COVID-19
អន្តរជាតិ
ZOOM ថា ខ្លួន​បិទ​គណនី​សកម្មជន​ប្រឆាំង​ចិន​បណ្តោះអាសន្ន​តាម​ការទា​ម​ទារ​របស់​ប៉េកាំង​
12, Jun 2020 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ក្រុមហ៊ុន​ទូរគមនាគមន៍ Zoom បានប្រកាស​នៅ​ថ្ងៃទី​១១ ខែមិថុនា ថា ការផ្អាក​គណនី​សកម្មជន​ចិន​បណ្តោះអាសន្ន និង​បិទ​កិច្ច​ជួបប្រជុំ​តាម​អន​ឡាញ​មួយចំនួន​ដែល​ទាក់ទង​នឹង​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន គឺធ្វើឡើង​តាម​ការទាមទារ​របស់​រដ្ឋាភិបាល​ចិន​។

 
​នាពេល​កន្លងមក ក្រុមហ៊ុន​Zoom បាន​ផ្អាក​គណនី​បណ្តោះអាសន្ន​លើ​សកម្មជន​ចិន​មួយចំនួន​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក និង​បិទ​កិច្ចប្រជុំ​តាម​អន​ឡាញ​ខ្លះ​ចោល​។ សកម្មជន និង​កិច្ចប្រជុំ​ទាំងនោះ គឺមាន​ទាក់ទង​នឹង​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​ប្រជាជន​ស៊ីវិល និង​សិស្ស​និស្សិត​នៅ​ទីលាន​ធាន​អាន​មិន​កាលពី​ឆ្នាំ​១៩៨៩​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សកម្មជន​ចិន​មួយចំនួន​មាន​មូលដ្ឋាន​នៅ​បរទេស​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ប៉េកាំង សុទ្ធតែ​បានលើកឡើង​ដូចៗ​គ្នា​ថា គណនី​របស់​ពួកគេ​ត្រូវបាន​បិទ​មួយរយៈ ចំណែក​កិច្ចប្រជុំ​តាម​អន​ឡាញ​វិញ ត្រូវគេ​បិទ​ចោល​តែម្តង​។​
 
​ទាក់ទិន​នឹង​ការបិទ​គណនី​នេះ ក្រុមហ៊ុន Zoom បាន​ទទួលស្គាល់ថា ខ្លួន​បាន​បិទ​ប្រាកដ​មែន​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ ក៏​ដូច​ក្រុមហ៊ុន​អន្តរជាតិ​នានា​ដែរ Zoom ត្រូវតែ​គោរព​ទៅតាម​ច្បាប់​ក្នុងស្រុក​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​។ អ្នកនាំពាក្យ បាន​បន្ថែមទៀតថា គណនី​ទាំងនោះ គឺមាន​ប្រភព​មកពី​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​អ្នក​ទាំងនោះ​ក៏ត្រូវ​គោរព​ច្បាប់​ក្នុងស្រុក​របស់​ចិន​ដែរ​។ 
 
​នៅ​ថ្ងៃទី​១១ ខែមិថុនា ក្រុមហ៊ុន Zoom បានប្រកាស​ជាថ្មី​ថា ការបិទ​គណនី​របស់​សកម្មជន​ដែល​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ធាន​អាន​មិន គឺធ្វើឡើង​តាម​ការទាមទារ​របស់​រដ្ឋាភិបាល​ចិន​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន Zoom ដែល​ពេញនិយម​ក្នុងសម័យ​ជំងឺ COVID-19 បាន​បញ្ជាក់ថា បន្ទាប់ពី​កត់សម្គាល់​ឃើញថា មាន​ផែនការ​បួន​ធំៗ ទាក់ទិន​នឹង​ពិធី​រំលឹក​ខួប​នៅ​ទីលាន​ធាន​អាន​មិន អាជ្ញាធរ​ចិន​បានទាមទារ​ក្រុមហ៊ុន​បញ្ចប់​ព្រឹត្តិការណ៍​ទាំងនោះ និង​បិទ​គណនី​ដែល​ពាក់ព័ន្ធ​។ 
 
​បញ្ហា​នេះហើយ​ទើប​នាំ​ឲ្យ​ក្រុមហ៊ុន​Zoom សម្រេច​បិទ​កិច្ចប្រជុំ​តាម​អន​ឡាញ​ចំនួន​៣​ចោល និង​ផ្អាក​គណនី​អ្នក​ចាប់ផ្តើម​កម្មវិធី​ជួបជុំ​មួយចំនួន​បណ្តោះអាសន្ន ព្រោះ​ខ្លួន​មិនអាច​ផ្អាក​គណនី​អ្នកចូលរួម​ដទៃទៀត​បាន​។ ក្រុមហ៊ុន Zoom លើកឡើងថា ខ្លួន​ត្រូវតែ​អនុវត្តតាម​ការស្នើសុំរ​បស់​អាជ្ញាធរ នៅពេលដែល​អាជ្ញាធរ​កំណត់ថា​សកម្ម​ភាព​ទាំងនោះ គឺ​ខុសច្បាប់​នៅក្នុង​ប្រទេស ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​អាច​ការពារ​កិច្ចសន្ទនា​នៃ​អ្នកចូលរួម​ទាំងនោះ​បាន​។ 
 
​សូមបញ្ជាក់ថា Zoom គឺជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ទាំងអស់ អាច​និយាយ​មើលមុខ​គ្នា​បាន​។ ចាប់តាំងពី​ផ្ទុះ COVID-19 នៅលើ​ពិភពលោក​មក Zoom ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាងខ្លាំង​សម្រាប់​ទំនាក់ទំនង ការសិក្សា ឬ​ជជែក​ពី​ផែនការ​អ្វីមួយ​ជាដើម​៕   

Tag:
 ZOOM
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com