ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ម្ដាយ​ឪពុក​ចាស់ជរា​នៅ​ស្រុកស្រែ ត្រូវ​មើលថែ​ខ្លួនឯង​ព្រោះតែ​កូនៗ​ចំណាកស្រុក​
14, Jun 2020 , 10:39 am        
រូបភាព
​កណ្ដាល​៖ នៅពេល​វ័យ​កាន់តែ​ចាស់ កម្លាំងកាយ​ក៏​ធ្លាក់ចុះ ម្ដាយ​ឪពុក​មួយចំនួន​នៅ​ស្រុក​ស្រែចម្ការ ត្រូវ​រស់នៅ​ដាច់​ឆ្ងាយ​ពី​កូនចៅ​។ ព្រោះ​កត្តា​ជីវភាព កូនៗ​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​។ ការបង្កើត​គ្រួសារ​ថ្មី ហើយ​ទៅ​រស់នៅ​ឆ្ងាយ ក៏​ធ្វើឱ្យ​ម្ដាយ​ឪពុក​ត្រូវ​រស់​ឯកោ​ដែរ​។ ក៏មាន​ម្ដាយ​ឪពុក​ខ្លះ រស់នៅ​ជាមួយ​កូន​រាល់ថ្ងៃ ប៉ុន្តែ​បែរជា​មិនសូវ​ស្និទ្ធស្នាល​ទៅវិញ​។​




​ដើម្បី​ជ្រាប​ច្បាស់​ពី​អារម្មណ៍​របស់​ម្ដាយ​ឪពុក នៅពេល​មាន​វ័យ​កាន់តែ​ចាស់ ហើយ​មិន​មានកូន​នៅក្បែរ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖








 
​កាល​នៅ​តូច កូនៗ​មាន​ម្ដាយ​ឪពុក​ជា​មិត្ត​ល្អ គ្រូ​ល្អ នៅចាំ​លួងលោម មើលថែ ថ្នាក់ថ្នម ផ្ដល់​នំចំណី​ល្អ និង​សម្លៀកបំពាក់​គ្រប់បែបយ៉ាង​។ កូន​កាន់តែ​តូច កាន់តែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​។ ផ្ទុយ​មកវិញ នៅពេលដែល​ម្ដាយ​ឪពុក​កាន់តែ​ចាស់ បែរជា​កាន់តែ​ឯកោ​ទៅវិញ​។​
 
​ចាស់ៗ​មួយចំនួន នៅតាម​ស្រុក​ស្រែចម្ការ ដែល​នៅ​សេសសល់​កម្លាំងកាយ​បន្តិច​ប​ន្ទួ​ច ខំ​ឆ្លៀត​ធ្វើ​ស្មៅ​នៅ​ជុំវិញ​ផ្ទះ កាប់​ដី​ដាំ​បន្លែ ឬ​អង្គុយ​ដេរ​ប៉ះ ដើម្បី​កំដរ​ភាព​អផ្សុក​។ បើ​សង្កេត​ឱ្យ​មែនទែនទៅ ម្ដាយ​ឪពុក​ចាស់ៗ​ដែល​មានកូន​នៅក្បែរ ហាក់​មិនសូវមាន​ពាក្យពេចន៍​ច្រើន​និយាយ​ជាមួយ​កូនៗ ក្រៅពី​និយាយ​កិច្ចការ​ចាំបាច់​ឡើយ​។ ម្ដាយ​ឪពុក​ខ្លះទៀត ត្រូវ​រស់នៅ​ត្រមង់​ត្រមោច​តែម្នាក់ឯង មិនមាន​កូន​នៅ​មើលថែ ទាំង​ដែល​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ផង​។ 
 
​អ្នកស្រី រស់ ប្រុក អាយុ​៦៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែរ ខេត្តកណ្ដាល ត្រូវ​មើលថែ​ប្ដី​ដែលមាន​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំកាយ​ផង​តែម្នាក់ឯង ព្រោះ​កូនៗ​បែក​គ្រួសារ និង​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​។ មានកូន​៥​នាក់ ស្ត្រី​សម្បុរ​ខ្មៅ ពាក់អាវ​ផ្កា​ពណ៌​ខៀវ​វាល​ក្លៀក​រូបនេះ រៀបរាប់​ពី​អារម្មណ៍​របស់គាត់​ដូច្នេះ​៖«​ជា​អារម្មណ៍​យើង​ចាស់​ហើយ ឈឺ​ថ្កាត់​យប់​ព្រលប់ មិនដឹង​ទៅ​ហៅ​កូន​នៅឯណា ព្រោះ​កូន​ទៅរក​ស៊ី​ឆ្ងាយ​អស់ហើយ​។ បើ​កូន​នៅក្បែរ​កក់ក្ដៅ តែបើ​ទុកឱ្យ​កូន​នៅ យើង​វា​អត់ ដូច្នេះ​ឱ្យ​កូន​ទៅរក​ប្រាក់​ទៅ​។ ពិបាក​ឬ​ស្រណុក ចេះតែ​ទ្រាំ​ទៅ ព្រោះ​យើង​វា​អត់​»​។


 អ្នក​ស្រី រស់ ប្រុក កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះរបស់​គាត់​ សម្លឹង​មើលឆ្ងាយ

​អង្គុយ​លើ​គ្រែ​រនាបឫស្សី​ក្រោមផ្ទះ​ប្រក់​ស័ង្កសី អ្នកស្រី រស់ ប្រុក ថា​គាត់​មិន​ហ៊ាន​ទៅធ្វើ​ការងារ​ឆ្ងាយ​ពី​ប្ដី​យូរ​ឡើយ ព្រោះ​ខ្លាច​មាន​ហេតុ​មិនល្អ​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ​ទៅលើ​ប្ដី​៖«​នៅតែ​២​នាក់​តា ហើយ​តា​មានសង្ឃឹម​អ្វី គាត់​នៅ​សម្រាន្ត​ស្ដូក​ហ្នឹង​។ រាល់ថ្ងៃនេះ​នៅតែ​មើលថែ​គាត់​ហ្នឹង ទឹក​ក្ដៅ​ទឹក​ត្រជាក់​បាយ​នំចំណី​។ គាត់​ឈឺ​ជិត​១​ឆ្នាំ​ហើយ​។ ឈឺ​តែ​គាត់​ក៏​ស្ទះ​ដល់​ខ្ញុំ​ដែរ មិនអាច​ចេញទៅ​ណា​កើត​។ ទៅធ្វើ​ស្មៅ​នៅក្រោយ​ផ្ទះ មិន​ហ៊ាន​នៅ​យូរ​ទេ ចេះតែ​មក​អើតមើល​គាត់ ព្រោះ​មនុស្ស​ជំងឺ វា​មិន​ទៀង​»​។​
 
​ងាក​មក​ចាប់អារម្មណ៍​លោក ញឹក ច្រើ​ង វ័យ ៧៦​ឆ្នាំ ដែល​ត្រូវជា​ប្ដី​របស់​អ្នកស្រី រស់ ប្រុក វិញ​។ ប្រហែលជា​១​ឆ្នាំមុន លោក ច្រើ​ង  បាន​ធ្លាក់​ពីលើ​គ្រែ បណ្ដាលឱ្យ​ពិការ​ជើង​ដើរ​លែងរួច ដូច្នេះ​លោក​ត្រូវ​នៅ​អង្គុយ​លើ​គ្រែ​តែម្នាក់ឯង​រហូតដល់​ស​ព្វ​ថ្ងៃ​។ មាន​សម្បុរ​ស តែ​ចង់​ប្រែ​ទៅជា​ក្រហម​វិញ ទំនង​មកពី​ជំងឺ​ប្រចាំកាយ បុរស​វ័យ​ចំណាស់​ដែល​តែងតែ​ជិះ​កង់​ទៅលេង​ផ្ទះ​មិត្ត​ភ័ក្ដិ កាល​នៅមាន​សុខភាព​មាំ រូបនេះ កំពុងមាន​អារម្មណ៍​ឯកោ និង​ឃ្លាតឆ្ងាយ​ពី​មិត្ត​ចាស់​៖«​នឹក​មិត្ត​ដែល​ធ្លាប់​ទៅ​បុណ្យ​ជាមួយគ្នា​។ ខ្ញុំ​ទៅណា​លែងរួច គាត់​ក៏​មិន​មក​ជិត មក​សួរសុខទុក្ខ​។ ពីមុន​ធ្លាប់​ជួបគ្នា សប្បាយ​ក្អាកក្អាយ​ជាមួយគ្នា​»​។


 លោក ញឹក ច្រើង កំពុង​អង្គុយ​នៅ​ជិត​ប្រពន្ទរបស់​គាត់​

​មិនអាច​ទៅណា​រួច មិន​មានកូន​នៅក្បែរ ហើយ​មិត្ត​ស្និទ្ធ​ក៏​មិនសូវមាន​ពេល​មកលេង​ផង ធ្វើឱ្យ​ឪពុក​ចំណាស់ ដែលមាន​ផ្ទៃមុខ​ជ្រីវជ្រួញ លម្អ​ដោយ​ពុកមាត់​និង​ពុកចង្កា​ពណ៌​សរូប​នេះ ហាក់​ខកបំណង​នឹង​មិត្តភាព​មិត្ត​ភ័ក្ដិ​ដែល​ធ្លាប់មាន​ពីមុន ខណៈពេល​ចង្កៀង​ជិត​អស់​ប្រេង​ទៅហើយ​នេះ​៖«​អ្នក​ដែល​មិនសូវ​ស្និទ្ធ​គេ​ចេះតែ​មក​សួរសុខទុក្ខ​ដែរ តែ​នេះ​ដំណើរ​គេ​មកដល់​កន្លែង​នេះដែរ​ទេ ទើប​គេ​មក​សួរ​ទៅ បើ​តាមតែ​ការចង់​មក​សួរ​ផ្ទាល់​មិនមាន​។ មាន​អ្នក​មក​សួរ​តិចតួច ដល់​អ៊ីចឹងទៅ​អផ្សុក​ណាស់​»​។​
 
​សម្ដី​បង្កប់​នូវ​ភាព​អស់សង្ឃឹម ជីតា ដែលមាន​ចៅស្រី​តូច​អាយុប្រមាណ​៧​ឆ្នាំ​រស់នៅ​ជាមួយ ញឹក ច្រើ​ង ប្រាប់​ពី​ទម្លាប់​ប្រចាំថ្ងៃ​របស់គាត់​៖«​រក​និយាយ​អ្វី​ជាមួយ​អ្នកណា​ក៏​មិនមាន ដូច្នេះ​ចេះតែ​និយាយ​តែម្នាក់ឯង​។ ដេក​ទៅ​មានតែ​ភាវនា​ធម៌​។ ជួន​បើក​ទូរទស្សន៍​មើល ព្រោះ​អផ្សុក​ពេក ទៅណា​មិន​រួច​»​។​
 
​ចេញពីផ្ទះ​លោក ញឹក ច្រើ​ង ខ្ញុំ​បាន​ដើរទៅ​ផ្ទះ​មួយទៀត ដែល​រំលង​១​ផ្ទះ ពី​ផ្ទះ​របស់លោក ញឹក ច្រើ​ង នោះ​គឺ​ផ្ទះ​របស់​ដូនចាស់ ស្រី សុ​ខេន វ័យ​៧០​ឆ្នាំ​។ កំពុង​អង្គុយ​នៅ​លើក​ង្រឹ​ង​ក្រោមផ្ទះ ដែលមាន​កម្ពស់​ទាប​និង​តូច​ល្មម រនាប​ផ្ទះ​ធ្វើ​ពី​ឫស្សី ដូន សុ​ខេន ក៏មាន​ជំងឺ​ប្រចាំកាយ​ដែរ​។ 
 
​មាន​សំឡេង​ថប់ៗ​ដូចជា​តឹងទ្រូង​ខ្លាំងណាស់ ដោយសារ​ប្រតិកម្ម​ចំណីអាហារ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្ត្រី​វ័យ​ចំណាស់​ដែលមាន​មាឌ​ធាត់ សម្បុរ​ស្រអែម ពាក់អាវ​ផ្កា​វាល​ក្លៀក ស្រី សុ​ខេន នៅមាន​កម្លាំង​ខ្លះៗ ដោយ​អាច​ដើរទៅ​លេង​ផ្ទះ​អ្នកជិតខាង គ្រាន់​រំឭក​ពី​អនុស្សាវរីយ៍​ដែល​កន្លង​៖«​ដើរ​ត្រឹមតែ​ផ្ទះ​តា​ច្រើ​ង អត់​ទៅណា​រួច​ទេ​។ ខ្ញុំ​លើសឈាម ផឹកថ្នាំ​រាល់ថ្ងៃ​មិនដែល​ហ៊ាន​ខាន​ឡើយ​។ មាន​អ្នក​មក​សួរសុខទុក្ខ​ដែរ ជួន​គេ​ឱ្យ​២​ពាន់​រៀល ជួន​៥​ពាន់​រៀល មិនដែល​ខាន​ទេ ព្រោះ​ពេល​គេ​ឈឺ​ខ្ញុំ​ទៅលេង​គេ​ដែរ​។ ខ្ញុំ​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ពីមុខ​របរ​ដែល​យើង​ធ្វើ​ពីមុន​។ តែ​ឥឡូវ​ទៅណា​មិន​រួច នៅ​ត្រមង់​ត្រមោច​តែម្នាក់ឯង​»​។


អ្នក​ស្រី ស្រី សុខេន កំពុង​អង្គុយ​លើ​អង្រឹងក្រោម​ផ្ទះ​របស់​គាត់​

​មានសំណាង​ជាង​គ្រួសារ​របស់លោក ញឹក ច្រើ​ង ដូន សុ​ខេន មានកូន​រស់នៅ​ក្បែរ គ្រាន់​បាន​មើលថែ​បាយទឹក​រឭក​ចំណី​។ ទោះជា​យ៉ាងណា ភាពស្និទ្ធស្នាល​ដែល​ធ្វើឱ្យ អ្នក​ម្ដាយកូន​៣​នាក់​រូបនេះ សប្បាយរីករាយ​ក្នុង​ចិត្ត​នោះ គឺ​ការ​បន្លែង​លេង​ជាមួយ​ចៅ​តូចៗ​៖«​ខ្ញុំ​មិន​និយាយ​លេង​ជាមួយ​កូន​ឡើយ តែ​និយាយ​លេង​ជាមួយ​ចៅ​តូច ហើយ​យោល​ឱ្យ​វា​ដេក​។ កាល​ខ្ញុំ​នៅ​មិនទាន់​ឈឺ ខ្ញុំ​ឧស្សាហ៍​បាន​ទៅលេង​ជាមួយ​មិត្ត ដែលមាន​ផ្ទះ​នៅ​ត្រើយម្ខាង​»​។​
 
​ដូចគ្នា​ដែរ អារម្មណ៍​របស់លោក ញឹក ច្រើ​ង ក៏បាន​ធូរស្បើយ​ល្ហើយចិត្ត ព្រោះតែ​ចៅ​តូចៗ​ដែរ​៖«​កូន​មកលេង ចិត្ត​របស់ខ្ញុំ​ធម្មតា ប៉ុន្តែ​សប្បាយចិត្ត​ព្រោះ​បាន​បន្លែង​ចៅ​តូចៗ​»​។​
 
​អង្គុយបត់ជើង​លើ​គ្រែ ភ្នែក​រែ​ទៅ​មើល​ផ្ទះ​អ្នកជិតខាង អ្នកស្រី ប្រុក មិន​ហ៊ាន​ត្អូញត្អែរ​ឡើយ បើទោះបីជា​ក្នុង​១​ឆ្នាំ គាត់​បាន​ជួប​មុខ​កូន​តែ​២​ដង​ក៏ដោយចុះ ដ្បិតអី​គាត់​យល់​ពី​ទុក្ខលំបាក​របស់​កូនៗ ដែល​ប្រឹងប្រែង​រកប្រាក់ ដើម្បី​យកមក​ផ្គត់ផ្គង់​គ្រួសារ និង​ព្យាបាល​ជំងឺ​ឪពុក​៖«​កូន​មកលេង​តែ​ពេល​បុណ្យចូលឆ្នាំ​និង​ភ្ជុំ​ហ្នឹង បើ​ថ្ងៃ​មិនមាន​បុណ្យ​គ្រាន់តែ​ផ្ញើ​ប្រា​ក់មក និង​ហៅ​ទូរ​សព្ទ​មកលេង​។ ម្សិលមិញ​កូន​ថា​ចង់​មកលេង​ដែរ តែ​ថា​មិនមាន​ប្រាក់​។ នឹក​កូន​ដែរ តែបើ​ឱ្យ​កូន​នៅក្បែរ យើង​នឹង​អត់បាយ​ទាំងអស់គ្នា​»​។​
 
​មានកូន​៥​នាក់ ដោយ​បែក​គ្រួសារ​ទៅ​រស់នៅ​ឆ្ងាយ​៤​នាក់ អ្នកស្រី ប្រុក ដែលមាន​សក់ខ្មៅ​ត្រឹម​ក ប្រាប់ថា​គាត់​មិន​ហ៊ាន​ចាយវាយ​ប្រាក់​ដែល​កូន​ផ្ញើមក​ជូន​ខ្ជះខ្ជាយ​ឡើយ​។ អ្នកស្រី​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​គេ​មានគ្រួសារ​ហើយ គេ​មក​ផ្គត់ផ្គង់​យើង មិនបាន​ច្រើន​ដូច​អ្នក​នៅ​លីវ​ទេ អាល័យ​គិត​យើង​ខ្លាំង​កូន​អត់ ព្រោះ​គ្នា​ក៏​អត់​ដែរ​។ កូន​ដែល​នៅ​លីវ​ហ្នឹង​មិនបាន​ផ្ដល់ឱ្យ​រាល់ថ្ងៃ​ទេ ព្រោះ​គ្នា​ស៊ីឈ្នួល​គេ ទាល់តែ​ដល់​ខែ​ទើបបាន​បើក​ផ្ញើឱ្យ​យើង​។ ខ្ញុំ​ចេះតែ​ចាយ​ក្បិតក្បៀត​ទៅ ទម្រាំ​ដល់​ខែ​កូន​ផ្ញើ​មកទៀត​»​។


 ផ្ទះរបស់​លោក ញឹក ច្រើង និង​អ្នក​ស្រី រស់ ប្រុក

​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​៣​ឆ្នាំ​មកនេះ ដូនចាស់ សុ​ខេន តែងមាន​បំណង​ចង់ឱ្យ​ញាតិ​ក្នុងភូមិ ឬ​មិត្ត​ចាស់ ចេញចូល​មកលេង​ញឹកញាប់​គ្រាន់​ជជែក​គ្នា​លេង ប៉ុន្តែ​ដូន​ក៏​យល់ថា គេ​ក៏​រវល់​ការងារ​ដែរ​៖«​ខ្ញុំ​ចង់ឱ្យ​មិត្ត​មកលេង​ច្រើន​ដែរ ប៉ុន្តែ​គេ​រវល់​។ អ្នកខ្លះ​គេ​ដើរកាត់ គេ​ស្រែកសួរ​ដែរ ថា​បាន​គ្រាន់បើ​ហើយ​នៅ​? ខ្ញុំ​ប្រាប់​គេ​ថា​នៅតែ​ប៉ុណ្ណឹង​គ្រាន់តែ​មិន​ដេក​ដួល​»​។​
 
​ស្ទើរតែ​ពេញ​មួយជីវិត​របស់​ម្ដាយ​ឪពុក ប្រឹងប្រែង​ធ្វើការ​មិន​ស្គាល់​យប់ មិន​ស្គាល់​ថ្ងៃ និង​មិន​ហ៊ាន​សម្រាក​លំហែកាយ ក៏​ដើម្បី​តែ​រកប្រាក់​មក​ផ្គត់​ផ្ដ​ង់​កូនៗ​។ ក៏មាន​មិនតិច​ដែរ ម្ដាយ​ឪពុក​ដែល​ខំប្រឹងប្រែង​ដើម្បី​ចៅៗ​របស់​ពួកគាត់​។ 
 
​ម្ដាយ​ឪពុក​ខ្លះ​ត្រូវ​កូន​ទុកចោល​ឱ្យនៅ​ផ្ទះ​តែឯង ដោយ​មិនបាន​យល់​ពី​គុណ​របស់​ពួកគាត់​។ ចំណែក​កូនៗ​ខ្លះ បង្ខំចិត្ត​បែក​ពី​ម្ដាយ​ឪពុក ក៏​ដើម្បី​រកប្រាក់​មកជួយ​ជីវភាព​ដែរ​។ ទោះជា​យ៉ាងណា​ក៏មាន​ម្ដាយ​ឪពុក​មួយចំនួនធំ ទទួលបាន​ការយកចិត្ត​ទុកដាក់ លើ​បាយទឹក​នំចំណី ថ្នាំ​ព្យាបាល​រោគ និង​មើលថែរក្សា​យ៉ាង​យកចិត្តទុកដាក់​ពី​កូនៗ​របស់​ពួកគាត់​ផងដែរ​៕
 
 

Tag:
 ​ម្ដាយ​
 ​ឪពុក​
 ​មនុស្ស​ចាស់​
 ​ជីវិត​
 ​ស្រុកស្រែ​
© រក្សាសិទ្ធិដោយ thmeythmey.com