ជាតិ
Theam’s Gallery បណ្តុំ​វត្ថុ​សិល្បៈ និង​របស់​ប្រើប្រាស់​ខ្មែរ​បុរាណ​យ៉ាង​សម្បូរបែប​
13, Jun 2020 , 11:59 am        
រូបភាព
ដោយ:
សៀមរាប​៖ Theam’s Gallery  បានប្រែក្លាយ​ពី​រោង​ជាង និង​កន្លែង​រក្សា​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​បុរាណ ទៅជា​វិចិត្រសាល​ដាក់តាំង​វត្ថុ​សិល្បៈ និង​រចនាបទ​វត្ថុ​បុរាណ​ខ្មែរ​យ៉ាងច្រើន​សម្បូរបែប​។ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៣០ ភូមិ​វាល ឃុំ​កង​ចាក់ ក្រុង​សៀមរាប ខេត្តសៀមរាប  Theam’s Gallery ដែល​ដាក់តាំង​នូវ​របស់រប​រ​ប្រើប្រាស់​ចាស់ៗ​,​រូបគំនូរ និង​វត្ថុ​សិល្បៈ​ជាច្រើន​ទៀត​នោះបាន​បើកទ្វារ​ឲ្យ​ភ្ញៀវទេសចរ ទស្សនា និង​ស្វែងយល់​ពី​តម្លៃ​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ ដោយ​ឥតគិតថ្លៃ តាំងពី​ឆ្នាំ​២០១១​មក​។​

 
​លោក លីម មួយ​ធា​ម ម្ចាស់ Theam’s Gallery និង​ជា​គ្រូ​បណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ និង​សិប្បកម្ម នៅ​សាលា​បណ្តុះបណ្ដាល​ខេត្តសៀមរាប​។  លោក ធា​ម រៀបរាប់​ប្រាប់ Thmeythmey25 ថា កាលពី​លោក នៅ​ជា​គ្រូ​បណ្តុះបណ្តាល លោក ត្រូវការ​វត្ថុ​ជាក់ស្តែង ដើម្បី​បង្ហាញ​សិស្ស​ឲ្យ​ឆាប់​យល់ដឹង​ពី​វប្បធម៌ ប្រពៃណី និង​សិល្បៈ​បុរាណ​។ ដូច្នេះហើយ លោក ក៏បាន​ប្រមែប្រមូល​ទិញ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ទាំងនោះ នៅតាម​ភូមិ​ស្រុក​នានា​នៅ​ទូទាំងប្រទេស​។ 
 



​លោក លីម មួយ​ធា​ម ពន្យល់​ដូច្នេះ​៖«​យើង​ខាង​រចនា​ម៉ូដ ដើម្បី​ងាយស្រួល​បង្ហាត់​ណែនាំ​ឲ្យ​កូនក្មេង​ខ្មែរ​ឲ្យ​យល់ដឹង​ពី​ប្រពៃណី ខ្ញុំ​ក៏មាន​គំនិត​ថា ដើរ​ប្រមូល​វត្ថុ​បុរាណ ខ្លះ​មិនមែនជា​បុរាណ​ទេ ដែលមាន​លក្ខណៈ​ខ្មែរ ដើម្បី​ពន្យល់​ឲ្យ​ក្មេង ស្រួល​យល់​។ ដោយសារ​យើង​ប្រើពាក្យ​ទទេ វា​ពិបាក​និយាយ រឿង​ពណ៌ ខ្នាត ទំហំ រចនា វា​ពិបាក​និយាយ​បន្តិច​។ ចំពោះ​ខ្ញុំ បច្ចេកទេស​ងាយ របៀប​ងាយ យើង​បង្ហាញ​តែម្តង​។ អីចឹង ធ្វើ​ឲ្យ​ខ្ញុំ​រយៈពេល​២០​ឆ្នាំ​ជាង​មកហើយ ពេលដែល​ខ្ញុំ​ទៅផ្ទះ​គេ ដើរលេង​តាម​ភូមិ​ស្រុក ឃើញ​វត្ថុ​ណា​ដែល​ខ្ញុំ​ឆ្ងល់ អារម្មណ៍​ដោយសារ​រចនា ខ្ញុំ​ក៏​សុំ​ទិញ ប្រមូលផ្តុំ​រហូតដល់​ស​ព្វ​ថ្ងៃ បាន​ចំនួន​គ្រាន់បើ​ទៅ ខ្ញុំ​ក៏​យកមក​តាំង​»​។ 
 



​វិចិត្រសាល​នេះ មាន​ដាក់តាំង​វត្ថុ​ពី​បុរាណៗ ដែល​ភាគច្រើន ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និង​មាន​ចម្លាក់​ព្រះ​ដែល​ប្រជាជន​ខ្មែរ​គោរពបូជា​ជាដើម​។ ក្រៅពីនេះ ជា​វត្ថុ​សិល្បៈ​ផ្សេងៗ​, ឧបករណ៍​ភ្លេង​, គំនូរ​,​ផលិតផល​សិប្បកម្ម​ជាដើម​។ តាម​លោក លីម មួយ​ធា​ម មូលហេតុ​ដែល​ជំរុញ​លោក​ឲ្យ​បង្កើត​វិចិត្រសាល​នេះ​ឡើង គឺ​ដោយសារ​ភាពស្រស់ស្អាតរ​បស់​វត្ថុ​បុរាណ ដែល​ពោ​ពេញ​ដោយ​អត្ថន័យ និង​រចនាបទ​ដ៏​ស្រស់ស្អាត​របស់​ខ្មែរ​៕



















Tag:
 វប្បធម៌​
 ​សិល្បៈ​
 Theam’s Gallery
  លីម មួយ​ធា​ម​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com