កីឡាជាតិ
ជាតិ
ស្រួ​ង ភា​វី មាន​សិទ្ធិ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កូរ៉េខាងត្បូង បើ​ស្ត្រី​ខ្មែរ​រង​ការបំពាន​
14, Jun 2020 , 9:59 pm        
រូបភាព
សកម្មភាពរបស់កីឡាការិនី ស្រួង ភាវី ពេលជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង
សកម្មភាពរបស់កីឡាការិនី ស្រួង ភាវី ពេលជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង
ដោយ:
​កីឡាការិនី ស្រួ​ង ភា​វី មាន​សិទ្ធិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីក្រសួង​សមភាព​យេនឌ័រ និង​គ្រួសារ​របស់កូរ៉េ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជូន​ស្ត្រី​ខ្មែរ ដែល​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្នុងករណី​មានការ​បំពាន​។ ការទទួលបាន​សិទ្ធិ​នេះ កើតឡើង​ក្រោយពី​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ត្រូវបាន​កូរ៉េ​តែងតាំង​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មកា​រ​ស្ត្រី​នៃ​ក្រសួង​សមភាព​យេនឌ័រ និង​គ្រួសារ​របស់​កូរ៉េខាងត្បូង​។

 
​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​កម្ពុជា ស្រួ​ង ភា​វី ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង តែងតាំង​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មកា​រ​ស្ត្រី​នៃ​ក្រសួង​សមភាព​យេនឌ័រ និង​គ្រួសារ​របស់​កូរ៉េខាងត្បូង​។ បើតាម ភា​វី មុខតំណែង​នេះ នាង​ទទួលបាន​កាលពី​ថ្ងៃទី​២៧ មិថុនា  ឆ្នាំ​២០១៩ បន្ទាប់ពី នាង បានរួម​ចំណែក​ជួយ​ក្នុង​អំពើ​មនុស្សធម៌ និង​សាង​ស្នាដៃ​នានា​ជូន​ប្រទេស​កូរ៉េ និង​កម្ពុជា​។ ប៉ុន្តែ នាង មិន​បញ្ជាក់​លម្អិត​ពី​ស្នាដៃ ដែល​បាន​សាង​ទាំង​នោះឡើយ​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី យើង​សង្កេតឃើញថា កីឡាការិនី​វ័យ​៣០​ឆ្នាំ​រូបនេះ តែងតែ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែល​បានមកពី​ការប្រកួត​នានា​ប្រគល់ជូន និង​ទិញ​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​ជួយ​ដល់​ជនក្រីក្រ និង​ជនរងគ្រោះ​នានា​ទាំង​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​កម្ពុជា​។ នាង តែងតែ​ត្រូវបាន​ទូរទស្សន៍​កូរ៉េ​សម្ភាស​ពាក់ព័ន្ធ​នឹង​សកម្មភាព​មនុស្សធម៌ ប្រវត្តិ​ផ្ទាល់ខ្លួន និង​សមិទ្ធផល​នានា ដែល​នាង​សម្រេចបាន​។ កត្តា​ទាំងនេះហើយ​ដែល ភា​វី ចាត់ទុកជា​មូលហេតុ ដែល​ជួយ​ឲ្យ​រូបនាង​ទទួលបាន​តំណែង​ជា​គណៈកម្មការ​ស្ត្រី​នៅ​ប្រទេស​កូរ៉េ​។​
 
«​យើង​ជា​ស្ត្រី​ខ្មែរ​រៀបការ​នៅ​ប្រទេស​កូរ៉េ ហើយ​យើង​បាន​សាង​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​នៅ​ប្រទេស​កូរ៉េ​។ យើង ក៏​ជាម​នុស្ស​គំរូ​មួយ​សម្រាប់​មនុស្ស​នៅ​ជុំវិញខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​ពី​មូលហេតុ​បន្ថែម​របស់​កីឡាការិនី ស្រួ​ង ភា​វី ដែល​បាន​បន្ថែមថា មុខតំណែង​ជា​សមាជិក​គណៈកម្មការ​ស្ត្រី​នេះ មិន​ងាយ​មាន​ស្ត្រី​ណា​ទទួលបាន​នោះទេ​។ 
 
​សម្រាប់​មុខតំណែង​នេះ ភា​វី មាន​សិទ្ធិ​ចូលរួម​កិច្ចប្រជុំ​ធំៗ​របស់​ក្រសួង​សមភាព​យេនឌ័រ និង​គ្រួសារ​របស់​កូរ៉េខាងត្បូង​ហើយ​មាន​សិទ្ធិ​លើក​ជា​គំនិត និង​សំណើរ​ផ្សេងៗ​។ ជាពិសេស នាង មាន​សិទ្ធិ​ស្នើសុំ​ការអន្តរាគមន៍​ពី​ក្រសួង​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​ជូន​ស្ត្រី​កូរ៉េ និង​ស្ត្រី​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្នុងករណី​ពួកគេ​រង​ការបំពាន​ពី​ស្វាមី ឬ​ថៅកែ​។ 
 
«​ពលករ​គាត់​លំបាក ហើយ​ស្ត្រី​ខ្មែរ​ដែល​រៀបការ​រួច​ត្រូវ​ប្តី​ធ្វើបាប​ចេះ ធ្វើបាប​ចុះ ពេល​យើង​ស្នើ​គេ​(​ក្រសួង​សមភាព​យេនឌ័រ និង​គ្រួសារ​របស់​កូរ៉េខាងត្បូង​)​នឹង​ចុះទៅ​ជួយ​។ មាន​ស្ត្រី​ខ្មែរ​ខ្លះ​រៀបការ​មានកូន​ចូលសញ្ជាតិ​ខ្មែរ​ផង កូរ៉េ​ផង ហើយ​ត្រូវគេ​រើសអើង​អ៊ីចឹង យើង​ត្រូវ​រក​វិធី​ម៉េច​កុំ​ឲ្យ​គេ​រើសអើង​។ បើ​យើង​ដឹងថា ស្ត្រី ឬ​កម្មការិនី​ទាំងនោះ​លំបាក​មែន ខ្ញុំ​អាច​ស្នើសុំ​(​ការអន្តរាគមន៍​)​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី ស្រួ​ង ភា​វី​។ 
 
​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នៅ​ឆ្នាំ​២០១៣ ដោយ​ផ្តើមចេញពី​ការនាំ​របស់​ស្វាមី ជា​ជនជាតិ​កូរ៉េខាងត្បូង​។ ក្រោយ​ប្រឡូក​បាន​ប្រមាណ​៥​ឆ្នាំ នាង បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី Asian Championship 3-Cushion Ladies​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៨ កីឡាការិនី​រូបនេះ ទទួលបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​តួ​ក​គី មុន​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១៩​។   
 
​ទោះបី​កីឡាការិនី ស្រួ​ង ភា​វី មាន​ស្វាមី​ជា​ជនជាតិ​កូ​រ៉ និង​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏ដោយ តែ​រាល់​ភាពជោគជ័យ​នៅ​ឆាក​អន្តរជាតិ នាង តែង​តែង​លើក​ទង់ជាតិ និង​តំណាង​ឲ្យ​កម្ពុជា​ជានិច្ច​៕  
  

Tag:
 ស្នូកឃ័រ​
  ស្រួ​ង ភា​វី
© រក្សាសិទ្ធិដោយ thmeythmey.com