COVID-19
អន្តរជាតិ
បញ្ហា​ផ្លូវចិត្ត​របស់​សិស្ស ក្លាយជា​ប្រធានបទ​ថ្មី​នៅ​ចិន បន្ទាប់ពី​បើក​ប្រទេស​
12, Jun 2020 , 8:29 am        
រូបភាព
សិស្សសាលាពាក់ម៉ាស់ ក្នុងអំឡុងពេលសិក្សា។ រូបភាព៖ Reuters
សិស្សសាលាពាក់ម៉ាស់ ក្នុងអំឡុងពេលសិក្សា។ រូបភាព៖ Reuters
​បន្ទាប់ពី​បើក​ប្រទេស សិស្សសាលា​នៅ​ចិន បានចាប់ផ្តើម​ត្រលប់មក​រៀន​នៅ​សាលា​វិញ​។ ទន្ទឹមនឹង​ការ​ត្រលប់​មកវិញ​នេះ សិស្សសាលា​មួយចំនួន ត្រូវបាន​គ្រូ និង​ទីប្រឹក្សា​ប្រចាំ​សាលា​មើលឃើញថា ក្នុងចំណោម​ពួកគេ​កំពុងមាន​វិបត្តិ​ផ្លូវចិត្ត​ដោយសារ​បញ្ហា​ក្នុង​គ្រួសារ និង​ការធ្លាក់ចុះ​នៃ​ការសិក្សា​ជាដើម​។ បញ្ហា​ផ្លូវ​អារម្មណ៍​ទាំងនេះ អាច​នាំ​ឲ្យ​សិស្សសាលា​ចំនួន​តូច​ធ្វើអត្តឃាត​។


​ថ្លែង​នៅក្នុង​កិច្ចប្រជុំសភា​ប្រជាជន​ចិន​នាពេល​កន្លងទៅ លោក Yan Wu អភិបាលរងក្រុង Zhuhai បាន​លើកឡើងថា វា​មាន​បញ្ហា​ខ្លះ នៅពេល​បើក​សាលារៀន​ឡើងវិញ​។ បើតាម​លោក​អភិបាលរងក្រុង បញ្ហា​នោះ គឺ​បញ្ហា​ផ្លូវចិត្ត​របស់​សិស្សសាលា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១១ ខែមិថុនា​។​
 
​បញ្ហា​ផ្លូវចិត្ត​របស់​សិស្ស កំពុង​ក្លាយជា​បញ្ហា​ប្រឈម និង​ការបារម្ភ​មួយ​នៅ​ចិន បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស និង​សាលារៀន​ឡើងវិញ​។ បញ្ហា​នេះ បាន​នាំ​ឲ្យ​រដ្ឋាភិបាល​តំបន់ និង​សាលារៀន​ចាត់វិធានការ​មិន​ធ្លាប់មាន​មួយចំនួន ដើម្បី​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​របស់​សិស្ស តួយ៉ាង​ដូចជា ការ​ផ្តល់យោបល់ ការកែសម្រួល​មេ​រៀ​នៅក្នុង​សាលា និង​ការលុបចោល​ការប្រលង​ខ្លះ​ជាដើម​។​
 
​ថ្លែងប្រាប់​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ Caixin នៅ​ខែឧសភា លោក Li Guohua អភិបាលរងខណ្ឌ Pudong ក្រុង​សៀង​ហៃ បាន​លើកឡើងថា មាន​សិស្សសាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ចំនួន ១៤​នាក់ បានធ្វើ​អត្តឃាត នៅក្នុង​ឆ្នាំ​២០២០​។ តួលេខ​នេះ គឺមាន​ចំនួន​ច្រើនជាង​តួលេខ​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ​។ ចំណែក​សារព័ត៌មាន Health Time បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ថា មាន​សិស្ស​ចំនួន ១៨​នាក់ នៅ​ទូទាំងប្រទេស បាន​លោត​ចុះ​ពីលើ​អាគារ​ក្នុង​រយៈពេល ៣​ខែ​កន្លងមក​។ យ៉ាងណាក៏ដោយ អត្ថបទ​នេះ ត្រូវបាន​គេ​លុបចេញ​វិញ​។ នេះ​បើតាម Reuters​។ 
 
​ជាមួយ​ការបើក​សាលា​ឡើងវិញ សិស្ស​មក​រៀន​ដោយមាន​បញ្ហា​ផ្លូវចិត្ត​មកជា​មួយ​ដែរ​។ យោងតាម​ស្ទង់​មតិ​មួយ​ដោយ​គណៈកម្មការ​សុខភាព​ខេត្ត Guangdong និង​សកល​វិទ្យាល័យ​មួយ​នៅក្នុង​ខែមីនា​លើ​សិស្ស​បឋមសិក្សា និង​អនុវិទ្យាល័យ​ចំនួន ១,២២​លាន​នាក់ សិស្សសាលា ១០,៥​ភាគរយ កំពុងមាន​បញ្ហា​ផ្លូវចិត្ត​។ ប៉ុន្តែ​តួលេខ​នេះ មិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ​។ 
 
​នៅ​ចុងខែ​មេសា ក្រសួង​អប់រំ​ចិន បាន​ប្រាប់​ឲ្យ​សាលារៀន​យកចិត្តទុកដាក់​ពី​បញ្ហា​ផ្លូវចិត្ត​របស់​សិស្ស និង​បន្ថយ​កម្មវិធីសិក្សា​មួយចំនួន​។ ដើម្បី​អនុវត្តតាម​អនុសាសន៍​របស់​ក្រ​សួ​អប់រំ រដ្ឋាភិបាល​តំបន់​មួយចំនួន ដូចជា Anhui បាន​លុបចោល​ការប្រលង​ខ្លះ ចំណែក​នៅក្នុង​ក្រុង​វូ​ហាន ខេត្ត Hainan និង​ក្រុង​សៀង​ហៃ បាន​បង្កើត​ថ្នាក់ «​អប់រំ​ជីវិត​» ថ្មី ក្នុង​គោលបំណង​ជួយ​សិស្ស​កាត់បន្ថយ​សម្ពាធ និង​បញ្ហា​ស្មុគស្មាញ​។ 
 
​ក្នុង​កម្មវិធី​នេះ ក្នុង​មួយ​ថ្នាក់ ត្រូវគេ​បែងចែក​ទៅ​ពីរ​ក្រុម​។ សិស្ស​មួយក្រុម ត្រូវ​ប្រជែង​គ្នា​ផ្គុំ​ពាក្យ​អង់គ្លេស និង​មួយក្រុម​ទៀត ត្រូវគេ​ផ្តល់​ឲ្យ​សំណួរ​ពិបាកៗ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​ដ៏​ស្មុគស្មាញ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​សិស្ស​ដឹង​ពី​សម្ពាធ និង​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកគ្រូ​ម្នាក់​នៅក្នុង​ទីក្រុង​សៀង​ហៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ 
​យ៉ាងណាក៏ដោយ កម្មវិធី​ដោះស្រាយ​សម្ពាធ​សម្រាប់​សិស្សសាលា​នេះ បានធ្វើ​ឲ្យ​គ្រូបង្រៀន​មាន​បន្ទុក​ការងារ​កាន់តែ​ច្រើនជាង​មុន ព្រោះ​ត្រូវ​ពិភាក្សា និង​ផ្តល់យោបល់​ជាមួយ​សិស្ស រៀបចំ​កម្មវិធីសិក្សា និង​ត្រូវ​ជួប​ជាមួយ​អាណាព្យាបាល​របស់​សិស្ស​តាម​អន​ឡាញ​ថែមទៀត​។ បើទោះបីជា​ត្រូវ​ទទួលបន្ទុក​ច្រើន​មែន ប៉ុន្តែ​អ្នកគ្រូ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​លើកឡើងថា​៖ «​ខ្ញុំ​សង្ឃឹមថា កូ​រ៉ូ​ណាវី​រុស នឹង​បង្រៀន​ក្មេងៗ​ពី​របៀប​ដោះស្រាយ​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​។ ជីវិត គឺ​ពោរពេញ​ដោយ​ការលំបាក​»៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com