ជាតិ
អាជីវករ ស្ម័គ្រចិត្ត​រុះរើ​តូប ដើម្បី​ភាពស្រស់ស្អាត​នៅមុខ​អង្គរវត្ត​
14, Jun 2020 , 7:29 pm        
រូបភាព
​សៀមរាប​៖ ក្រុមអាជីវករ​កាន់តែ​ច្រើន បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​តូប​លក់ដូរ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​រៀបចំ​កែលម្អ​ទីនេះ​ឱ្យ​កាន់​មាន​របៀបរៀបរយ​ឡើងវិញ ដែល​ទីតាំង​នេះ​កន្លងមក​មាន​ភាព​រញ៉េរញ៉ៃ ដោយសារ​តូប​លក់ដូរ​មិនមាន​របៀប​។ ក្រុមអាជីវករ​ដែល​ស្ម័គ្រចិត្ត​រុះរើ បានបង្ហាញ​អារម្មណ៍​រីករាយ​ជាមួយនឹង​ទិដ្ឋភាព​ថ្មី​នៅមុខ​ប្រាសាទអង្គរវត្ត​។​

 
​សំណង់​តូប​លក់ដូរ​ប្រមាណ​ជិត​១០​ហើយ ដែល​ត្រូវបាន​ម្ចាស់​ព្រមព្រៀង​រុះរើ ស្រប​ពេលដែល​អាជ្ញាធរ​កំពុង​ប្រតិបត្តិ​ការកែលម្អ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​។ ទីតាំង​ទាំងនោះ កំពុង​រៀបចំ​សួនច្បារ ការដាំ​ដើមឈើ ពិសេស​ទីលាន​បដិសណ្ឋារកិច្ច ដែល​ប្រមូលផ្តុំ​ដោយ​អគារ​ជាង​២០​នៅក្នុង​នោះ​។ ក្រុម​អ្នកលក់ដូរ​ដែល​ស្ម័គ្រចិត្ត​រុះរើ នឹង​ទទួលបាន​តូប​លក់ដូរ នៅពេលដែល​សំណង់​ទីលាន​បដិសណ្ឋារកិច្ច​ថ្មី​រួចរាល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
 



​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ទទួលបន្ទុក​កិច្ចការ​ខាងលើ​និយាយថា បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ សំណង់​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត គ្រោង​នឹង​បើក​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ចុងខែ សីហា​នេះ​។ លោក​បន្ថែមថា មកដល់​បច្ចុប្បន្ននេះ​កិច្ចការ​អភិវឌ្ឍ​នៅមុខ​អង្គរ​កំពុង​មមាញឹក និង​មាន​អាជីវករ​កាន់តែច្រើន​ស្ម័គ្រចិត្ត​រុះរើ ដោយ​ទុក​កន្លែង​ឱ្យ​អាជ្ញាធរ​បំពេញការងារ​ដើម្បី​រៀបចំ​ទីធ្លារ​មុខ​អង្គរ​ឱ្យមាន​ទិដ្ឋភាព​ពណ៌​បៃតង ស័ក្ដិ​សមជា​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។​
 



​នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ម្ចាស់​អាជីវករ​ចំនួន​២​ទៀត​ដែលមាន​ទីតាំង​មុខ​ស្ពាន​អណ្ដែត​ទឹក និង​ជិត​បង្គន់​អនាម័យ បាន​ស្ម័គ្រចិត្ត​ប្រគល់​ទីតាំង​ឱ្យ​ពង្រីក​ការអភិវឌ្ឍ​។ លោក យិ​ត ចាន់​ដារ​ដ្ឋ បានចាត់ទុក​សកម្មភាព​នេះ​ថា​ជា​គំរូ និង​ការយល់​ពី​តម្លៃ​បេតិកភណ្ឌ​។ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លើកទឹកចិត្ត​ដល់​អាជីវករ​ដទៃទៀត​សហការ​ចូលរួម​កិច្ចការ​ទាំងនោះ ដើម្បីឱ្យ​អាជ្ញាធរ​សម្រេច​តាម​ផែន​ការដែល​គ្រោងទុក​។ តាម​ការបញ្ជាក់​ពី​លោក យិ​ត ចាន់​ដារ​ដ្ឋ សំណង់​អាគារ តូប​លក់ដូរ​តូចធំ​នៅ​បរិវេណ​មុខ​អង្គរវត្ត និង​ជិត​ត្រពាំង​សេស​សរុប​មាន​ជាង​១០០​តូប​។ 
 
​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍ អ្នកស្រី ម៉ោញ រតនា ដែល​ព្រម​រុះរើ​សំណង់​បាន​និយាយថា អ្នកស្រី​លក់ដូរ​នៅមុខ​អង្គរវត្ត​ជិត​២០​ឆ្នាំ​មកហើយ​។ ការព្រម​រុះរើ​នេះ​ដោយសារ​អ្នកស្រី​ចង់ឃើញ​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ និង​ចង់ឱ្យ​មុខ​អង្គរ​មាន​ទិដ្ឋភាព​ពណ៌​បៃតង ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើនឡើង​។ អ្នកស្រី​បានបង្ហាញ​អារម្មណ៍​រីករាយ​ទៅនឹង​ការរៀបចំ​សួនច្បារ និង​ការដាំ​ដើមឈើ​ធំៗ​ឡើងវិញ ដែល​ខុស​ពីមុន​មាន​រថយន្ត​ចូល​ចត​គ្មាន​សណ្ដាប់ធ្នាប់ ដី​ហ៊ុយ និង​ការលក់ដូរ​គ្មាន​របៀបរៀបរយ​។​ល​។​
 



​ចំណែក​លោក ងា​ត់ ផល្លី​ន ម្ចាស់​ភោជនីយដ្ឋាន​មុខ​ស្ពាន​អណ្ដែត​ទឹក​យល់ថា ការអភិវឌ្ឍ​តែងមាន​ការប៉ះពាល់​បន្ដិច​បន្ដួច ហើយ​លោក​យល់ព្រម​រើ​សំណង់​ដែល​ធ្លា​ប់លក់​ច្រើន​ឆ្នាំ​មកហើយ​នេះ ដោយសារ​ចង់ឃើញ​បរិវេណ​មុខ​អង្គរវត្ត​ប្រែ​មុខមាត់​ថ្មី​។ លោក​បន្ថែមថា​៖« ក្នុងនាម​ខ្ញុំ​ជា​អាជីវករ ខ្ញុំ​ស្ម័គ្រចិត្ត​រុះរើ​ប្រគល់​កន្លែង​ឱ្យ​អប្សរា​យកទៅ​អភិវឌ្ឍន៍​ធ្វើ​សួន  អង្គរវត្ត​ជា​បេតិកភណ្ឌ​របស់​ពិភពលោក យើង​ត្រូវការ​មុខមាត់​ដើម្បី​បង្ហាញ​ពិភពលោក​ពីអ្វី​ដែល​យើង​មាន ការលះបង់​ខ្ញុំ​ក៏​សោកស្ដាយ​ដែរ តែបើ​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន វា​មិនកើត​ទេ ដើម្បី​ប្រយោជន៍​ជាតិ យើង​ត្រូវ​លះបង់​»៕
 
 







Tag:
 អង្គរវត្ត​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com