ជាតិ
អ្នក​ប្រើ Window 10 ត្រូវ​រួសរាន់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ ព្រោះ​មាន​មេរោគ​ចូល​
13, Jun 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​អ្នកប្រើប្រាស់ Window 10 ទាំងអស់​ត្រូវធ្វើ​បច្ចុប្បន្នភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួន ដោយសារតែ​មានការ​រំខាន​ពី​ការ​ជ្រៀតចូល​នៃ​មេរោគ SMBGhost​។ 




​ក្រោយពី​នាយកដ្ឋាន​រក្សា​សន្តិសុខ​សង្គម​អាមេរិក ប្រកាស​ពី​ការ​ជ្រៀតចូល​មេរោគ SMBGhost លើ​ប្រព័ន្ធ​ប្រតិបត្តិការ Window 10 កាលពី​សប្ដាហ៍​កន្លងទៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Window 10 ដែល​មិន​បានធ្វើ​បច្ចុប្បន្នភាព​នៅ​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ត្រូវធ្វើ​បច្ចុប្បន្ន​ភាពជា​ប្រញាប់​។​
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ អះអាងថា មេរោគ SMBGhost ត្រូវ​វាយប្រហារ​កុំព្យូទ័រ​នៅពេល ប្រព័ន្ធ​ប្រតិបត្តិការ Window ធ្វើការ​ជាមួយ Printer ឬ File Server​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បន្តថា នៅពេល​មេរោគ ចូលក្នុង​កំ​ព្យូ​ទ័​រ​បានសម្រេច វា​នឹង​បន្ថែម​មេរោគ​ផ្សេងទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា Malware និង Ransomware ហើយ​ក្រោយពី​មេរោគ ចូល​វាយលុក​កាន់តែខ្លាំង​ហើយ​នោះ វា​នឹង​បង្កចលាចល​ទៅ​ទូទាំង​ពិភពលោក​។​
 
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បន្ថែមថា នៅពេល​មាន​បញ្ហា​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួន​ក្រុមហ៊ុន Microsoft បានធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​រួចមកហើយ​កាលពី​ខែមីនា​កន្លងទៅ ហើយ​កុំព្យូទ័រ​ទាំងអស់ ក៏ត្រូវ​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន ដើម្បី​ការពារ​កុំព្យូទ័រ​របស់​អ្នក​ពី​មេរោគ SMBGhost​។ 
 
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់ថា បញ្ហា​នេះ​បង្ក​ផលប៉ះពាល់​តែ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ Window 10 ប៉ុណ្ណោះ សម្រាប់ Window ជំនាន់​ផ្សេងៗ​ទៀត​មិនមាន​បញ្ហា​អ្វី​នោះទេ​៕

Tag:
 បច្ចេកវិទ្យា​
  Window 10
© រក្សាសិទ្ធិដោយ thmeythmey.com