ជាតិ
«ត្មាត» ជាង៣០ក្បាល កំពុងដណ្តើមគ្នាស៊ីសពគោមួយក្បាល នៅខេត្តព្រះវិហារ
× សត្វ«ត្មាត» ជាង៣០ក្បាលកំពុងដណ្តើមគ្នាហែកស៊ីសាកសពគោមួយក្បាល នៅសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត នៃដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ នាព្រឹកវេលាម៉ោងជិត៨ព្រឹក កាលថ្ងៃទី១០មិថុនា ឆ្នាំ២០២០។ សាកសពគោមួយក្បាលនោះ ត្រូវបានមន្ត្រីអភិរក្សសត្វព្រៃក្នុងដែនជម្រកសត្វព្រៃឆែប សម្លាប់ ដើម្បីធ្វើជាចំណីបន្ថែម ដល់ពួកត្មាតទាំងនោះ។
សូមអញ្ជើញទស្សនាវីដេអូ ដែលសត្វត្មាតនៅដែនជម្រកសត្វព្រៃឆែប កំពុងស៊ីសពគោមួយក្បាល នៅអាហារដ្ឋានត្មាតក្នុងសហគមន៍ដងផ្លិត ខេត្តព្រះវិហារ ដែលថតដោយ លោក ទូច សុវណ្ណឌី ដូចតទៅ៖
បើតាមក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន និងអង្គកាសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ដែលកំពុងឃ្លាំមើល សត្វត្មាតទាំងនោះដែលកំពុងចឹកហែកសាកសព្វគោស៊ី គឺ មានត្មាតត្នោត២២ក្បាល ត្មាតផេះ៩ក្បាល និងត្មាតភ្លើង៣ក្បាល។
កម្ពុជា ក្រៅពីសត្វត្មាតទាំង៣៤ក្បាលនេះ កំពុងរស់នៅក្នុងខេត្តព្រះវិហារ នៅមានសត្វត្មាតចំនួន៨៥ក្បាលទៀត កំពុងរស់នៅដែនជម្រកសត្វសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និង ដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមទិន្នន័យធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២០ ដែលធ្វើឡើង កាលពីថ្ងៃទី១០មិថុនា។
ទិន្នន័យនេះ ផ្តល់ឱ្យដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា ត្មាតទាំង៨៥ក្បាលនោះ មាន៨១ក្បាល គឺកំពុងរក្សាក្នុងដែនជម្រកសត្វព្រៃ ខេត្តស្ទឹងត្រែង ដោយលោកបានអះអាងដូច្នេះ៖«វត្តមានសត្វត្មាតនៅកម្ពុជា គឺជាប្រភេទសត្វកម្រនិងជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក»៕
Tag:
សត្វត្មាត
ព្រះវិហារ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com