កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ជា​ឱកាស​បង្ហាញ​សក្តានុពល​កម្ពុជា​
11, Jun 2020 , 9:19 pm        
រូបភាព
ដោយ:
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)បានមានប្រសាសន៌ថា ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជា​ឱកាស​បង្ហាញ​សក្តានុពល​កម្ពុជា​។ ចិន នឹងជួយ​កម្ពុជា​ក្នុងការ​រៀបចំ​ពិធី​បើក​-​បិទ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

 
​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មិនមែន​គ្រាន់តែ​ដើម្បី​បញ្ជាក់​ពី​ការចាប់ផ្តើម និង​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នោះទេ តែ​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​សក្តានុពល​លើ​វិស័យ​នានា​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។ ដ្បិត​ព្រឹត្តិការណ៍​នេះ មិនមែន​មានតែ​ប្រជាជន​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទស្សនា​នោះទេ សូម្បី​ប្រជាជន​តាម​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ក៏​ទស្សនា​ពិធី​នេះដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ CAMSOC​។ 


 ទិដ្ឋភាពពេលបើកការប្រកួតកីឡាជាតិលើកទី២

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ផ្តោត​សំខាន់​លើ​ការរៀបចំ​គ្រោងឆ្អឹង ឬ​ផែនការ​នៃ​ពិធី​បើក​បិទ​(​ស៊ី​ហ្គេម​)​ដែលជា​ពិធី​ដ៏​មាន​សារសំខាន់ និង​ជា​ពិធី​ដើម្បី​បង្ហាញ​សក្តានុពល​ជាតិ វប្បធម៌​ជាតិ សេដ្ឋកិច្ចជាតិ និង​ទេសចរណ៍​ជាដើម​។ ពិធី​បើក​បិទ​នេះ ក៏​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ផងដែរ​»​។ 
 
​ទន្ទឹមនឹង​អះអាង​ពី​ការរៀបចំ​រួចរាល់​នៃ​គ្រោង និង​ផែនការ​ក្នុងការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ លោក វ៉ា​ត់ ចំរើន ជំរុញ​គណៈកម្មការ​ជំនាញ​ទទួលបន្ទុក​លើ​បញ្ហា​នេះ ឲ្យ​រៀបចំ​ផែនការ​លម្អិត​តាម​កម្មវិធី​នីមួយៗ​ឲ្យ​បាន​រួចរាល់ ដោយ​អនុវត្ត​ចាប់ពីពេលនេះ​តទៅ​។ ការជំរុញ​នេះ ដោយសារ​លោក​ចង់​ឲ្យ​គម្រោង និង​ផែនការ​ទាំងនោះ​ចាប់បាន​បញ្ជូន​នៅ​កាន់​រាជរដ្ឋាភិបាល ដើម្បី​អនុម័ត​។ 
 
«​យើង​កំពុង​រៀបចំ​ផែនការ​គ្រោង​មួយ ដែលជា​ដំណើរ​វិ​វត្ត​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ពាក់ព័ន្ធ​នឹង​ការរត់​ភ្លើង​គុប តើ​យើង​ត្រូវ​ទទួល​ភ្លើង​គុប ឬ​ភ្លើង​អាទិទេព​យ៉ាងដូចម្តេច​? ហើយ ថា​តើ​ពិធី​បើក​បិទ​ត្រូវមាន​ទស្សនីយភាព​អ្វីខ្លះ ដើម្បី​បង្ហាញ​សក្តានុពល​សេដ្ឋកិច្ច និង​ជាតិ​ទាំងមូល​។ មួយវិញទៀត យើង​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​ឲ្យ​ពិធី​បើក​បិទ​មានការ​ចាប់អារម្មណ៍​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា ចិន​នឹង​ជួយ​ផ្នែក​បច្ចេកទេស​សំឡេង និង​បច្ចេកវិទ្យា​មួយចំនួន​ក្នុងការ​រៀបចំ​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣៕  
 
 
 

Tag:
 វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com