ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កំពុង​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ឬ​ថ្នាំ​ផ្សះ គួរ​ចៀសវាង​អាហារ​ទាំងនេះ​
12, Jun 2020 , 8:59 pm        
រូបភាព
​អាហារ​ក៏មាន​ឥទ្ធិពល​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ​ដែល​អ្នក​ទទួលទាន​ផងដែរ​។ ថា​តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរ​ចៀសវាង ឬ​កម្រិត​ការទទួល​ទានពេល​កំពុង​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​រួមបញ្ចូល​ទាំង​ឈី​ស គ្រី​មជូរ ទឹកដោះគោ បឺ​រ និង​ការ៉េម​ជាដើម​មិនគួរ​ត្រូវបាន​អ្នកប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ទទួលទាន​ឡើយ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាល់ស្យូម​ដែលមាន​ផ្ទុក​ក្នុង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​រារាំង​ដល់​ការ​ស្រូបយក​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​កបាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ចំពោះ​យ៉ា​អួរ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្ត​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ជួយ​រក្សា​សុខភាព​ពោះវៀន​ល្អប្រសើរ​ទប់ស្កាត់​អាកា​រៈ​រាគ​ដែលជា​ផលប៉ះពាល់​មួយ​នៃ​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​។​
 
២. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​
 
​ក៏​ដូចនឹង​កាល់ស្យូម​ដែរ ជាតិ​ដែក គឺ​រារាំង​ការ​ស្រូបយក​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​រហូតដល់​អ្នក​ឈប់​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​។ ហើយ​ប្រសិនបើ​ត្រូវ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក នោះ​គួរ​រងចាំ​យ៉ាងហោចណាស់​ឱ្យបាន ៣ ម៉ោង​សិន​ក្រោយពេល​លេបថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​។​
 
៣. គ្រឿង​ស្រវឹង​
 
​នេះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​បណ្ដាលឱ្យ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ដូចជា​វិលមុខ​និង​រាគ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រើប្រាស់​កំឡុងពេល​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ចូរ​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​។​
 
៤. ផ្លែឈើ​ប្រភេទ Citrus Fruits
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​ផ្លែឈើ​ប្រភេទ Citrus Fruits រួមបញ្ចូល​ទាំង​ផ្លែក្រូច ក្រូចឆ្មារ និង​ទំពាំងបាយជូរ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ទោះជា​យ៉ាងណា​ការ​ទទួលទាន​ផ្លែឈើ​ប្រភេទ​នេះ​កំឡុងពេល​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក គឺ​មិនមែនជា​គំនិតល្អ​ឡើយ​ដោយ​វា​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​ថ្នាំ​។​
 
៥. អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​អាស៊ីត​
 
​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បណ្ដាលឱ្យ​រាងកាយ​មិនអាច​ស្រូប​យកជាតិ​ថ្នាំ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​អាស៊ីត​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com