បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរជាតិអប្សរា កំពុងពិចារណារក្សារណ្ដៅកំណាយនៅប្រាសាទលលៃ ដើម្បីទាក់ទាញទេសចរ
× សៀមរាប៖ អស់រយៈពេលប្រមាណ៣ខែមកហើយ ដែលក្រុមបុរាណវិទូខ្មែរ កំពុងធ្វើកំណាយស្រាយជ្រាវជាលើកដំបូងនៅប្រាសាទលលៃ។ នៅការដ្ឋាននេះ បុរាណវិទូបានប្រទះឃើញសំណង់ស្លាកស្នាមនៃរចនាសម្ព័ន្ធជាច្រើនរបស់ប្រាសាទលលៃ ដែលកន្លងមកមានភស្ដុតាងតិចតួចបំផុត។ ការរកឃើញនេះជាអាថ៌កំបាំងដ៏ធំមិនធ្លាប់មាន ដូចជា កំពែង ខ្លោងទ្វារ និងកម្រាលឥដ្ឋជុំវិញប្រាសាទ ដែលបង្ហាញពីរចនាសម្ព័ន្ធធំធេងនៃសំណង់ប្រាសាទលលៃ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងពិចារណាក្នុងការរក្សារណ្ដៅកំណាយ សម្រាប់ឱ្យសាធារណជនបានឃើញ និងសិក្សាស្វែងយល់ពីប្រយោជន៍ក្នុងវិស័យទេសចរណ៍។
ព័ត៌មានពិស្ដារ សូមស្ដាប់សេចក្ដីរាយការណ៍ដោយផ្ទាល់របស់អ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅនេះ
ប្រាសាទលលៃ ត្រូវបានកសាងឡើងនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក លើកោះមួយដែលមានទួលថ្មបាយក្រៀមរាង៤ជ្រុង មានកម្ពស់២ថ្នាក់។ ប្រាសាទនេះសង់ឡើងនៅចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ដូនតាដែលមានរូបតំណាងដោយព្រះឥសូរ។ ឆ្លងកាត់សម័យកាលក្រោយមក និងដោយមានការផ្លាស់ប្ដូររាជធានីពីក្រុងហរិហរាល័យ(តំបន់រលួស) ទៅក្រុងយសោធរ (តំបន់អង្គរ) និងប្តូររាជធានីពីក្រុងយសោធរ ទៅក្រុងចតុមុខ ធ្វើឱ្យបណ្ដាប្រាសាទនានាក្នុងរាជធានីចាស់ រងការខូចខាត និងមានការចូលតាំងទីនិងសាងសង់សមណង់ថ្មីនៅលើប្រាសាទថែមទៀត កាន់តែធ្វើអោយរចនាសម្ព័ន្ធប្រាសាទមួយចំនួនរងការខូចខាត ។ ប្រាសាទលលៃ ជាប្រាសាទមួយដែលមានការតាំងទីថ្មីដោយមានការសង់ព្រះវិហារ និងកុដិនៅលើខឿន ដែលការណ៍នេះធ្វើឱ្យរចនាសម្ព័ន្ធមួយផ្នែកត្រូវបំផ្លាញ និងខ្លះទៀតកប់ទៅក្រោមដី។
ចាប់ពីដើមឆ្នាំ២០២០មក ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា មន្ត្រីសង្ឃ ក៏ដូចជាគណៈកម្មការវត្តលលៃ មានការព្រមព្រៀងរុះរើសំណង់កុដិ និងសាលាឆទានជាដើម ចុះមកសង់នៅផ្នែកខាងក្រោមវិញ។ ការងារនេះបានសម្រួលដល់បុរាណវិទូធ្វើកំណាយស្រាវជ្រាវ។ កំណាយដែលចាប់ពីពាក់កណ្ដាលខែ មីនា រហូតដល់ខែ មិថុនា ក្រុមបុរាណវិទូបានប្រទះឃើញស្លាកស្នាមជាច្រើននៃរចនាសម្ព័ន្ធប្រាសាទ ដែលជាអាថ៌កំបាំងមួយបន្ថែមពីការស្រាវជ្រាវរកឃើញផ្នែកខ្លះរបស់អ្នកស្រាវជ្រាវបារាំងកាលពីឆ្នាំ១៩៥១។
លោកបណ្ឌិត អ៊ា ដារិទ្ធិ បុរាណវិទូ និងជាអនុប្រធាននៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបាននិយាយថា ក្រុមការងារលោកបានប្រទះឃើញកំពែងឥដ្ឋ២ជាន់ ខ្លោងទ្វារ ស្នាមសសរឈើ បន្ទប់វែង និងកម្រាលឥដ្ឋពេញក្នុងបរិវេណកំពែង ក្នុងជម្រៅដីប្រហែល៦០ស.ម។ លោកបញ្ជាក់ថា នេះជាភស្ដុតាងថ្មី ដែលកន្លងមកមានភស្ដុតាងបន្ដិចបន្ដួចដែលអ្នកស្រាវជ្រាវបារាំងធ្លាប់បានធ្វើកំណាយម្ដងនៅឆ្នាំ ១៩៥១ នៅជ្រុងឦសាននៃតួប៉មទាំងបួន ហើយបានរកឃើញកំពែងថ្មបាយក្រៀម និងកម្រាលឥដ្ឋខ្លះដែរ។ ពីមុនយើងស្មានថាប្រាសាទលលៃមានតែតួប៉ម៤ទេ តែតាមពិតមានរចនាសម្ព័ន្ធនៅក្រោមដីច្រើន»។
ការស្ម័គ្រចិត្តរុះរើសំណង់ចុះពីលើប្រាសាទ បានសម្រួលដល់កិច្ចការងារជាច្រើនដល់ក្រុមអ្នកស្រាវជ្រាវ ដែលរហូតបានប្រទះឃើញស្លាកស្នាមជាច្រើនដែលកប់ក្រោមដីរាប់ពាន់ឆ្នាំកន្លងមកនេះ។ លោក អ៊ា ដារិទ្ធ ពន្យល់ថា ការធ្វើកំណាយនៅជ្រុងខាងកើត ខាងជើង និងជ្រុងខាងត្បូង ក្រៅពីរកឃើញកំពែងឥដ្ឋ ក្នុងនោះបុរាណវិទូក៏ប្រទះឃើញអាគាររាងទ្រវែងដែលមានគ្រឹះធ្វើពីឥដ្ឋ ស្នាមជើងសសរដែលមានអង្កត់ផ្ចិតប្រហែល២៥ស.ម ប្រវែងប្រហែល៣ម៉ែត្រពីគ្នា។ លោកបន្ថែមថា កំណកដីដែលលុបរចនាសម្ព័ន្ធប្រាសាទលលៃនេះមកពីការរួមផ្សំទាំងកត្ដាធម្មជាតិ និងកត្ដាមនុស្សដែលចាក់ដីដើម្បីសង់សំណង់ថ្មីនៅសម័យក្រោយនេះ។
អ្នកស្រាវជ្រាវក៏មានបំណងឱ្យលទ្ធផលកំណាយនេះផ្សព្វផ្សាយដល់សាធារណជនបានដឹងទូលំទូលាយផងដែរ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាកំពុងសិក្សាពីលទ្ធភាពក្នុងការរៀបចំបរិវេណកំណាយដើម្បីបើកជូនសាធារណជន ភ្ញៀវទេសចរជាតិ អន្ដរជាតិចូលទស្សនា ស្វែងយល់ពីអាថ៌កំបាំងផ្សេងៗដែលប្រទះឃើញ។ លោក អ៊ា ដារិទ្ធិ ពន្យល់ថា៖«សហប្រធានអាយស៊ីស៊ី-អង្គរ មន្ត្រីយូណេស្កូភ្នំពេញ បានចុះទៅមើលកន្លែងកំណាយ យើងបានសួរនាំយោបល់គាត់ ហើយថាប្រសិនបើយើងចង់រក្សាទុករបកគំហើញដែលរកឃើញ គួរគិតគូរពីបញ្ហាអភិរក្ស ពិសេសបញ្ហាភ្លៀង បញ្ហាកម្ដៅ តើវាអាចប៉ះពាល់ដល់ឥដ្ឋទេ ប្រសិនយើងចង់បើកគួរគិតពីបញ្ហាការអភិរក្សសំណង់កម្រាលឥដ្ឋ និងកំពែងឥដ្ឋដែលរកឃើញ តែបើលុបវិញថ្ងៃក្រោយអាចបើកស្រាវជ្រាវឡើងវិញបន្តទៀត»។
ជាមួយនឹងវិសាលភាពនៃការរកឃើញទីអាថ៌កំបាំងជាច្រើននៅប្រាសាទលលៃនៅពេលនេះ គឺជាផ្នែកដ៏តូចមួយសម្រាប់ការងារស្រាវជ្រាវតែប៉ុណ្ណោះ។ បុរាណវិទូ កំពុងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ ថាតើគួរបន្តឬផ្អាក ដ្បិតថាអាថ៌កំបាំងនៅមានច្រើនទៀតដែលគួរត្រូវបើកកំកាយបន្តដើម្បីលាតត្រដាងចងក្រងជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ៕
Tag:
ប្រាសាទលលៃ
កំណាយ
បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com