កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប​គីឡូ​ធ្ងន់​រវាង Joshua-Fury នឹង​ក្លាយជា​ប្រកួត​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​អង់គ្លេស​
11, Jun 2020 , 5:39 pm        
រូបភាព
​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Anthony Joshua និង Tyson Fury បាន​យល់ព្រម​ឡើង​សង្វៀន​ប្រកួត​គ្នា​ហើយ​នៅ​ឆ្នាំក្រោយ​។ ការ​ប៉ះគ្នា​រវាង​អ្នក​ប្រដាល់​អង់គ្លេស​ទាំងពីរ នឹង​ក្លាយជា​ជំនួប​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​សកល​របស់​អង់គ្លេស​។​


Joshua វ័យ ៣០ ឆ្នាំ​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក​ចំនួន​៣ ដែល​រួមមាន WBA, IBF និង WBO ខណៈ Fury ដែលមាន​អាយុ​បង​មួយឆ្នាំ​ជា​ម្ចាស់​ជើងឯក​ខ្សែ​ក្រ​វាត WBC​។ ការ​ប៉ះគ្នា​រវាង​អ្នក​ទាំងពីរ​នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន​មិន​ខាន​។​
 
​លោក Eddie Hearn ដែលជា​ភា្ន​ក់​ងារ​របស់ Joshua បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖«​ការជួបគ្នា​រវាង Joshua- Fury ជា​រឿង​សម​ហេតុផល ហើយ​អ្នក​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​រួចហើយ រួមទាំង​លក្ខខណ្ឌ​ថ្លៃ​ខ្លួន​ផង​។ យើង​ស្ថិតនៅ​ទីតាំង​ល្អ​។ ហើយ​យើង​អាច​និយាយ​នេះ​ជាការ​ប៉ះគ្នា​ដ៏​អស្ចារ្យ​រវាង​កំពូល​អ្នក​ប្រដាល់​អង់គ្លេស​ទាំងពីរ​»​។​
 
Fury បានបង្ហាញ​ក្តី​រីករាយ​ចំពោះ​ព័ត៌មាន​នេះ​នៅក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់គេ​។ អ្នក​ប្រដាល់​ដែលមាន​ប្រវត្តិ​ប្រកួត​៣១​ដង ឈ្នះ​៣០ ស្មើ​១ មិន​ស្គាល់​ចាញ់​អះអាងថា​នឹង​ប្រយុទ្ធ​ជាមួយ Joshua នៅ​ឆ្នាំ​២០២១​។ យ៉ាងណាក៏ដោយ Fury ថា​មុននឹង​ប៉ះ​កីឡាករ​រួម​ជាតិ រូបគេ​នឹងត្រូវ​ឡើង​សង្វៀន​ក្នុងជំនួប​លើក​ទី​៣​ជាមួយ​កីឡាករ​អាមេរិក Deontay Wilder សិន​។​
 
​ដោយឡែក Joshua មាន​ប្រវត្តិ​ប្រកួត​២៤​លើក ឈ្នះ​២៣ ចាញ់​១ វិញ​ដែល​បានឈ្នះ​ជើងឯក​ពិភពលោក​របស់ខ្លួន​កាលពី​ខែធ្នូ ក៏​នឹងត្រូវ​តទល់​ជាមួយ​អ្នក​ប្រដាល់​ប៊ុលហ្គារី Kubrat Pulev ផងដែរ មុន​ទៅ​ជួប Fury នៅ​ឆ្នាំក្រោយ​៕
 

Tag:
 Boxing
  Anthony Joshua
  Tyson Fury
© រក្សាសិទ្ធិដោយ thmeythmey.com