បក្សី​ក្ងោក​ទេព​ដ៏​កម្រ​នៅ​កម្ពុជា កំពុង​ប្រឈម​ការបាត់បង់ ដែល​ទាមទារ​ជួយ​ការពារ​ទាំងអស់គ្នា​
ជាតិ
បក្សី​ក្ងោក​ទេព​ដ៏​កម្រ​នៅ​កម្ពុជា កំពុង​ប្រឈម​ការបាត់បង់ ដែល​ទាមទារ​ជួយ​ការពារ​ទាំងអស់គ្នា​
14, Jun 2020 , 3:59 pm        
រូបភាព
សត្វខ្សឹប ឬ បក្សីក្ងោកទេពញី។ រូបថត៖ WCS
សត្វខ្សឹប ឬ បក្សីក្ងោកទេពញី។ រូបថត៖ WCS
​កំពង់ធំ​៖ សត្វ​ខ្សឹប ឬ បក្សី​ក្ងោក​ទេព​ដ៏​កម្រ​នៅលើ​ពិភពលោក ដែលមាន​វត្ត​មាននៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ការបាត់បង់​ទីជម្រក​គួរឱ្យកត់សម្គាល់​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​នៃ​បក្សី​ដែល​រស់​នៅតាម​វាលស្មៅ​នេះ បាន​ធ្លាក់ចុះ​បន្តិចៗ​ម្តង​ពី​កម្ពុជា​។ បច្ចុប្បន្ន បក្សី​ប្រភេទ​នេះ​មាន​វត្ត​មាននៅ​កម្ពុជា​ចំនួន​១០៤​ក្បាល ខណៈ​ពិភពលោក​មាន​ចំនួន​សត្វ​នេះ​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើតាម លោក ស៊ុំ ភា​រុណ ទីប្រឹក្សាបច្ចេកទេស​តំបន់​ទេសភាព​បឹង​ទន្លេសាប នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ដោយ​អះអាងថា ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១២ គឺមាន​២៧៥​ក្បាល​។​

 
​លោក ស៊ុំ ភា​រុណ បាន​បញ្ជាក់ថា កត្តា​ដែល​ធ្វើឱ្យ​បាត​បង់​ឬ​ធ្លាក់ចុះ​នៃ​ចំនួន​សត្វ​នេះ គឺ​បណ្តាលមកពី​ការ​បំ​លែង​ពី​វាលស្មៅ​ធម្មជាតិ​ទៅជា​វាលស្រែ​ប្រាំង ប្រព័ន្ធធារាសាស្ត្រ ការ​បរបាញ់​សត្វ និង​ការបំពុល​នានា​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។  លើសពីនេះទៅទៀត ការរៀបចំ និង​ដំឡើង​បង្គោល​ត​ភ្ជាប់​អគ្គិសនី ពី​អាជា្ញធរ​បានធ្វើឱ្យ​សត្វ​ទាំងនោះ​ហើរ​បុក​ងាប់ ជារឿយៗ ដោយសារតែ​គ្មាន​ឧបករណ៍​ចំណាំង​ប្លាត​។​
 

លោក ស៊ុំ ភារុណ ទីប្រឹក្សាបច្ចេកទេសតំបន់តេសភាពបឹងទន្លេសាប នៃអង្គការWCS

​ក្នុង​ដំណើរ​ចុះ​ទីវាល​ស្វែងយល់​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​តំបន់ការពារទេសភាព​ភាគ ខាងជើង​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ លោក ស៊ុំ ភា​រុណ បាន​និយាយ​ដូច្នេះ​៖« ការបាត់បង់​ទីជម្រក​របស់​សត្វ​ខ្សឹប គឺ​ដោយសារ​វាលស្មៅ​ទំនាប​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប ត្រូវបាន​បំ​លែង​ទៅជា​វាលស្រែ​ស្រូវប្រាំង​ធំៗ ដែលជា​តម្រូវ​ការមូល​ដ្ឋា​ន​របស់​ពលរដ្ឋ​ក្នុង​តំបន់​ដើម្បី​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។ ប៉ុន្តែ​ការ​បំ​លែង​នេះ វា​បានរួម​ចំណែក​យ៉ាង​ធំ​ដែល​ធ្វើឱ្យ​បាត់បង់​សត្វ​ដ៏​កម្រ​នេះ នៅក្នុង​តំបន់​វាលស្មៅ​យើង​នេះ​»​។ 
 
​លោក បន្តថា រីឯ​ការប្រើប្រាស់​ថ្នាំពុល​គីមី​ដើម្បី​កម្ចាត់​សត្វ​ចង្រៃ​នានា​នៅក្នុង​តំបន់កសិកម្ម ជាមួយ​កំណើន​នៃ​សកម្មភាព​មនុស្ស​ក្នុងការ​បរបាញ់ និង​ដាក់​អន្ទាក់​សត្វ​ក៏បាន​ជះឥទ្ធិពល​ខ្លាំង ដល់​ការបាត់បង់​នៃ​សត្វ​កម្រ​នេះ ផងដែរ​។​
 
​បើតាម​ទីប្រឹក្សាបច្ចេកទេស​តំបន់​ទេសភាព​បឹង​ទន្លេសាប​រូបនេះ តំបន់​វាលស្មៅ​លិច​ទឹក​បឹង​ទន្លេសាប គឺមាន​សារៈសំខាន់​សម្រាប់​សត្វ​ខ្សឹប ឬ​បក្សី​ក្ងោក​ទេព ក្នុងការ​បន្ត​ពូជ នា​រដូវប្រាំង និង​រស់នៅក្នុង​រដូវ​វស្សា នៅ​តំបន់​ភាគ​ខាងជើង​ក្នុង​តំបន់​ព្រៃរបោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ទំនាប​បឹង​ទន្លេសាប​ទាំងមូល​នៅត្រឹមតែ​២​ភាគរយ​ប៉ុណ្ណោះ សម្រាប់​ប្រភេទ​សត្វ​ដ៏​កម្រ​ក្នុង​ពិភពលោក​នេះ​។ 


  សត្វខ្សឹប ឬបក្សីក្ងោកទេពឈ្មោល។ រូបថត៖ WCS

​លោក ស៊ុំ ភា​រុណ បាន​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​តែមួយគត់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ប្រទេស​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​ប្រទេស​ឥណ្ឌា​ដែលមាន​វត្តមាន​សត្វ​ខ្សឹប​រស់នៅ​ច្រើនជាងគេ នាពេល​បច្ចុប្បន្ន​។  ដើម្បី​រក្សា​សម្បត្តិ​ធម្មជាតិ​ដ៏​កម្រ​នេះ អង្គការ WCS បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា និង​ក្រសួងបរិស្ថាន​ដែលជា​អាជ្ញាធរ ក្នុងការ​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ ពិសេស​ការពារ​សត្វ​ខ្សឹប អប់រំ​ផ្សព្វផ្សាយ​អំពី​ការងារ​អភិរក្ស​សត្វ​ខ្សឹប  និង ការពារ​សំបុក​ពង​កូន​សត្វ​ខ្សឹប ក្នុងការ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។ 
 
​ក្នុង​ការចូល​អភិរក្ស​សត្វ​ខ្សឹប ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​បាន​យាម ឬ​រកឃើញ​សំបុក​ពង​របស់​សត្វ​ខ្សឹប នឹង​ទទួលបាន​ថវិកា​៤០​ដុល្លារ ក្នុង​មួយ​សំបុក​។ នេះ​បើតាម​លោក​ដដែល  ស៊ុំ ភា​រុណ ដោយបាន​បន្ថែមថា ការធ្វើ​បែបនេះ គឺជា​ការលើក​ចិត្ត​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​ដោយ​បង្វែ​លពី​ការ​បរបាញ់​សត្វព្រៃ​ងាក​មក​ចូលរួម​គ្នា​ការពារ និង​អភិរក្ស សត្វ​ខ្សឹប និង​សត្វ​នានា​ទៀត ផងដែរ​។ 
 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លើកឡើងថា សត្វ​ខ្សឹប​ជា​សត្វ​កម្រ​និង​ស្ថិតនៅក្នុង​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅលើ​ផែនដី ដែល​ទាមទារ​យ៉ាង​ចាំបាច់​ក្នុងការ​ចូលរួម​ការពា​រ​និង​អភិរក្ស​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ពី​សំណាក់​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ដែលជា​ទីជម្រក​សត្វ​ខ្សឹប​រស់នៅ​ពង​កូន​តែម្តង​។ លោក បន្តថា សត្វ​ខ្សឹប ដែល​ទទួលបាន​ការពា​រ​ដោយ​ច្បាប់​នោះ  គឺ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅក្រៅ​តំបន់​ការពារ និង​នៅតាម​តំបន់​ដែល​សកម្មភាព​អនុវត្ត​ច្បាប់ និង​ការចូលរួម​ពី​សហគមន៍​តំបន់ការពារធម្មជាតិ​នៅមានកម្រិត​នៅឡើយ​។​
 
​ដើម្បី​បង្កើន​ការអភិរក្ស​នៃ​សត្វ​កម្រ​នេះ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​នានា ពិសេស​អង្គការ WCS ក្នុងការ​ទប់ស្កាត់​និង​បង្ការ​កុំឱ្យ​មានការ​បរបាញ់​សត្វព្រៃ និង​សកម្មភាព​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​សត្វ​ខ្សឹប​នេះ​។ 
 


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ក្នុងដំណើរទស្សនៈកិច្ចតំបន់ការពារទេសភាពភាគខាងជើងបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីកាលរសៀលថ្ងៃទី១០មិថុនា ឆ្នាំ២០២០។

​លើសពីនេះ លោក នេត្រ ភក្ត្រា អះអាងថា ក្រសួងបរិស្ថាន​បាន​ប្រើ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៨​នាក់​ចុះ​ល្បាត ជា​រៀងរាល់ថ្ងៃ​នៅក្នុង​តំបន់​ទេសភាព​ភាគ​ខាងជើង​ទន្លេសាប ដើម្បី​ការពារ​តំបន់​ពង​កូន និង​ជម្រក​សត្វ​ខ្សឹប ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​ជម្រក​សត្វ​ខ្សឹប​។ ជាមួយគ្នានេះ​ក្រសួង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​កុំឱ្យ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ឬ​ថ្នាំពុល​គីមី​នានា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​សត្វ​ខ្សឹប​នេះ​។ 
 


សត្វខ្សឹប ស (ភឿក)។ រូបថត៖ WCS

​បើ​យោងតាម​ទិន្នន័យ​ជំរឿន​សត្វ​ខ្សឹប​របស់​អង្គការ WCS កាលពី​ឆ្នាំ​២០០៧  សត្វ​ដ៏​កម្រ​នេះ​មាន​វត្ត​មាននៅ​តំបន់ការពារទេសភាព​ភាគ​ខាងជើង​បឹង​ទន្លេសាប​កម្ពុជា ជិត​៤០០​ក្បាល ស្មើនឹង​៥៧,១៤​ភាគរយ នៃ​ចំនួន​សត្វ​ខ្សឹប​សរុប​នៅលើ​ពិភពលោក​។ ក្រៅពី​កម្ពុជា សត្វ​ខ្សឹប មាននៅ ប្រទេស​ឥណ្ឌា និង​នេប៉ាល ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំនួន​សត្វ​បាន​ធ្លាក់​នៅត្រឹម​ចំនួន​១១៧​ក្បាល ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ការធ្លាក់ចុះ​ជាង​២០០​ក្បាល​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​៕ 

Tag:
 ក្ងោក​ទេព​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com