កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ ក្លិបបាល់ទាត់នឹងគ្មាននិរន្តរភាពយូរអង្វែង បើគ្មានក្រុមយុវជន លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC
× លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជឿជាក់ថា ក្លិបបាល់ទាត់មួយនឹងគ្មាននិរន្តរភាពយូរអង្វែងបើគ្មានក្រុមយុវជន។ លោក ជំរុញឲ្យក្លិបទាំងអស់ខិតខំបណ្តុះបណ្តាលយុវជនថ្នាល ព្រោះបើគ្មានយុវជនទេ ក្លិបក៏មិនទទួលបានអាជ្ញាបណ្ណក្លិបពីសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) និងសហព័ន្ធបាល់ទាត់អាស៊ាន(AFF)ដែរ។
ការបង្កើតក្រុមយុវជនថ្នាលវាជារឿងចាំបាច់ និងជាលក្ខខណ្ឌតម្រូវ ដែលក្លិបបាល់ទាត់នីមួយៗត្រូវធ្វើ ព្រោះបើគ្មានយុវជនថ្នាលទេ ពួកគេក៏មិនទទួលបានអាជ្ញាបណ្ណ ដែលទទួលស្គាល់ដោយ FIFA, AFC និង AFF ដែរ។ ក្លិបទាំងនោះ ក៏ពុំមានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដែលរៀបចំដោយស្ថាប័នបាល់ទាត់ទាំងនេះផងដែរ បើគ្មានអាជ្ញាបណ្ណក្លិប។
ជាមួយការជំរុញឲ្យក្លិបនីមួយៗខិតខំបណ្តុះបណ្តាល និងបង្កើតក្រុមយុវជនថ្នាលបាល់ទាត់ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហ៊ានវាយតម្លៃថា បើក្លិបបាល់ទាត់មួយគ្មានក្រុមយុវជនថ្នាលទេ ក្លិបនោះ នឹងប្រឈមបញ្ហាលើការដំណើរការក្លិបនាថ្ងៃអនាគត។ ពោលគឺក្លិបនឹងគ្មាននិរន្តរភាពយូរអង្វែងបើគ្មានក្រុមយុវជន។
«ការអភិវឌ្ឍបាល់ទាត់មិនមែនធ្វើតាមចិត្តយើងចង់នោះទេ ព្រោះបាល់ទាត់មានក្បួនខ្នាត ច្បាប់ និងរចនាសម្ព័ន្ធអង្គការចាត់តាំងត្រឹមត្រូវតាំងពី FIFA ដែលជាអង្គការកំពូលនៃបាល់ទាត់ពិភពលោក បន្ទាប់មកសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី និងអាស៊ានរហូតដល់យើង(FFC)។ តាមលក្ខខណ្ឌរបស់សហព័ន្ធទាំងនោះ គឺតម្រូវឲ្យក្លិបនីមួយៗត្រូវមានក្រុមយុវជន ពីព្រោះបើក្លិបបាល់ទាត់មួយគ្មានយុវជន គឺក្លិបនោះមិនធានានិរន្តរភាពយូរអង្វែងទេ»។ លោក សៅ សុខា លើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នា២០២០។
ប្រធានសហព័ន្ធរូបនេះបានបន្ថែមថា៖«ក្លិបដែលអាចទៅលេងក្នុងពានរង្វាន់ដែលរៀបចំដោយ AFC និង FIFA បាន លុះត្រាក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងនោះមានយុវជន បើគ្មានយុវជនទេ គេមិនផ្តល់អាជ្ញាបណ្ណក្លិបឲ្យនោះទេ ហើយបើគ្មានអាជ្ញាបណ្ណទេ គឺមិនអាចទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយ FIFA ឬ AFC បានទេ នេះជាលក្ខខណ្ឌតម្រូវ ហើយត្រូវតែធ្វើ»។
ដោយមើលឃើញពីសារសំខាន់បែបនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំគម្រោងថវិកា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍន៍យុវជនថ្នាលបាល់ទាត់តាមក្លិបនីមួយៗ ដែលជាសមាជិក។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២០ នេះតទៅ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជារំពឹងថា តាមរយៈគម្រោងនេះនឹងបង្កើនធនធានបាល់ទាត់ឲ្យកាន់តែច្រើន ដើម្បីត្រៀមឆ្ពោះទៅសម្រេចគោលដៅនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com