COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អនុញ្ញាតឲ្យដោះដូរកីឡាករមុនចប់រដូវកាលនេះ តែអង់គ្លេសចង់បើកនៅខែសីហា
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងអនុញ្ញាតឲ្យលីគបើកទ្វារទីផ្សារដោះដូរកីឡាករមុនពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីមានការពន្យារពេលប្រកួតលីគដោយសារវិបត្តិ COVID-19។ FIFA ប្រកាសដូច្នេះនៅថ្ងៃទី១១ ខែមិថុនា ដោយបន្ថែមថា គោលការណ៍បណ្តោះអាសន្នថ្មីនឹងឲ្យកីឡាករអាចលេងឲ្យក្លិប៣ក្នុងរដូវកាលតែមួយបាន ខណៈធម្មតាបានតែក្លិបពីរប៉ុណ្ណោះ។
បទបញ្ញត្តិថ្មីរបស់ FIFA នេះអនុញ្ញាតឲ្យសហព័ន្ធបាល់ទាត់ជាសមាជិកដំណើរការទិញដូរកីឡាករភ្លាមៗ ប្រសិនបើពួកគេចង់ ប៉ុន្តែសម្រាប់ក្លិបនៅអង់គ្លេសនៅមិនទាន់ដឹងថា នឹងអនុវត្តតាមគោលការណ៍ទិញលក់នៅមុនចប់រដូវកាលនេះ ឬយ៉ាងណានោះទេ។
លោក Richard Masters នាយកប្រតិបត្តិក្របខណ្ឌ Premier League បាននិយាយរួចហើយថា ក្លិបក្នុងលីគកំពូលអង់គ្លេសនឹងមិនត្រូវបានអនុញ្ញាតឲ្យចុះកិច្ចសន្យាលើកីឡាករមុនថ្ងៃទី២៥ ខែកក្កដានោះទេ បន្ទាប់ពីការពន្យារពេលប្រកួតក្នុងរដូវកាល ២០១៩-២០ ត្រូវបានបញ្ចប់។
ដោយសារជំងឺឆ្លងរាត្បាត COVID-19 បានបង្ខំឲ្យលីគបាល់ទាត់នៅអឺរ៉ុបផ្អាកការប្រកួតបណ្តោះអាសន្នចាប់តាំងពីពាក់កណ្តាលខែមិនាមកម្លេះ។
កាសែតកីឡា Sky Sports បានឲ្យដឹងនៅដើមសប្តាហ៍នេះថា សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កំពុងពិភាក្សាផ្លាស់ប្តូរការទិញដូរកីឡាករក្នុងស្រុកចាប់ពីខែសីហាដល់ខែតុលា ដោយបង្កើតការមូលមតិគ្នាជាមួយបណ្តាប្រទេសផ្សេងៗដើម្បីធានាថាវាសមស្របនឹងលីគនៅអឺរ៉ុបដទៃទៀត។
សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានបើកទ្វារទិញដូរកីឡាករក្នុងស្រុករបស់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ខណៈលីគរបស់ពួកគេបានរំសាយចោលរួចហើយដោយសារជំងឺ COVID-19។ យ៉ាងណាក៏ដោយ ក៏មានការលើកឡើងដែរថា FFF កំពុងចង់បើកទ្វារដោះដូរកីឡាករចាប់ពីខែសីហាដល់ខែតុលាសម្រាប់ការផ្ទេរជាអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានបញ្ជាក់រួចហើយថា ទីផ្សារដោះដូរកីឡាកររបស់ពួកគេនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ស្របពេលរដូវកាលនៅ Serie A នឹងចាប់ផ្តើមដំណើរការឡើងវិញនៅចុងខែមិថុនានេះ៕
Tag:
FIFA
ដោះដូរកីឡាករ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com