COVID-19
អន្តរជាតិ
ឡាវ ប្រកាស​ពី​ជ័យជម្នះ​លើ COVID-19 បន្ទាប់ពី​អស់អ្នក​ជំងឺ និង​គ្មាន​ករណី​ឆ្លង​៥៩​ថ្ងៃ​
11, Jun 2020 , 4:30 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីឡាវ ថុងលួន ស៊ីសូលីត ប្រកាសពីភាពជោគជ័យលើ COVID-19។ រូបភាព៖ Laotian Times
លោកនាយករដ្ឋមន្រ្តីឡាវ ថុងលួន ស៊ីសូលីត ប្រកាសពីភាពជោគជ័យលើ COVID-19។ រូបភាព៖ Laotian Times
ឡាវ បានទទួល​ជ័យជម្នះ​លើ​COVID-19 យ៉ាង​ធំធេង បន្ទាប់ពី​ព្យាបាល​អ្នកជំងឺ​COVID-19 ឲ្យ​អស់ពី​មន្ទីរពេទ្យ និង​មិនមែន​ករណី​ឆ្លង​ថ្មី​រយៈពេល ៥៩​ថ្ងៃ​។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត ប្រកាស​បែបនេះ នៅ​ថ្ងៃទី​១០ ខែមិថុនា​។ ខណៈ​ឡាវ មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​នៅក្នុង​ប្រទេស​ក៏ពិតមែន លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ជំងឺឆ្លង​សកល​មួយ​នេះ កំពុង​អុកឡុក​ប្រទេស​ដទៃ​។


​នា​ថ្ងៃ​៩ ខែមិថុនា ឡាវ​បាន​រាយការណ៍​ថា ខ្លួន​អស់អ្នក​ជំងឺ COVID-19 ហើយ បន្ទាប់​អ្នកជំងឺ​ចុងក្រោយ​គេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ បន្ថែម​ពីលើ​នេះ ឡាវ​មិនមាន​ករណី​ឆ្លង​COVID-19 ថ្មី​ឡើយ បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១២ ខែមេសា​។ 
 
​ទាក់ទិន​នឹង​លទ្ធផល​ដ៏​វិជ្ជមាន​មួយ​នេះ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត នា​សន្និសីទកាសែត​មួយ ប្រកាសថា ឡាវ​បានទទួល​ជ័យជម្នះ​យ៉ាងសំខាន់​បំផុត នៅក្នុង​យុទ្ធនា​ការប្រឆាំង​សត្រូវ​ដ៏​ខ្លាំង​មួយ​។ ក្នុងន័យនេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ហៅ COVID-19 ថា គឺជា​សត្រូវ​ដ៏​អាក្រក់ ព្រោះ​វា​បាន​រាតត្បាត​ទៅ​ប្រទេស និង​តំបន់​ជាច្រើន និង​បានសម្លាប់​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Laotian Times​។​
 
​តាមរយៈ​ជ័យជម្នះ​លើ COVID-19  លោកនាយក​រដ្ឋមន្ត្រី​វ័យ ៧៤​ឆ្នាំ​រូបនេះ បាន​សរសើរ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​ប្រជាជន គណៈកម្មាធិការ​កិច្ចការ​ជាតិ​ទទួលបន្ទុក​ការទប់ស្កាត់ និង​បង្ការ COVID-19 និង​ភាគី​ផ្សេងទៀត ដែល​រួម​សហការគ្នា និង​ចេញ​សេចក្តីណែនាំ​ទាំងឡាយ​។ មិន​ត្រឹមតែ​ភាគី​ពាក់ព័ន្ធ​ឡើយ វិធានការ​រក្សា​គម្លាត​សុវត្ថិភាព ការបិទ​ព្រំដែន និង​បិទ​ប្រទេស ក៏​ជា​វិធានការ​ដ៏​សំខាន់​មួយ​ផងដែរ នៅក្នុង​ការទប់ស្កាត់ COVID-19​។ 
 
​ក្រៅពី​ការលើកឡើង​ពី​ជ័យជម្នះ​លើ​COVID-19 លោក ថង​លួ​ន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ត្រូវតែ​រក្សា​អនាម័យ និង​វិធានការ​ផ្សេងៗ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 បន្តទៀត ព្រោះ​ជំងឺឆ្លង​សកល​មួយ​នេះ នៅតែ​បន្ត​អុកឡុក​ពិភពលោក​ដដែល ហើយ​រលក​ទី​២ នៃ​កូ​រ៉ូ​ណាវី​រុស ក៏​ចាប់ផ្តើម​ដែរ​។ 
 
​បើទោះបីជា​ឡាវ​គ្មាន COVID-19 ទៀត​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល នៅតែ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ជាមួយ COVID-19 ជាពិសេស​រដ្ឋាភិបាល នឹង​ដាក់ចេញ​ចំណាត់ការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​ប្រជាជន​។ 
 
​សូមបញ្ជាក់ថា ឡាវ បិទ​ប្រទេស​តាំងពី​ថ្ងៃទី​៣០ ខែមីនា​មក​ម្លេះ បន្ទាប់ពី​រកឃើញ COVID-19 ប៉ុន្មាន​ករណី​នៅក្នុង​ប្រទេស ដោយមាន​ភ្ជាប់​ជាមួយ​វិធានការ​ហាមឃាត់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។ រយៈពេល​ចុងក្រោយ​នេះ ឡាវ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​ហើយ ដូចជា​បើក​ផ្សារ​រាត្រី ភោជនីយដ្ឋាន ព្រឹត្តិការណ៍​កីឡា​ជាដើម​៕ 

Tag:
 ឡាវ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com