ពីនេះ ពីនោះ
«​លំនៅឋាន​» «​លំនៅដ្ឋាន​» និង «​លំនៅស្ថាន​» ប្រើ​មួយណា​ត្រឹមត្រូវ​?
16, Apr 2021 , 7:29 am        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​ឲ្យ​សរសេរ​ជា​«​លំនៅឋាន​» ទៅតាម​សទ្ទានុក្រម​ពាក្យ​ច្បាប់ (​ខ្មែរ​-​អង់គ្លេស​-​បារាំង​) ផ្នែក​រដ្ឋប្បវេណី និង​និ​តី​វិធី​រដ្ឋប្បវេណី​។ ពលរដ្ឋ​ខ្លះ​ធ្លាប់តែ​ប្រើ​ជា «​លំនៅដ្ឋាន​» គួរ​បែរមក​ប្រើ​ជា «​លំនៅឋាន​» តាម​ការកំណត់​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​វិញ ទើប​ត្រឹមត្រូវ​។ «​លំនៅឋាន​» មានន័យថា កន្លែង​ដែលជា​ទីតាំង​នៃ​ជីវភាព​រស់នៅ​ជា​អចិន្ត្រៃយ៍​របស់​បុគ្គល​ម្នាក់ៗ​។



​ទោះបី​មិនអាច​ប្រើពាក្យ​«​ដ្ឋា​ន​» ឬ «​ស្ថាន​» សម្រាប់​ភ្ជាប់​ជាមួយនឹង​ពាក្យ «​លំនៅ​» តែ​ពាក្យ «​ដ្ឋា​ន​» និង «​ស្ថាន​» អាច​ប្រើ​ភ្ជាប់​ជាមួយនឹង​ពាក្យ​ដទៃទៀត ដោយ​ពាក្យ​ទាំងនោះ​មានដូចជា «​កីឡដ្ឋាន គេហដ្ឋាន បទដ្ឋាន សន្និដ្ឋាន អធិដ្ឋាន អាសយដ្ឋាន អត្រានុកូលដ្ឋាន ភោជនីយដ្ឋាន  គ្រឹះស្ថាន ពេទ្យស្ថាន និង រហស្ថាន ជាដើម​។ 
 
​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត មានតែ​ពាក្យ​លំនៅ និង ពាក្យ​ស្ថាន ឬ ឋាន នៅ​ដាច់ដោយឡែក​ពីគ្នា តែ​មិនមាន​ពាក្យ​លំនៅស្ថាន ឬ​លំនៅឋាន ឬមួយ លំនៅដ្ឋាន នៅជាប់​គ្នា​ឡើយ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com