ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! “សសៃពួរ” អាចនឹងខូចខាតដោយសារទម្លាប់ទាំងនេះ
× សសៃពួរ គឺជាលិកាបត់បែនបានចាំបាច់បំផុតមួយដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង ហើយក្នុងរាងកាយមានផ្ទុកសសៃពួរដល់ទៅប្រមាណ ៤០០០ ឯណោះ។ ក្រៅពីតភ្ជាប់សាច់ដុំទៅនឹងឆ្អឹងហើយនោះ សសៃពួរក៏ជួយឱ្យអ្នកអាចធ្វើចលនាសន្លាក់ផ្សេងៗបានផងដែរ។ ដូច្នេះការរក្សាសុខភាពសសៃពួរល្អប្រសើរ គឺសំខាន់ណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរបញ្ឈប់ដើម្បីរក្សាសុខភាពសសៃពួរ ៖
១. មិនកម្ដៅសាច់ដុំមុនពេលធ្វើលំហាត់ប្រាណ
ការកម្ដៅសាច់ដុំមិនត្រឹមតែជួយសម្រួលសាច់ដុំសម្រាប់ការធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អចំពោះសសៃពួរផងដែរ។ ការកម្ដៅសាច់ដុំមុនពេលធ្វើលំហាត់ប្រាណជួយការពារសសៃពួរមិនឱ្យងាយនឹងរងរបួស។
២. ជក់បារី
ក្រៅពីជះឥទ្ធិពលខ្លាំងក្លាលើសុខភាពសួតនិងបេះដូងហើយនោះ ការជក់បារីក៏មិនល្អសម្រាប់សសៃពួរដូចគ្នា។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាការជក់បារីអាចបណ្ដាលឱ្យសសៃពួរជួបប្រទះបញ្ហាខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមចាំបាច់ដោយសារចរន្តឈាមរត់មិនប្រក្រតី។
៣. មិនសម្រាកសោះ
ការផ្ដល់ពេលវេលាខ្លះឱ្យសន្លាក់របស់អ្នកបានសម្រាកខ្លះ គឺចាំបាច់ណាស់។ ជាពិសេសប្រសិនបើសសៃពួររបស់អ្នកកំពុងហើមនិងឈឺចាប់។
៤. អសកម្មភាពរាងកាយពេក
ការសម្រាកច្រើនពេកមិនលំហាត់ប្រាណ ឬសកម្មភាពរាងកាយសោះក៏មិនល្អចំពោះសសៃពួរ សន្លាក់ ព្រមទាំងសុខភាពរាងកាយទាំងមូលផងដែរ។
៥. របបអាហារគ្មានសុខភាពល្អ
សសៃពួរត្រូវការកូឡាជែនគ្រប់គ្រាន់ដើម្បីរក្សាបាននូវភាពរឹងមាំប្រសើរ។ ហើយកូឡាជែនជាអ្វីមួយដែលរាងកាយធ្វើការសំយោគដោយមានជំនួសពីវីតាមីន។ ដូច្នេះទើបកង្វះវីតាមីន C ក្នុងរបបអាហារអាចបណ្ដាលឱ្យសសៃពួរងាយនឹងរងរបួស ព្រមទាំងរលាក។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសរបបអាហារដែលមានតុល្យភាពនិងប្រាកដថាសសៃពួរអាចទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដូចជាម៉ង់កាណែស ម៉ាញ៉េស្យូម ស័ង្កសី និងវីតាមីន B៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com