ពីនេះ ពីនោះ
សុខភាព
«​បុរាណ​» បើ​ប្រើ​ជា «​បូរាណ​» តើ​ត្រូវ​ដូចគ្នា​ដែរ​ឬ​អត់​?
13, Jun 2020 , 7:29 am        
រូបភាព
​សម្រាប់​ពលរដ្ឋ​ដែល​តែងតែ​ប្រើប្រាស់​ពាក្យ​«​បុរាណ​» ប្រាកដជា​សន្មត​ពាក្យ​នេះ​ជា​ពាក្យ​ត្រឹមត្រូវ​តែមួយគត់ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​វចនានុក្រម សម្តេច ជួន ណាត ពាក្យ «​បុរាណ​»​អាច​សរសេរ ជា «​បូរាណ​» ក៏បាន​ដែរ​។


​វចនានុក្រម​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​បុរាណ​»​មានន័យថា ចាស់​,​ដែល​កើតមាន​មុន និង​យូរ​មកហើយ​,​ដែល​ធ្លាប់មាន​ពី​ព្រេងនាយ​។ គុណសព្ទ «​បុរាណ​» នេះ​ភាគច្រើន​ប្រើ​ភ្ជាប់​នឹង​នាមសព្ទ​ឯទៀត ដូចជា បុរាណកាល​(​កាល ឬ​គ្រា​ពី​ដើម​,​កាលពីព្រេងនាយ​),​បុរាណពិធី​(​បែប​ប​ទី​ពី​បុរាណ​),​បុរាណភណ្ឌ​(​របស់​ចាស់​,​ទ្រព្យ​ចាស់​),​បុរាណរាជ​(​ស្តេច​ពី​ព្រេងនាយ​), បុរាណរាជ្យ​(​រាជ្យ​ពី​ដើម​), បុរាណវាទ​(​ពាក្យចាស់​), បុរាណសម័យ​(​សម័យ​ពី​បុរាណ​)​។ 
 
​នៅ​ក្នុងន័យ​ខាងលើនេះ ពលរដ្ឋ​អាច​ប្រើ​ជា «​បុរាណ​» ក៏បាន ឬ​«​បូរាណ​ក៏បាន​»​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា គ្រាន់តែ ពាក្យ «​បូរាណ​» ត្រូវបាន​គេ​និយម​ប្រើ​សម្រាប់តែ​នៅក្នុង​កាព្យ​ជាង​។ ឧទាហរណ៍​៖ អក្សរ​ខ្មែរ​យើង​សព្វថ្ងៃ អ្នកប្រាជ្ញ​លោក​ច្នៃ​តាម​លំ​អាន ចាស់ព្រឹទ្ធាចារ្យ​ពី​បូរាណ ដែល​បាន​ហាត់រៀន​តៗ​មក​។ មួយ​យ៉ាង​ទៀតថា ខ្ញុំ​រៀនអក្សរ​ជាតិ ពុំ​ឃ្លៀងឃ្លាត​ក្លាយ​ប៉ុន្មាន រៀន​តាមបែប​បូរាណ លោកគ្រូ​ក៏បាន​ពន្យល់​ដែរ​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com