កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Liverpool ទោះ PSG ហ៊ានឲ្យ១សប្តាហ៍ ៣៥ម៉ឺនដុល្លារ
× ខ្សែការពារ Virgil van Dijk យល់ព្រមបន្តកិច្ចសន្យាជាមួយ Liverpool បន្ថែមទៀតដោយកើនប្រាក់ឈ្នួលប្រចាំសប្តាហ៍ ២៤ម៉ឺនផោន (ជាង៣០ម៉ឺនដុល្លារអាមេរិក)។ បើតាមការចុះផ្សាយរបស់ The Sun ការបន្តកិច្ចសន្យានេះ កើតឡើងបន្ទាប់ពី Paris Saint-Germain បានចូលចែចូវយកខ្សែការពារហូឡង់រូបនេះដោយផ្តល់ថ្លៃពលកម្ម ២៨ម៉ឺនផោន (ជាង៣៥ម៉ឺនដុល្លារ) ក្នុង១សប្តាហ៍ ពោលគឺលើសប្រាក់ឈ្នួលសព្វថ្ងៃជិត១៣ម៉ឺនដុល្លារ។
Van Dijk ដែលផ្លាស់ពី Southampton កាលពីឆ្នាំ២០១៨ ក្នុងតម្លៃកំណត់ត្រាក្លិបគ្រោងនឹង ស្នាក់នៅ Anfield រហូតដល់ឆ្នាំ ២០២៥ បន្ទាប់ពីយល់ព្រមបន្តបន្តកិច្ចសន្យាថ្មី។ កិច្ចសន្យាថ្មីនឹងធ្វើឲ្យខ្សែការពារវ័យ២៨ឆ្នាំរូបនេះ ក្លាយជាកីឡាករ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លិប Liverpool ពោលគឺលើសមិត្តរួមក្រុម Mohamed Salah ដែលរកបានចំនួន ២០ម៉ឺនផោន (ជាង២៥ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍។
ដោយសារភាពលេចធ្លោជាមួយក្រុមហង្សក្រហម Van Dijk បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុម Real Madrid និងក្លិបយក្សបារាំង PSG នៅរដូវកាលនេះ។
បើយោងតាមកាសែត The Sun ម្ចាស់ជើងឯក Ligue 1 បារាំងរដូវកាលនេះ ថែមទាំងផ្តល់កិច្ចសន្យាដល់ Van Dijk ដោយហ៊ានឲ្យប្រាក់ឈ្នួលប្រចាំសប្តាហ៍ដល់ទៅជាង៣០ម៉ឺនដុល្លារ មុនពេលខ្សែការពារអន្តរជាតិហូឡង់រូបនេះសម្រេចចិត្តស្នាក់នៅជាមួយក្រុមអង់គ្លេសបន្តទៀត។
ការហ៊ានផ្តល់ប្រាក់ឈ្នួលច្រើនសន្ធឹកដល់ Van Dijk បែបនេះព្រោះ PSG ត្រូវការខ្សែការពារកណ្តាលជាចាំបាច់សម្រាប់រដូវកាលថ្មី បន្ទាប់ពីប្រធានក្រុម Thiago Silva នឹងចាកចេញពីក្លិបក្នុងពេលឆាប់ៗនេះ។ ក្រៅពី Van Dijk ខ្សែការពារឆ្នើម Kalidou Koulibaly របស់ Napoli ក៏ជាគោលដៅសំខាន់សម្រាប់ PSG ផងដែរ៕
Tag:
Liverpool
Virgil van Dijk
Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com