COVID-19
អន្តរជាតិ
លោក ត្រាំ៖ បើចាញ់ការបោះឆ្នោតខែវិច្ឆិកា ខ្ញុំទៅធ្វើអ្វីផ្សេងវិញ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា និយាយថា លោកនឹងទៅធ្វើអ្វីផ្សេង ប្រសិនលោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាខាងមុខ។ លោក ត្រាំ និយាយបែបនេះជាការតបទៅនឹងបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន ដែលបង្ហាញក្ដីបារម្ភថា លោក ត្រាំ នឹងមិនចេញពីសេតវិមានដោយងាយឡើយនៅចាញ់ឆ្នោតនោះ។
ក្រុមប្រជាធិបតេយ្យ ទំនងជាអស់ក្ដីបារម្ភលើការក្រាញអំណាចរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីរូបនេះប្រកាសថា នឹងចាកចេញតាមសម្រួលក្នុងករណីចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា។ លោក ត្រាំ ដែលតំណាងបក្សសាធារណរដ្ឋ នឹងត្រូវតតាំងជាមួយគូប្រជែងសំខាន់មកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន ដែលជាអតីតអនុប្រធានាធិបតីសម័យលោក បារ៉ាក់ អូបាម៉ា ។
លោក បៃឌិន បានរិះគន់លោក ត្រាំ មិនដាច់ពីមាត់លើបញ្ហាជាច្រើនរាប់ទាំងការឆ្លើយតបនឹងករណីស្លាប់របស់បុរសជនជាតិអាមេរិក-អាហ្វ្រិក ចច ហ្វ្លយ ដែលនាំឲ្យមានបាតុកម្មពេញអាមេរិកផងដែរ។ ក្នុងកិច្ចសម្ភាសមួយកាលពីពាក់កណ្ដាលសប្ដាហ៍នេះ លោក បៃឌិន និយាយថា ក្ដីបារម្ភតែមួយគត់របស់លោក គឺប្រធានាធិបតី ត្រាំ ព្យាយាមលួចលទ្ធផលការបោះឆ្នោត។ លោកថែមទាំងលើកឡើងថា បើលោក ត្រាំ រឹងរូស នឹងត្រូវកងទ័ពអាមេរិកអូសចេញពីសេតវិមានទៀតផង។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ដែលផ្សាយនៅយប់ថ្ងៃទី១២ ខែមិថុនា លោក ត្រាំ បង្ហើបថា លោកនឹងចាកចេញពីសេតវិមានតាមសម្រួល។ លោក ត្រាំ បញ្ជាក់ដូច្នេះថា៖ «ច្បាស់ណាស់ ប្រសិនបើខ្ញុំមិនឈ្នះ គឺខ្ញុំមិនឈ្នះហើយ។ ខ្ញុំមានន័យថា នឹងបន្តទៅមុខ និងធ្វើអ្វីផ្សេងវិញ។» លោក ត្រាំ ថែមទាំងនិយាយថា បរាជ័យរបស់លោក ជារឿងសោកសៅសម្រាប់អាមេរិក ព្រោះបក្សប្រជាធិបតេយ្យចង់បំបាត់នាយកដ្ឋានប៉ូលិស ហើយមិនធ្វើអ្វីដើម្បីដោះស្រាយកុបកម្មឡើយ។
ក្នុងការស្ទង់មតិកន្លងមក លោក បៃឌិន ទទួលសំឡេងនាំមុខលោក ត្រាំ បន្តិច។ ប៉ុន្តែលោក ត្រាំ នៅតែមានប្រជាប្រិយភាពដដែលក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតខែវិច្ឆិកា។ អ្នកនាំពាក្យសេតវិមាន Kayleigh McEnany និយាយថា លោក ត្រាំ ទន្ទឹងចាំខែវិច្ឆិកា និងថា បើចាញ់ឆ្នោតមែន លោក ត្រាំ ក៏ទទួលយកលទ្ធផលដែរ។
ទាក់ទងការបោះឆ្នោតវិញ អ្នកជំនាញបានបង្ហាញក្ដីបារម្ភចំពោះការកើនឡើងការបោះឆ្នោតតាមអ៊ីម៉ែល ខណៈជំងឺ COVID-19 មិនទាន់ទៅណា។អ្វីដែលបារម្ភនោះ គឺបញ្ហាបច្ចេកទេសដែលអាចកើតឡើងដូចជាការផ្ញើលទ្ធផលមិនទាន់ពេលរាប់សន្លឹកឆ្នោត ឬក៏ការរាប់មិនត្រឹមត្រូវ ដែលសុទ្ធតែអាចនាំឲ្យមានការតតាំងផ្លូវច្បាប់ចំពោះលទ្ធផលបោះឆ្នោតទាំងមូល៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com