ៍ខ្លួនឯងបានឡើយថា ឈឺចាប់ប៉ុនណា នៅពេលមើលវីឌីអូដែលប្អូនរបស់ខ្លួនត្រូវប៉ូលិសសង្កត់ក។ ចំពោះមុខសមាជិកគណៈកម្មាធិការទាំងអស់ ប្អូនប្រុសរបស់ Floyd លើកឡើងថា តើជនជាតិស្បែកខ្មៅម្នាក់មានតម្លៃត្រឹមតែលុយ ២០ដុល្លារ? ក្នុងន័យនេះ Philonise ជឿថា ជីវិតបងប្រុសរបស់លោក មិនសមនឹងស្លាប់ព្រោះលុយក្លែងក្លាយ២០ដុល្លារឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្រៅពីរៀបរាប់ពីការស្លាប់របស់បងប្រុស លោក Philonise បានទទូចឲ្យគណៈកម្មាធិការនីតិកម្មស្តាប់នូវសំណូមពររបស់លោក សមាជិកគ្រួសាររបស់ Floyd និងបាតុកម្មរបស់ប្រជាជនទាំងអស់នៅលើពិភពលោក ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបញ្ឈប់ការរើសអើងពូជសាសន៍។
វត្តមានរបស់ប្អូនប្រុសFloyd នៅគណៈកម្មាធិការនីតិកម្មនេះ មានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកសភាបក្សប្រជាធិតេយ្យអាមេរិក បានបញ្ចេញគម្រោងធ្វើកំណែទម្រង់នៅក្នុងប្រព័ន្ធច្បាប់អាមេរិក ដើម្បីកាត់បន្ថយការរើសអើងពូជសាសន៍។ កំណែទម្រង់នេះ បានលើកឡើងពីការលុបបំបាត់ចោលសកម្មភាពបង្ក្រាបដ៏សាហាវពីសំណាក់ប៉ូលិស ការហ្វឹកហាត់ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ និងបញ្ហាមួយចំនួនទៀត។
ប្រធានគណៈកម្មាធិការនីតិកម្មនៃសភាតំណាងរាស្ត្រអាមេរិក បានទទួលស្គាល់ថា ប្រព័ន្ធអនុវត្តច្បាប់នៅអាមេរិក គួរតែត្រូវបានគេពិនិត្យពីបញ្ហាជាប្រព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដ៏សំខាន់មួយ។
សូមបញ្ជាក់ថា George Floyd បានទទួលមរណភាព បន្ទាប់ពីប៉ូលិសស្បែកសសង្កត់ក។ បញ្ហានេះ បានបង្កឲ្យមានបាតុកម្ម និងកុបកម្មទ្រង់ទ្រាយធំនៅអាមេរិក និងនៅបណ្តាប្រទេសអឺរ៉ុប ដើម្បីទាមទារឲ្យមានការលុបបំបាត់ចោលការរើសអើងពូជសាសន៍។ ប៉ូលិស ដែលសង្កត់ក Floyd ត្រូវចោទប្រកាន់ពីឃាតកម្មកម្រិតពីរ និងប៉ូលិស៣នាក់ទៀត ត្រូវចោទប្រកាន់ពីបទផ្តល់ជំនួយ និងលើកទឹកចិត្តឲ្យប្រព្រឹត្តបទឃាតកម្មកម្រិតពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com