ជាតិ
សង្គមជាតិ
វៀតណាម គ្រោង​បើក​ជើងហោះហើរ​ជាមួយ​កម្ពុជា​វិញ នៅ​ខែក្រោយ​
12, Jun 2020 , 8:59 am        
រូបភាព
រូបពី Zingnews
រូបពី Zingnews
​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airlines) ប្រកាសថា មាន​គម្រោង​បើក​ជើងហោះហើរ​ជាមួយ​កម្ពុជា​និង​ឡាវ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​ទៅ​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដែល​ស្រង់​យក​ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ Xingnews នៅ​ថ្ងៃទី​១១ ខែមិថុនា​។



ស្ថានទូត​វៀតណាម បកប្រែ​ពី​ភាសា​វៀតណាម ដែល​ផ្សាយ​ដោយ Zingnews មកជា​ភាសា​ខ្មែរ​ថា ចាប់ពី​ថ្ងៃទី​២ ខែកក្កដា​ទៅ គឺអាច​មាន​៧​ជើងហោះហើរ ក្នុង​១​ថ្ងៃ គឺ​ជើងហោះហើរ​រវាង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​វៀន​ច័ន្ទ ប្រទេស​ឡាវ ជើងហោះហើរ​រវាង​ទីក្រុង​វៀង​ច័ន្ទ និង​រាជធានី​ភ្នំពេញ និង ជើងហោះហើរ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។​
 
​តំណាង​ក្រុមហ៊ុន Vietnam Airlines លើកឡើងថា កាលបរិច្ឆេទ​នៃ​គម្រោង​ហោះហើរ​នេះ គឺជា​ផែនការ​របស់​ក្រុមហ៊ុន​។ តំណាង​រូបនោះ បន្តថា ក្រុមហ៊ុន Vietnam Airlines កំពុង​ពិភាក្សា​លម្អិត​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​វៀតណាម បណ្តា​ក្រសួង​គម​នា​គម​និង​ដឹកជញ្ជូន  ក្រសួងការបរទេស និង​ក្រសួងសុខាភិបាល​វៀតណាម ដើម្បី​រក​វិធាន​ការបើក​ជើងហោះហើរ​ឡើងវិញ តាម​ការគ្រោងទុក​។ 
 
​តំណាង Vietnam Airlines បញ្ជាក់ថា ក្រុមហ៊ុន នឹង​ចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ពី​ការបើក​ជើងហោះហើរ​នេះ ក្រោយ​មាន​ឯកភាព​ចុងក្រោយ​ជាមួយនឹង​បណ្តា​ភាគី​ពាកព័ន្ធ​។ 

លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ថា មិនមែន​តែ​ក្រុមហ៊ុន​វៀតណាម​ទេ ក្រុមហ៊ុន​បរទេស​ផ្សេងទៀត ក៏​ចង់​បើក​ជើងហោះហើរ​ឡើងវិញ​ជាមួយ​កម្ពុជា​ដែរ​។​
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែងថា បើ​ក្រុមហ៊ុន​ហោះ​ជើង​វៀតណាម សម្រេច​បើក​ដំណើរការ​ឡើងវិញ ភាគី​កម្ពុជា ប្រហែល​មិន​បដិសេធ​ទេ តែ​រាល់​ភ្ញៀវ ដែល​មកដល់ ត្រូវ​ឆ្លងកាត់​ពិនិត្យ​សុខភាព តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ លោក មានប្រសាសន៍ថា​៖«​យើង អត់​ដែល​ហាមឃាត់​ណា​»​។  
 
​លោក បន្ថែមថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​វៀតណាម​និង​នៅ​ឡាវ មិនសូវ​ធ្ងន់ធ្ងរ​ឡើយ​។ លើសពីនេះ លោក មើលឃើញថា ប្រទេស​ទាំង​២​នេះ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បានល្អ​។ 
​លោក អះអាង​ទៀតថា បច្ចុប្បន្ន ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​មក​កម្ពុជា មាន​ចំនួន​ច្រើនជាង​មុន​បន្តិច​។ លោក បញ្ជាក់ថា​៖«​ឥឡូវ មិនសូវ​ស្ងាត់​ទេ​»​។​
 
​សូម​រម្លឹកថា កាល​អំឡុង​ខែមីនា ឆ្នាំ​២0២0 កម្ពុជា សម្រេច​បិទ​ច្រក​ទាំង​៣​ជាមួយ​វៀតណាម គឺ​ទាំង​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដោយ​មិន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ធ្វើដំណើរ​ចេញចូល ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ជាមួយ​ថៃ កម្ពុជា បិទ​តែ​ព្រំ​ដែក​ផ្លូវគោក​ប៉ុណ្ណោះ​។ យ៉ាងណា ប្រទេស​ទាំង​៣ នៅ​អាច​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ជាធម្មតា ក្រោម​ការពិនិត្យ​គ្នា​ទៅវិញទៅមក​យ៉ាង​ហ្មត់ចត់​។​
 
​មកដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២0២0 កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២៦​នាក់ ជាសះស្បើយ​១២៥​នាក់ ឡាវ មាន​អ្នក​ឆ្លង​១៩​នាក់ ជាសះស្បើយ​ទាំង​១៩​នាក់ វៀតណាម មាន​អ្នក​ឆ្លង ៣៣២​នាក់ ជាសះស្បើយ​៣២0​នាក់ ហើយ ថៃ មាន​អ្នក​ឆ្លង​ជាង​៣​ពាន់​នាក់ ជាសះស្បើយ​ជិត​៣​ពាន់​នាក់ ស្លាប់​៥៨​នាក់​។ កម្ពុជា ឡាវ និង វៀតណាម គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕ 
    
 

Tag:
 កម្ពុជា​-​វៀតណាម​
  ជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com