ចាប់ពីសប្តាហ៍ក្រោយទៅ អាជ្ញាធរ នឹងចេញប្រតិបត្តិការកាប់ដើមឈើ២៥០ដើម នៅតាមបណ្តោយផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ។ នេះជាការអះអាងរបស់លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក សំ សាមុត ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថា ដើមឈើ ដែលត្រូវកាប់ចោលទាំងនោះ គឺភាគច្រើន មានអាយុកាលយូរ និង មានសភាពពុកផុយ។ លោក លើកមូលហេតុថា ការកាប់ដើមឈើទាំងនោះ គឺដើម្បីបញ្ចៀសការបាក់ឬការដួលរលំ ហើយបង្កគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។
លោក លើកពីមូលហេតុទៀត គល់នៃដើមឈើទាំងនោះ គឺពុកផុយអស់ហើយ ដូច្នេះ គ្មានការលូតលាស់ទៀតទេ ហើយក៏គ្មានសោភ័ណភាពដែរ។ លោក បន្តថា ដើមឈើរទាំងនោះ មានខ្លះធំ ដែលមនុស្សឱបមួយជុំ ហើយមានខ្លះតូច។ លោក បន្ថែមថា មិនមែនតែដើមឈើធំនោះទេ ដែលត្រូវពុកផុយ ដើមឈើតូចៗ ក៏អាចពុកផុយដែរ។
លោក អះអាងថា ក្រោយកាប់រួចហើយ អាជ្ញាធរ នឹងដើមឈើថ្មីជំនួសវិញ។ លោក បញ្ជាក់ថា៖«យើង កាប់ដើមអី យើងដាំដើមនុ៎ងជំនួសវិញ។ ឧទាហរណ៍ថា បើយើងកាប់ដើមក្ងោក យើងដាំដើមក្ងោកជំនួស ហើយបើកាប់ដើមតាសេក យើងដាំដើមតាសេកជំនួស»។
ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ មិនបានប្រាប់ឲ្យច្បាស់ឡើយ ដើមឈើដែលត្រូវកាប់ទាំងនោះ មានអាយុកាលប៉ុន្មានឆ្នាំ។
យ៉ាងណា ក្រសួងព័ត៌មាន បានផ្សាយថា ដើមឈើទាំងនោះ មានសភាពពុកផុយ និងមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ។
ក្រសួងព័ត៌មាន បានស្រង់សម្តីរបស់ប្រធានអង្គភាសួនច្បារនិងរុក្ខជាតិ ទៅចុះផ្សាយថា ដើមឈើ ក្នុងរាជធានីភ្នំពេញ មានជាង៥ម៉ឺនដើម ដោយក្នុងនោះ ដើមឈើធំៗ ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង មានជាង៤០ភាគរយ។ ក្រសួងព័ត៌មាន សរសេរពីប្រសាសន៍របស់លោក ទៀតថា ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើម ដើមឈើ២៥០ដើម មានសភាពពុកផុយ និងប្រហោងគល់ ដែលអាចប្រឈមនឹងការបាក់រលំ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ លើកឡើងថា ដើមឈើ២៥០ដើម ដែលត្រូវកាប់នោះ គឺនៅតាមបណ្តោយវិថីនានា ដូចជា វិថីព្រះមុនីវង្ស វិថីម៉ៅ សេទុង វិថីសុធារស វិថីព្រះស៊ីសុវត្ថិ ផ្លូវកម្ពុជាក្រោម ផ្លូវត្រសក់ផ្អែម និង ផ្លូវប៉ាស្ទ័រ ជាដើម។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ និយាយយ៉ាងខ្លីថា៖«យើងកាប់ហ្នឹង គឺដើមឈើ ដែលចាស់ពុកផុយ និងអាចប្រឈមនឹងគ្រោះថ្នាក់»៕