សង្គមជាតិ
អន្តរជាតិ
SIPRI៖ ឆ្នាំ២០១៩ អាវុធនុយក្លេអ៊ែរលើពិភពលោកធ្លាក់ចុះជិត៤៧០គ្រាប់ មីស៊ីលបាលីស្ទិកអន្តរទ្វីប YARS RS-24 របស់រុស្ស៊ី ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ។ រូបភាព AFP
× ចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោកក្នុងឆ្នាំ២០២០ មានតិចជាងចំនួនអាវុធនេះក្នុងឆ្នាំ២០១៩ ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ដែលចេញនៅថ្ងៃទី១៥ ខែមិថុនា។ អាមេរិក និងរុស្ស៊ី រួមចំណែកច្រើនជាងគេក្នុងការកាត់បន្ថយបរិមាណអាវុធប្រល័យលោកនេះ ប៉ុន្តែ SIPRI ព្រមានថា វិវាទរវាងមហាអំណាចទាំងពីរ អាចនាំទៅរកការប្រណាំងប្រជែងអាវុធដូចក្នុងសង្គ្រាមត្រជាក់។
មហាអំណាចបន្តនាំគ្នាធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ឯខ្លះទៀតបង្កើនបរិមាណអាវុធនេះក្នុងឃ្លាំងរបស់ពួកគេ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ថា SIPRI បញ្ជាក់បែបនេះក្នុងរបាយការណ៍របស់ខ្លួនស្ដីពីអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងការអភិវឌ្ឍអាវុធប្រល័យលោកនេះ ចំនួននុយក្លេអ៊ែរក្នុងឃ្លាំងរបស់មហាអំណាច ក៏បានធ្លាក់ចុះដែរ។
ក្នុងរបាយការណ៍របស់ខ្លួន SIPRI ប៉ាន់ប្រមាណថា មហាអំណាចនុយក្លេអ៊ែរទាំង៩មានអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង មាននុយក្លេអ៊ែរសរុប១៣៤០០គ្រាប់នៅដើមឆ្នាំ២០២០ ។ បើធៀបនឹងរយៈពេលដូចគ្នានៅដើមឆ្នាំ២០១៩ ដែលមាន១៣៨៦៥គ្រាប់ គឺធ្លាក់ចុះ៤៦៥គ្រាប់។ រុស្ស៊ី និងអាមេរិក ដែលមានបរិមាណនុយក្លេអ៊ែរបូកបញ្ចូលគ្នាច្រើនជាង៩០ភាគរយនៃចំនួនទាំងអស់ គឺជាប្រទេសដែលបានកាត់បន្ថយចំនួននុយក្លេអ៊ែរច្រើនជាងគេផងដែរ។
បើតាមវិទ្យាស្ថាននេះ អាមេរិកមានក្បាលនុយក្លេអ៊ែរសរុបនៅឆ្នាំ២០២០ចំនួន៥៨០០គ្រាប់ ក្នុងនោះ១៧៥០គ្រាប់ ត្រូវបានបំពាក់លើនាវា ឬពង្រាយនៅតាមអង្គភាពប្រយុទ្ធ ខណៈ៤០៥០គ្រាប់ទុកក្នុងឃ្លាំង ដោយខ្លះជាគ្រាប់បម្រុង ឯខ្លះទៀតជាគ្រាប់ត្រៀមបំផ្លាញចោល។ រុស្ស៊ីវិញមានក្បាលនុយក្លេអ៊ែរចំនួន៦៣៧៥ ដោយ១៥៧០គ្រាប់ ត្រូវបានពង្រាយក្នុងលក្ខណៈប្រយុទ្ធ និងសេសសល់ប៉ុន្មានទៀតរក្សាទុកក្នុងឃ្លាំង ឬត្រៀមរំសាយដូចអាមេរិកដែរ។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ចិនមិនមានគ្រាប់នុយក្លេអ៊ែរពង្រាយដើម្បីធ្វើប្រតិបត្តិការឡើយ ដោយ SIPRI បញ្ជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែរដែលចិនមានសព្វថ្ងៃចំនួន៣២០ ស្ថិតក្នុងឃ្លាំងទាំងអស់ តែកំពុងបង្កើនចំនួនក្បាលគ្រាប់បន្ថែមទៀត។ តាមពិតទៅ ចិនធ្លាប់ប្រកាសហើយថា អាវុធនុយក្លេអ៊ែររបស់ខ្លួនមិនប្រើប្រាស់ដើម្បីវាយប្រហារប្រទេសណាមួយមុនឡើយ គឺប្រើក្នុងគោលដៅការពារខ្លួនប៉ុណ្ណោះ។
យ៉ាងណាមិញ ស្ថាប័នស្រាវជ្រាវខាងលើលើកឡើងថា ចិនកំពុងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីប្រើប្រាស់នុយក្លេអ៊ែរទាំងបីផ្លូវ។ ពោល គឺចិនពង្រឹងសមត្ថភាពបាញ់នុយក្លេអ៊ែរពីលើដីផង ដោយផ្លូវអាកាសមានយន្តហោះដឹកនុយក្លេអ៊ែរផង និងនាវាបាញ់មីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរផង។ កន្លងទៅ ចិនក៏បដិសេធចូលចរចាជាមួយអាមេរិក និងរុស្ស៊ីលើការកាត់បន្ថយចំនួនអាវុធនេះផងដែរ។
អាមេរិក និងរុស្ស៊ី គ្រោងចាប់ផ្ដើមការចរចាលើការបន្តសុពលភាពសន្ធិសញ្ញាកាត់បន្ថយនុយក្លេអ៊ែរថ្មី (New START) ដែលចប់អាណត្តិនៅខែកុម្ភៈ ឆ្នាំ២០២១ ។ ប៉ុន្តែលោក Shannon Kile នាយកផ្នែកការកាត់បន្ថយអាវុធរបស់ SIPRI លើកក្ដីបារម្ភថា ការបាត់ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីអាចនាំទៅរកការរត់ប្រណាំងផ្នែកសព្វាវុធឡើងវិញ៕
Tag:
អាមេរិក
រុស្ស៊ី
SIPRI
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com