ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ពេល​ស្ត្រេ​ស គួរ ឬ​មិនគួរ​ទទួលទាន​អ្វីខ្លះ​?
14, Jun 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ប្រភេទ​នៃ​អាហារ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​គួរ​ចៀសវាង ឬ​ចាំបាច់​ទទួលទាន​នៅពេល​ស្ត្រេ​ស ៖

 
​អាហារ​និង​ភេសជ្ជៈ​ដែល​គួរ​ចៀសវាង​
 
១. កាហ្វេ​អ៊ី​ន​
 
​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការផលិត​សារ​ធាតុគីមី​មួយចំនួន​ក្នុង​ខួរក្បាល​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើអោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កើតមានឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​
 
២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​
 
​នំ​គុក​ឃី នំ​ស្រួយ ភី​ហ្សា​ជាដើម​សុទ្ធតែ​ធ្វើឡើង​ពី​ម្សៅ​ចម្រាញ់​ដែលជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ការ​រលាក​។ ហើយ​អ្នក​គួរ​ដឹងថា​ការ​រលាក គឺជា​អ្វីមួយ​ដែល​ជះឥទ្ធិពល​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​នៅពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​មាន​អារម្មណ៍​តានតឹង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​ក្នុង​អំ​ឡូង​ពេលនេះ​។​
 
៣. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​
 
​ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផងដែរ​។ ហើយ​អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ស្ត្រេ​ស​ខ្លាំង​នៅពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​។ ម្យ៉ាងវិញទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែលនាំអោយ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​
 
៤. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​មិនអាច​ជួយ​ឱ្យ​អ្នក​បាត់​ស្ត្រេ​ស​ដូចដែល​ធ្លាប់​បានគិត​ឡើយ​! ការពិត​នោះ​គឺ​គ្រឿង​ស្រវឹង​មានតែ​ផ្ដល់ឱ្យ​រាងកាយ​ពេញ​ទៅដោយ​ជាតិពុល​ដែល​ពិបាក​នឹង​កម្ចាត់​ចោល ឬ​បញ្ចេញ​មក​ក្រៅ​ពិសេស​កំឡុងពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ស្រាប់​។ លើសពីនេះទៅទៀត​ការទទួល​ទាន​គ្រឿង​ស្រវឹង​មិន​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ឡើង​ដែលជា​ហេតុ​ធ្វើឱ្យ​ក្រោក​មក​អស់កម្លាំង​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​។​
 
៥. អាហារ​កែច្នៃ​
 
​អាហារ​ប្រភេទ​នេះ​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​គ្រង់​គ្រង​ស្ត្រេ​ស​ឡើយ ប៉ុន្តែ​បែរជា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​រក្សាទុក​បានយូរ គ្រឿងផ្សំ​កែច្នៃ​បន្ថែម​រសជាតិ និង​សារ​ធាតុគីមី​ផ្សេងៗ​ដែល​មិនល្អ​ចំពោះ​សុខភាព​ទៅវិញ​។​
 
​អាហារ​និង​ភេសជ្ជៈ​ដែល​គួរ​ទទួលទាន​
១. ទឹក​
 
​ជា​ភេសជ្ជៈ​ដែល​ងាយ​នឹង​រកបាន​បំផុត​។ ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​ដើម្បី​បន្ថយឥទ្ធិពល​នៃ​ភាព​ស្ត្រេ​ស​លើ​សុខភាព​រាងកាយ​និង​ផ្លួ​វ​ចិត្ត​។ គួរបញ្ជាក់​ផងដែរ​ថា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។​
 
២. ទឹកដូង​
 
​ចូរ​ទទួលទាន​ទឹកដូង​មួយ​កែវ​ពេល​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​នឹង​ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អ្នក​ភ្លាមៗ ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​ដោយ​វា​មាន​ផ្ទុក​វីតាមីន B​។​
 
៣. តែ​បៃតង​
 
​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​តិចជាង​កាហ្វេ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍​។ ការទទួល​ទាន​តែ​បៃតង​មួយ​ពែង​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​និង​ធូរស្រាល​បាន​យ៉ាង​ឆាប់រហ័ស​។​
 
៤. តែ​រុក្ខជាតិ​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​មិនបាន អ្នក​អាច​ប្ដូរ​មកជា​តែ​រុក្ខជាតិ​ជំនួស​វិញ​។ ឧទាហរណ៍​តែ​ផ្កា Chamomile! ក្រៅពី​ជួយ​បំបាត់​បញ្ហា​ព័ន្ធ​ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ តែ​រុក្ខជាតិ​នេះ​ក៏មាន​ប្រសិទ្ធភាព​ទប់ទល់​ស្ត្រេ​ស​គួរឱ្យកត់សម្គាល់​ផងដែរ​។ អ្នក​អាច​ទទួលទាន​តែ​ផ្កា Chamomile នៅមុន​ពេល​ចូល​គេង​ដើម្បី​ឆាប់​គេង​លក់បាន​ស្កប់​។​
 
៥. ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​
 
​ទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន កាល់ស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ហើយ​សារធាតុ​ទាំងអស់នេះ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​បញ្ចេញ​ដោយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​។​
 
៦. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ រួមទាំង​អារម្មណ៍​។ ត្រី​សម្បូរ​ខ្លាញ់​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​រីករាយ serotonin នៃ​ខួរក្បាល​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​។​
 
៧. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​
 
 ៨. ផ្លែ​ចេក​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្លែ​ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B រួមទាំង​សារធាតុ folate និង​វីតាមីន B6 ដែល​ជួយ​ក្នុង​ការផលិត​អ័រម៉ូន serotonin បង្កើន​អារម្មណ៍​ល្អប្រសើរ​កាត់បន្ថយ​ភាព​តានតឹង​។​
 
៩. គ្រាប់​ធញ្ញជាតិ​
 
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ថែមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ រក្សា​សុខភាព​ខួរក្បាល ក៏ដូចជា​ស​សៃ​ប្រសាទ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com