កីឡាជាតិ
ជាតិ
កីឡាការិនី​ប៉េតង់​៥​រូប ត្រូវបាន​សហព័ន្ធ​ដាក់​ឲ្យ​ប្រកួត​ការពារ​កៅអី​ជម្រើសជាតិ​
16, Jun 2020 , 7:59 am        
រូបភាព
ដោយ:
​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​៥​រូប ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដាក់​ឲ្យ​ប្រកួត​ការពារ​កៅអី​ជម្រើសជាតិ​ជាមួយ​កីឡាការិនី​មកពី​ក្លិប​-​សមាគម​តាម​បណ្តា​រាជធានី​ខេត្ត​នានា​។ នេះ​ជា​ឱកាសល្អ​សម្រាប់​កីឡាការិនី​មកពី​តាម​បណ្តា​រាជធានី​ខេត្ត ដែល​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​។



 
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការរៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​កីឡាការិនី​ជម្រើសជាតិ​៥​រូប ដើម្បី​បង្គ្រប់​ចំនួន​សម្រាប់​ត្រៀម​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០២០​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​នេះ​ជាការ​ប្រកួត​ការពារ​កៅអី​ជម្រើសជាតិ ដ្បិត​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹងដាក់​កីឡាការិនី​ជម្រើសជាតិ​៥​រូប ដែលមាន​ពិន្ទុ​ទាប​ជាងគេ​ក្នុងចំណោម​កីឡាការិនី​ជម្រើសជាតិ​ទាំង​១៧​រូប​ឲ្យ​ចូលរួម​ប្រកួតប្រជែង​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ឹម ខេមរា សេនាធិការ​នៃ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា តែ​លោក មិន​បញ្ចេញ​ឈ្មោះ​កីឡាការិនី​ទាំង​៥​រូបនេះ​ឡើយ​។​
 
​នេះ​ជាការ​ឱកាស សម្រាប់​កីឡាការិនី​មកពី​ក្លិប​សមាគម​តាម​បណ្តា​រាជធានី​-​ខេត្ត ដែល​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ និង​តំណាង​ឲ្យ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ កីឡាការិនី ដែល​អាច​ចូលរួម​ក្នុងការ​ប្រកួត​នេះ​បាន ត្រូវមាន​កាយសម្បទា​ន​គ្រប់គ្រាន់ មាន​អាយុ​ចន្លោះ​ពី​១៨-២៥​ឆ្នាំ និង​ជា​កីឡាការិនី​មកពី​តាម​ក្លិប​សមាគម ដែលជា​សមាជិក​របស់​សហព័ន្ធ​។ កីឡាការិនី​ទាំងអស់​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​៕ 
 
 

Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com