ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បាន​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ជាង​កន្លះ​តោន នាំចូល​មកពី​ថៃ
15, Jun 2020 , 10:19 pm        
រូបភាព
​រថយន្ត​តូ​យូ​តា​១​គ្រឿង ផ្ទុក​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​៩​កេស មាន​ទម្ងន់​៥៤០​គីឡូក្រាម ដែល​ឈ្មួញ​លួច​ដឹក​ចេញពី​ថៃ ចូលមក​កម្ពុជា តាម​ច្រករបៀង ត្រូវ​កម្លាំង​គរ​បាល ឃាត់​នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​ល​បា​ជាតិ នៅ​ថ្ងៃទី​១៥ ខែមិថុនា​។


​លោក​វរសេនីយ៍ទោ យឹម នី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការ​វេច​ខ្ចប់​គ្រឿងក្នុង​ជ្រូក​ទាំងអស់នោះ គឺ​ខុស​លក្ខណៈ​បច្ចេកទេស ទើប​នាំ​ឲ្យ​ខូចគុណភាព​។ គ្រឿងក្នុង​ជ្រូក​ទាំងអស់នោះ ត្រូវបាន​យកទៅ​កម្ទេចចោល ហើយ​អ្នកបើកបរ​រថយន្ត ត្រូវ​បញ្ជូនទៅ​តុលាការ​។​
 
​នគរបាលជាតិ បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​នៃ​ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ គេ តែង​សង្កេតឃើញ ទំនិញ​ខុសច្បាប់​ដែល​ខូចគុណភាព ពិសេស​គឺ​គ្រឿងក្នុង​ជ្រូក ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ជា​បន្តបន្ទាប់ ដោយសារ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​»៕
 
 

Tag:
 គ្រឿងក្នុង​ជ្រូក​ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com